ដោយ :បន្ទាយ
ភ្នំពេញ :លោករ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តសិស្សទទួលបានជយលាភី និទ្ទេស A និង និទ្ទេស B សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលពិធីនេះបានធ្វើឡើងនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស។
លោកឧត្តមសេនីយ៍ឯកបានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗសិស្សានុសិស្ស ដែលបានសម្រេចជោគជ័យនាពេលនេះ ក៏ដូចជាសម្តែងការកោតសរសើរចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នាឱកាសនោះ លោលរ័ត្ន ស្រ៊ាង បានធ្វើការប្រគល់រង្វាន់ដល់សិស្ស និទ្ទេសA និង និទ្ទេសB នៅវិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹសទាំង៨នាក់ ដោយសិស្សនិទ្ទេសA ឆ្នាំនេះ មានឈ្មោះ វុទ្ធី សុខសេរីវិវឌ្ឍនា ភេទប្រុស ទទួលបានម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២៥ មួយគ្រឿង រួមជាមួយកុំព្យូទ័រយួរដៃ០១គ្រឿង និងសិស្សនិទ្ទេសB ចំនួន០៧នាក់ ក្នុងម្នាក់ៗទទួលបានព្យូទ័រយួរដៃ ០១គ្រឿង រួមជាមួយថវិកា៤០ម៉ឺនរៀលផងដែរ។ ដោយការផ្តល់រង្វាន់លើកទឹកចិត្តនាពេលនេះ ធ្វើឡើងតាមអ្វីដែលលោក រ័ត្ន ស្រ៊ាង បានសន្យានិងធ្លាប់បានអនុវត្តជាច្រើនឆ្នាំកន្លងមកហើយ៕