សន្ដិសុខសង្គម

រថយន្តដឹកទំនិញធុនធំបើកបុ.កចំស្រី្តម្នាក់ជិះម៉ូតូបណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែង

ដោយ៖សហការី

ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់នៅក្រោមរថយន្តយ៉ាងរន្ធត់ខណៈពេលជិះម៉ូតូលឿនត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងបួងចង្កូតបត់ជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូនិងមនុស្សជាប់ក្រោមរថយន្ត។

ហេតុការណ៍ខាងលើនេះគឺបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ខែធ្នូ  ឆ្នាំ២០២៤ ចំណុចស្តុបណូគារ ស្ថិតនៅលើផ្លូវ២០០៤ កែងផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ុន លីយ៉ា អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ប្រភពពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1JH-7447 ម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនឆ្លងស្តុប។ ខណៈពេលឆ្លងដល់ពាក់កណ្តាលភ្លើងស្តុបស្រាប់តែគេឃើញមានរថយន្តម៉ាក ហ៊ីយន់ដាយ ដឹកទំនិញធុនធំមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E-3792 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាគ្នាពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវ២០០៤ ស្រាប់តែជ្រុលទៅបុកចំពីមុខម៉ូតូរួចកិនពីលើបណ្តាលឲ្យស្លាប់នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះដែរអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនតែត្រូវបានកម្លាំងអាវុធហត្ថតាមឃាត់បានយកទៅប៉ុស្ដិ៍នគបាលសង្កាត់អូរបែកក្អម សួរនាំបន្ត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