អន្តរជាតិ

អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួន ខណៈប្រធានាធិបតី យូនលុកយូលនៅបន្តកាន់អំណាច

ប្រែសម្រួល៖ ស-សម្បត្តិ

ទីក្រុងសេអ៊ូល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ (ថ្ងៃទី៨ ខែធ្នូ) បន្ទាប់ពីប្រធានាធិបតី យូន ស៊ុក យូល រួចផុតពីការបោះឆ្នោតទម្លាក់ចេញពីតំណែង ក្រោយការប៉ុនប៉ងដ៏អាក្រក់របស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក។

សំណើទម្លាក់នេះបានបរាជ័យដោយសារគណបក្សរបស់លោក យូន បានធ្វើពហិការមិនចូលរួមបោះឆ្នោត ខណៈដែលប្រជាជនរាប់ពាន់នាក់បានប្រឈមនឹងអាកាសធាតុត្រជាក់រងា ក្នុងការតវ៉ាមួយយប់ទៀតនៅខាងក្រៅសភាក្នុងទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យទម្លាក់ប្រធានាធិបតីចេញពីតំណែង។

លោក គីម យ៉ុង ហ៊្យូន បានលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិរួចហើយ បន្ទាប់ពីការព្យួរការគ្រប់គ្រងស៊ីវិលដ៏ខ្លីកាលពីថ្ងៃអង្គារ ដែលធ្វើឡើងដោយលោក យូន ដែលបានបញ្ជូនទាហាននិងឧទ្ធម្ភាគចក្រទៅកាន់សភា។

លោក យូន ត្រូវបានបង្ខំឱ្យដកបញ្ជានេះវិញប៉ុន្មានម៉ោងក្រោយមក ហើយសភាបានបោះឆ្នោតប្រឆាំងនឹងបទបញ្ជារបស់លោក។

លោក គីម ត្រូវបានហាមឃាត់ការធ្វើដំណើររួចទៅហើយ។

នគរបាលបានចាប់ផ្តើមស៊ើបអង្កេតលើលោក យូន លោក គីម និងអ្នកពាក់ព័ន្ធផ្សេងទៀតអំពីការចោទប្រកាន់ពីបទបះបោរ។

ការិយាល័យព្រះរាជអាជ្ញាមិនអាចផ្តល់មតិយោបល់ភ្លាមៗអំពីការចាប់ខ្លួនលោក គីម ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតនៅព្រឹកថ្ងៃអាទិត្យនេះ។

  • ពហិការ

គណបក្សប្រឆាំងបានស្នើទម្លាក់ចេញពីតំណែង ដែលត្រូវការសំឡេងឆ្នោត ២០០ នៅក្នុងសភាដែលមានសមាជិក ៣០០រូប ដើម្បីអនុម័ត ប៉ុន្តែការធ្វើពហិការស្ទើរទាំងស្រុងដោយគណបក្សប្រជាជនមានអំណាច (PPP) របស់លោក យូន បានធ្វើឱ្យសំណើនេះបរាជ័យ។

គណបក្ស PPP បាននិយាយក្រោយការបោះឆ្នោតថា ខ្លួនបានរារាំងការទម្លាក់ចេញពីតំណែងដើម្បីជៀសវាង “ការបែកបាក់និងវិបត្តិធ្ងន់ធ្ងរ” ដោយបន្ថែមថា ខ្លួននឹង “ដោះស្រាយវិបត្តិនេះតាមរបៀបដែលមានសណ្តាប់ធ្នាប់និងទទួលខុសត្រូវជាងនេះ”។

មេដឹកនាំគណបក្ស លោក ហាន ដុង ហ៊ូន បាននិយាយថា គណបក្សបាន “ទទួលបាន” ការសន្យារបស់លោក យូន ក្នុងការលាលែងពីតំណែង ហើយនិយាយថា រហូតទាល់តែរឿងនេះកើតឡើង លោកនឹង “ត្រូវបានដកចេញពីភារកិច្ចរបស់លោក” ដោយទុកឱ្យនាយករដ្ឋមន្ត្រីនិងគណបក្សគ្រប់គ្រងកិច្ចការរដ្ឋ។

ការបរាជ័យនៃសំណើទម្លាក់ចេញពីតំណែងនេះ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយទៅលើហ្វូងមនុស្សដ៏ច្រើន – មានចំនួន ១៥០.០០០នាក់ តាមការប៉ាន់ស្មានរបស់នគរបាល និង ១លាននាក់ តាមការប៉ាន់ស្មានរបស់អ្នករៀបចំ – ដែលបានធ្វើបាតុកម្មនៅខាងក្រៅសភា។

