អន្តរជាតិ

ភ្នំភ្លើងកាន់ឡនក្នុងតំបន់កណ្តាលហ្វីលីពីនផ្ទុះ ការជម្លៀសប្រជាជនកំពុងដំណើរការ

ប្រែសម្រួល៖ តារា

ម៉ានីឡា៖ ភ្នំភ្លើងមួយក្នុងតំបន់កណ្តាលហ្វីលីពីនបានផ្ទុះជាលើកទីពីរក្នុងឆ្នាំនេះ ដែលបណ្តាលឱ្យមានការជម្លៀសបន្ទាន់ បន្ទាប់ពីបានបញ្ចេញកំសួលផ្សែងធំមួយទៅលើមេឃ នេះបើយោងតាមអាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃចន្ទ (ថ្ងៃទី៩ ធ្នូ)។

ភ្នំកាន់ឡន ជាភ្នំភ្លើងសកម្មដែលស្ថិតនៅក្នុងខេត្តណេហ្គ្រូសអុកស៊ីដង់តាល់ និងណេហ្គ្រូសអរៀនតាល់ នៃប្រទេសអាស៊ីអាគ្នេយ៍នេះ បានបញ្ចេញពពកផ្សែងកម្ពស់ប្រមាណ៤គីឡូម៉ែត្រទៅលើមេឃ នៅវេលាម៉ោងប្រមាណ៣រសៀលតាមម៉ោងក្នុងស្រុក។

វិទ្យាស្ថានភូគព្ភសាស្ត្រ និងភ្នំភ្លើងហ្វីលីពីន (Phivolcs) បានដំឡើងកម្រិតព្រមានរបស់ខ្លួនទៅដល់កម្រិត៣ ក្នុងចំណោមកម្រិត៥។ កម្រិត៣ មានន័យថាមានហានិភ័យកើនឡើងនៃលំហូរទឹកភ្នំភ្លើង និងសក្តានុពលនៃការផ្ទុះគ្រោះថ្នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

លោក ធេរេស៊ីតូ បាកុលកុល នាយកវិទ្យាស្ថាន Phivolcs បានមានប្រសាសន៍តាមទូរស័ព្ទថា “យើងមិនទាន់អាចបញ្ជាក់បានថានេះជាការផ្ទុះម៉ាក់ម៉ានៅឡើយទេ។ ប៉ុន្តេសម្រាប់ពេលនេះ យើងគ្រាន់តៅហៅវាថាជាការផ្ទុះដែលបង្កឱ្យមានការផ្ទុះ”។

លោកបានបន្ថែមថា “វាអាចនាំទៅដល់ការមិនស្ងប់ស្ងាត់នៃម៉ាក់ម៉ា”។

ភ្នំកាន់ឡន គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មជាង២០ នៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅលើ “រង្វង់ភ្លើង” ប៉ាស៊ីហ្វិក ជាកន្លែងដែលសកម្មភាពភ្នំភ្លើង និងការរញ្ជួយដីកើតឡើងជាទូទៅ។

លោក ប្រីល សាណ័រ មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយនៅខេត្តណេហ្គ្រូសអុកស៊ីដង់តាល់ បាននិយាយតាមទូរសព្ទថា “អង្គភាពរដ្ឋបាលមូលដ្ឋានមួយចំនួន (LGU) បានចាប់ផ្តើមជម្លៀសប្រជាជន។ មានផ្សែងភ្នំភ្លើងធ្លាក់រួចហើយនៅតាម LGU ដែលនៅជិតភ្នំកាន់ឡន”។

ការិយាល័យការពារស៊ីវិលបានឱ្យដឹងថា ការជម្លៀសបន្ទាន់កំពុងដំណើរការសម្រាប់ប្រជាជនដែលរស់នៅជិតភ្នំភ្លើង ដោយមិនបានបញ្ជាក់ថាមានប្រជាជនប៉ុន្មាននាក់ត្រូវបានជម្លៀសនោះទេ។ ប្រជាជនប្រមាណ៥៤,០០០នាក់អាចរងផលប៉ះពាល់ដោយសារការផ្ទុះនេះ។

ការិយាល័យការពារស៊ីវិលបានថ្លែងក្នុងសេចក្តីប្រកាសមួយថា “អាជ្ញាធរកំពុងត្រៀមខ្លួនសម្រាប់ករណីអាក្រក់បំផុតនៃការដំឡើងកម្រិតព្រមាន… ដែលនឹងតម្រូវឱ្យមានការជម្លៀស និងវិធានការសុវត្ថិភាពបន្ថែម”។

អាជ្ញាធរអាកាសចរស៊ីវិលបានឱ្យដឹងថា ជើងហោះហើរនៅជិតភ្នំកាន់ឡនកំពុងដំណើរការជាធម្មតា ប៉ុន្តេបានណែនាំអ្នកបើកបរយន្តហោះឱ្យជៀសវាងការហោះហើរជិតភ្នំភ្លើងនេះ។

ខេត្តណេហ្គ្រូសអុកស៊ីដង់តាល់ និងណេហ្គ្រូសអរៀនតាល់ គឺជាតំបន់ផលិតអំពៅសំខាន់ៗ។

កាលពីខែកញ្ញា ប្រជាជនរាប់រយនាក់ដែលរស់នៅជិតនោះត្រូវបានជម្លៀស បន្ទាប់ពីភ្នំភ្លើងបានបញ្ចេញឧស្ម័នមានគ្រោះថ្នាក់រាប់ពាន់តោនក្នុងមួយថ្ងៃ។

វិទ្យាស្ថានរញ្ជួយដីបានឱ្យដឹងថា ភ្នំកាន់ឡនបានផ្ទុះជាង៤០ដងចាប់តាំងពីឆ្នាំ១៨៦៦មក។

ក្នុងឆ្នាំ១៩៩៦ អ្នកដើរភ្នំចំនួន៣នាក់បានស្លាប់ដោយសារការបញ្ចេញផ្សែងពីភ្នំភ្លើងនេះ៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន/lh/cm Copy