សន្ដិសុខសង្គម

ឃាត់ខ្លួននិងបញ្ជូនមនុស្ស៣នាក់ករណីបង្ក្រាបល្បែងអនឡាញរបស់ក្រុមហ៊ុន «មហាលាភសម្បត្តិ»នៅស្រុកបារាយណ៍

ដោយ : បន្ទាយ

កំពង់ធំ៖កម្លាំងនគរបាលនិងអាវុធហត្ថស្រុកបារាយណ៍ បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក សុទ្ធ ម៉ារី អភិបាលរងស្រុក រួមទាំងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍បល្ល័ង្ក បានធ្វើការបង្ក្រាបល្បែងអនឡាញខុសច្បាប់មួយកន្លែងរបស់ក្រុមហ៊ុន«មហាលាភសម្បត្តិ» ដោយបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ និងដកហូតសម្ភារមួយចំនួន។

ប្រតិបត្តិការនេះនៅម៉ោងប្រមាណ១៤និង២០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងមួយកន្លែងនៅផ្ទះឈ្មោះអ៊ី ឡូ ស្ថិតនៅភូមិតាត្រាវ ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងកាលពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៤ ថា : ការបង្ក្រាបនេះឃាត់ខ្លួនមនុស្សបានចំនួន៣នាក់​រួមមាន៖ ១-ឈ្មោះ អ៊ី ឡូ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំបល្លង្ក័ ជា(ម្ចាស់ផ្ទះ) ២-ឈ្មោះញ៉ិប សុខណា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ (មេ) និងទី៣-ឈ្មោះ ថូ វិជ្ជរ៉ា ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង (មេ)។

ក្នុងនោះដកហូតសម្ភារដែលជាមធ្យោបាយរួមមាន៖ ក្បាលកុំព្យូទ័រចំនួន៣ គ្រឿង និងដុំ Wi-Fi ១គ្រឿង។ បច្ចុប្បន្នមនុស្សនិងសម្ភារទាំងអស់ត្រូវបានប្រគល់ឱ្យអធិការស្រុកបារាយណ៍ដើម្បីបន្តនិតិវិធីច្បាប់តាមការណែនាំ៕