អន្តរជាតិ

កូរ៉េខាងត្បូងបានដាក់បម្រាមការធ្វើដំណើរលើមន្ត្រីជាន់ខ្ពស់បន្ថែមទៀត

ប្រែសម្រួល៖ស-សម្បត្តិ

សេអ៊ូល៖ អាជ្ញាធរកូរ៉េខាងត្បូងបានហាមឃាត់មន្ត្រីជាន់ខ្ពស់បន្ថែមទៀតមិនឱ្យចាកចេញពីប្រទេស កាលពីថ្ងៃអង្គារ (ថ្ងៃទី១០ ខែធ្នូ) តាមការរាយការណ៍របស់សារព័ត៌មាន Yonhap បន្ទាប់ពីការប៉ុនប៉ងដ៏បរាជ័យរបស់ប្រធានាធិបតី យុន ស៊ុក យ៉ូល ក្នុងការដាក់ច្បាប់អាជ្ញាសឹក។

មួយថ្ងៃបន្ទាប់ពីលោក យុន ផ្ទាល់ត្រូវបានដាក់បម្រាមធ្វើដំណើរ គណបក្សរបស់លោកកំពុងរៀបចំ “ផែនការលាលែងតំណែង” ដែលតាមរបាយការណ៍អាចនឹងឃើញលោកចុះចេញពីតំណែងនៅខែកុម្ភៈ ឬខែមីនា មុនការបោះឆ្នោតថ្មី។

លោក យុន បានព្យួរការគ្រប់គ្រងសុីវិលកាលពីមួយសប្តាហ៍មុន និងបានបញ្ជូនកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រទៅសភា មុនពេលសមាជិកសភាបង្ខំឱ្យលោកដកច្បាប់នេះវិញនៅក្នុងប្រទេសមួយដែលត្រូវបានចាត់ទុកថាជាប្រជាធិបតេយ្យស្ថិតស្ថេរ។

អ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតប្រធានាធិបតី និងក្រុមមន្ត្រីសម្ព័ន្ធមិត្ត – ដែលភាគច្រើនមកពីសាលារៀនតែមួយ – ពីបទប៉ុនប៉ងបះបោរទាក់ទងនឹងព្រឹត្តិការណ៍វិសាមញ្ញទាំងនេះ។

នៅថ្ងៃអង្គារ លោក ឆូ ជីហូ អគ្គស្នងការនគរបាលជាតិកូរ៉េ និងមន្ត្រីនគរបាលជាន់ខ្ពស់ពីររូបទៀត បានក្លាយជាជនចុងក្រោយដែលត្រូវបានហាមឃាត់ការធ្វើដំណើរទៅបរទេស តាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap។

អតីតរដ្ឋមន្ត្រីការពារជាតិ និងមហាផ្ទៃ មេបញ្ជាការច្បាប់អាជ្ញាសឹក ឧត្តមសេនីយ ផាក អានស៊ូ និងមេបញ្ជាការប្រឆាំងការស៊ើបការណ៍ការពារជាតិ យូ អ៊ីនហ៊្យុង ត្រូវបានកម្រិតឱ្យស្ថិតនៅក្នុងដែនដីកូរ៉េខាងត្បូងរួចហើយ។

លោក គីម យ៉ុងហ៊្យូន អតីតរដ្ឋមន្ត្រីការពារជាតិ ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យ ហើយនៅចុងថ្ងៃចន្ទ ព្រះរាជអាជ្ញាបានដាក់ដីកាចាប់ខ្លួនជាផ្លូវការប្រឆាំងនឹងលោក។

បទចោទប្រកាន់រួមមាន “ការចូលរួមក្នុងភារកិច្ចសំខាន់ៗក្នុងអំឡុងពេលបះបោរ” និង “ការរំលោភអំណាច ដើម្បីរារាំងការអនុវត្តសិទ្ធិ”។

តុលាការក្រុងសេអ៊ូលនឹងធ្វើសវនាការនៅថ្ងៃអង្គារនេះ ដើម្បីសម្រេចថាតើត្រូវចេញដីកាចាប់ខ្លួនលោក គីម ដែរឬទេ ដែលជាការសម្រេចរបស់តុលាការលើកដំបូងទាក់ទងនឹងវិបត្តិច្បាប់អាជ្ញាសឹកនេះ។

លោក គីម បានធ្វើសេចក្តីថ្លែងការណ៍សុំទោសកាលពីថ្ងៃអង្គារ ដោយលើកឡើងថា “ការទទួលខុសត្រូវទាំងអស់ចំពោះស្ថានការណ៍នេះគឺជារបស់ខ្ញុំតែម្នាក់”។

លោក គីម បាន “សុំទោសយ៉ាងជ្រាលជ្រៅ” ចំពោះប្រជាជនកូរ៉េខាងត្បូង និងបានមានប្រសាសន៍ថា អ្នកក្រោមបង្គាប់របស់លោក “គ្រាន់តែធ្វើតាមបញ្ជារបស់ខ្ញុំ និងបំពេញភារកិច្ចដែលបានចាត់តាំងប៉ុណ្ណោះ” ក្នុងសេចក្តីថ្លែងការណ៍តាមរយៈមេធាវីរបស់លោក។

  • “រដ្ឋប្រហារលើកទីពីរ”

លោក យុន បានរួចផុតពីការដកតំណែងនៅក្នុងសភាកាលពីថ្ងៃសៅរ៍ ខណៈដែលប្រជាជនរាប់ម៉ឺននាក់បានប្រឈមមុខនឹងសីតុណ្ហភាពត្រជាក់ ដើម្បីទាមទារឱ្យលោកចុះចេញពីតំណែង។

ក្រុមសង្គមស៊ីវិលបានរៀបចំការតវ៉ាដោយដុតទៀនបន្ថែមទៀតនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ ដោយមានមនុស្សរាប់ពាន់នាក់នៅខាងក្រៅសភានៅក្រុងសេអ៊ូល។

សំណើដកតំណែងបានបរាជ័យ បន្ទាប់ពីសមាជិកគណបក្សប្រជាជនមានអំណាច (PPP) របស់លោក យុន បានដើរចេញពីសភា ដែលធ្វើឱ្យខ្វះសំឡេងភាគច្រើនពីរភាគបីដែលចាំបាច់។

គណបក្ស PPP និយាយថា ជាថ្នូរនឹងការនេះ លោក យុន អាយុ ៦៣ឆ្នាំ បានយល់ព្រមប្រគល់អំណាចទៅនាយករដ្ឋមន្ត្រី និងប្រធានគណបក្ស ដែលធ្វើឱ្យគណបក្សប្រឆាំងចោទប្រកាន់ថាជា “រដ្ឋប្រហារលើកទីពីរ”។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា គណបក្ស PPP នឹងប្រកាស “ផែនការលាលែងតំណែង” ក្នុងពេលឆាប់ៗនេះ ដើម្បីជៀសវាងសំណើដកតំណែងថ្មី ដែលគណបក្សប្រឆាំងចង់ដាក់ជូនសមាជិកសភានៅថ្ងៃសៅរ៍។

ក្រុមការងារពិសេសរបស់គណបក្សក៏កំពុងពិនិត្យជម្រើសពីរផងដែរ រួមទាំងការឱ្យលោក យុន លាលែងនៅខែកុម្ភៈ ដោយមានការបោះឆ្នោតនៅខែមេសា ឬចុះចេញនៅខែមីនា ដោយមានការបោះឆ្នោតនៅខែឧសភា៕

ប្រភព៖ AFP/gs