ប្រធានរដ្ឋសភា លោក វូ វ៉ុន ស៊ិក បានហៅការដើរចេញរបស់គណបក្ស PPP ថាជា “ការបរាជ័យក្នុងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ” របស់គណបក្សកាន់អំណាច។

“ទោះបីជាយើងមិនបានទទួលលទ្ធផលដែលយើងចង់បាននៅថ្ងៃនេះក៏ដោយ ខ្ញុំមិនបាក់ទឹកចិត្តឬខកចិត្តទេ ព្រោះយើងនឹងទទួលបានវាក្នុងពេលឆាប់ៗនេះ” នេះជាសម្តីរបស់អ្នកតវ៉ា ជូ អា គ្យុង អាយុ ៣០ឆ្នាំ បាននិយាយកាលពីថ្ងៃសៅរ៍។

“ខ្ញុំនឹងបន្តមកទីនេះរហូតទាល់តែយើងទទួលបានជោគជ័យ” នាងបានប្រាប់ AFP។

  • “ស្លាប់ខាងនយោបាយ”

គណបក្សប្រឆាំងបានសន្យារួចទៅហើយថា នឹងព្យាយាមទម្លាក់លោក យូន ចេញពីតំណែងម្តងទៀតនៅត្រឹមថ្ងៃពុធនេះ ហើយបាតុករជាច្រើនបានសន្យាថានឹងបន្តធ្វើបាតុកម្មនៅចុងសប្តាហ៍ក្រោយ។

“ខ្ញុំនឹងទម្លាក់លោក យូន ស៊ុក យូល ដែលបានក្លាយជាហានិភ័យដ៏អាក្រក់បំផុតសម្រាប់កូរ៉េខាងត្បូង ដោយមិនគិតពីតម្លៃ” មេដឹកនាំគណបក្សប្រឆាំង លោក លី ជេ ម្យុង បាននិយាយ។

មុនការបោះឆ្នោត លោក យូន អាយុ ៦៣ឆ្នាំ បានសុំទោសចំពោះវិបត្តិនេះ ប៉ុន្តែបាននិយាយថា លោកនឹងទុកឱ្យគណបក្សរបស់លោកសម្រេចលើវាសនារបស់លោក។

“ខ្ញុំបានបង្កការព្រួយបារម្ភនិងការរំខានដល់សាធារណជន។ ខ្ញុំសូមអភ័យទោសដោយស្មោះ” លោកបាននិយាយក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ ដែលជាការលេចមុខជាសាធារណៈលើកដំបូងរបស់លោកក្នុងរយៈពេលបីថ្ងៃ។

លោកបាននិយាយថា លោកនឹង “ប្រគល់ឱ្យគណបក្សនូវវិធានការនានាដើម្បីស្ថិរភាពស្ថានការណ៍នយោបាយ រួមទាំង(អាណត្តិរបស់លោក)ផងដែរ”។

ការគាំទ្រពីសមាជិកសភាគណបក្ស PPP បានកើតឡើង ទោះបីជាប្រធានគណបក្ស លោក ហាន – ដែលត្រូវបានគេអះអាងថាស្ថិតក្នុងបញ្ជីចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារ – បាននិយាយថា លោក យូន ត្រូវតែចាកចេញ។

មានតែសមាជិកសភាគណបក្ស PPP បីរូបប៉ុណ្ណោះ – លោក អាន ឆុល ស៊ូ លោកស្រី គីម យេ ជិ និងលោក គីម សាង វ៉ុក – បានបោះឆ្នោតនៅចុងបញ្ចប់។

ការបរាជ័យនៃសំណើទម្លាក់ចេញពីតំណែង “មានន័យថាវិបត្តិនយោបាយកាន់តែអូសបន្លាយ” នេះជាសម្តីរបស់សាស្ត្រាចារ្យ វ្លាឌីមៀរ ទីខូណូវ នៃផ្នែកសិក្សាអំពីកូរ៉េនៅសាកលវិទ្យាល័យអូស្លូ បានប្រាប់ AFP។

“យើងនឹងមានប្រធានាធិបតីម្នាក់ដែលស្លាប់ខាងនយោបាយ – ជាមូលដ្ឋានមិនអាចគ្រប់គ្រងបានតទៅទៀតទេ – ហើយមនុស្សរាប់សែននាក់នឹងមកតាមផ្លូវរាល់សប្តាហ៍រហូតទាល់តែលោក យូន ត្រូវបានទម្លាក់ចេញ” លោកបាននិយាយ៕

ប្រភព៖ AFP/kg