ដោយ : បន្ទាយ
កំពត : ពិធីជួបជុំសមាជិក សមាជិកានៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)ប្រចាំឆ្នាំ២០២៤ បានធ្វើឡើងនៅសហគមន៍នេសាទព្រែកត្នោត នាភូមិព្រែកក្រែងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៤ កន្លងមក ក្រោមការរៀបចំរបស់ក្រុមការងារការិយាល័យកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃសហព័ន្ធ ដែលត្រូវប្រកាសទទួលស្គាល់សមាសភាពក្នុងពេលនោះដែរ។
ក្នុងពិធីដែលមានវត្តមានចូលរួមជាច្រើននាក់នោះ អញ្ជើញជាគណ:អធិបតីដោយលោក: ១- សាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ២- លោកបណ្ឌិត ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត ៣- លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត ៤- លោកសាស្រ្តាចារ្យបណ្ឌិតផែឆាយ៉ុន ចាន់តាគីត (PHAICHAYON JANTAKET ) គណៈកម្មាធិការនាយកប្រចាំប្រទេសថៃ ៥-លោកបណ្ឌិត ឈៀង ច័ន្ទតារា ។
លោកសាស្ត្រាចារ្យបណ្ឌិតសុខ សុវណ្ណ អគ្គលេខាធិការរងនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA) ទទួលប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា: ពិធីជួបជុំប្រចាំឆ្នាំ២០២៤ បានធ្វើឡើងនៅប្រទេសកម្ពុជាម្តងក្នុងបំណងពិនិត្យ វាយតម្លៃលទ្ធផលការងាររបស់សហព័ន្ធ ហើយក៏ជម្រុញ ការអនុវត្តនិងធ្វើបច្ចុប្បន្នភាពពង្រឹងក្រមសីលធម៌វិជ្ជាជីវ: ផ្លាស់ប្តូរបទពិសោធនិងវឌ្ឍនភាពការងារបន្ថែមទៀត ពោលគឺក្នុងរយ:ពេល២៤ឆ្នាំឬបង្កើតឡើងកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១០ កន្លងមក មកទល់អាណត្តិទី៤ នេះ សហព័ន្ធក៏កាន់តែមានការីកចម្រើនទាំងទំហំការងារវិជ្ជាជីវ:ក្នុងការរួមចំណែកជាមួយផ្នែករដ្ឋគឺអាជ្ញាធរ សមត្ថកិច្ចរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍និងផ្នែកឯកជនក្នុងផ្សព្វផ្សាយព័ត៌មាន ការអភិវឌ្ឍន៍ ទំនាក់ទំនង ការថែរក្សាសុខសន្តិភាព និងក៏កើនឡើងទាំងបរិមាណនិងគុណភាពធនធានមនុស្សដែលជាសមាសភាពអគ្គលេខាធិការ អគ្គលេខាធិការរង គណៈកម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា ជំនួយការនិងសមាជិករបស់ខ្លួន ។
ចំណែកលោកសាស្ត្រាចារ្យបណ្ទិតកែវ ច័ន្ទដួង អ្នកសម្របសម្រួលកម្មវិធីបានអោយដឹងថា :ហេតុនេះ ពេលនេះ សហព័ន្ធបានបោះមួយជំហaនទៅមុខទៀតដោយសម្រេចបង្កើតក្រុមការងារការិយាល័យកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជានៃសហព័ន្ធ ដែលត្រូវប្រកាសទទួលស្គាល់សមាសភាព៦រូប ក្នុងពេលនេះ គឺមានលោកបណ្ឌិតហាក់ វណ្ណា ជាប្រធាននិងអនុប្រធាន៥រូប ជំនួយការ១រូប។
លោកបណ្ឌិតហាក់ វណ្ណា បានឡើងស្វាគមន៍ និងបន្ទាប់មកបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញអោយអស់ពីលទ្ធភាព សមត្ថភាពអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។
នាឱកាសនោះដែរ លោកសាស្រ្តាចារ្យបណ្ឌិតផែឆាយ៉ុន ចាន់តាគីត (PHAICHAYON JANTAKET ) គណៈកម្មាធិការនាយកប្រចាំប្រទេសថៃបានលើកឡើងពីថែរក្សា ការពារសមិទ្ធផលរបស់សហព័ន្ធនិងការបង្កើនប្រសិទ្ធភាពការងារថ្មីៗបន្ថែមទៀត។
ក្នុងនោះដែរ សហព័ន្ធបាននឹងកំពុងស្វះស្វែងរកកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភពីអាជ្ញាធររដ្ឋាភិបាល ក៏ដូចជាអង្គការ សមាគមនិងក្រុមហ៊ុនឯកជនដើម្បីបណ្តុះបណ្តាលនិងធ្វើបច្ចុប្បន្នភាពចំណេះជំនាញ វិជ្ជាជីវ: បច្ចេកទេសលើការថតរូប ការយកសរសេរព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានលើវិស័យនានា ព័ត៌មានស៊ើបអង្កេតុ បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិមិ្មត(AI)ដល់សមាជិកសហព័ន្ធដើម្បីអោយពួកគេបន្តខិតខំបំពេញការងារប្រកបដោយក្រមសីលធម័ គោរពច្បាប់និងប្រកបដោយការទទួលខុសត្រូវ ។
ជាអនុសាសន៍ក្នុងកម្មវិធីជួបជុំនោះ លោកបណ្ឌិត ឈៀង ច័ន្ទតារា និងលោកបណ្ឌិត ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពតបានថ្លែងថា : ដូចដែលយើងបានដឹងហើយ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA) បានបង្កើតឡើងចំពេលដែលប្រទេសកម្ពុជានិងថៃមានការយល់ច្រឡំលើគ្នាលើបញ្ហាខ្លះនៃទំនាក់ទំនង វប្បធម៌និងបញ្ហាព្រំដែនកាលពីឆ្នាំ២០០៨ ។ប៉ុន្តែបន្ទាប់មក បញ្ហាទាំងនោះត្រូវបានដោះស្រាយដោយយន្តការគ្រប់ថ្នាក់ ហើយរាជរដ្ឋាភិបាលនិងប្រជាជាតិជិតខាងព្រំដែនទាំងពីរ និយាយដោយឡែកនិងសម្រាប់ប្រជាជាតិអាស៊ីភាគអគ្នេយ៍(ASEAN) និយាយរួម បាននឹងកំពុងប្រែក្លាយនិងរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។
អស់លោកបន្ថែមថា : ក្នុងប្រវត្តិខាងលើ.UMA ដែលជាសមាគមសារព័ន្ធអន្តរជាតិក្នុងតំបន់១ បានចូលរួមចំណែកដ៏សកម្មនិងចំគោលដៅ ដោយបានបំពេញតូនាទីជាស្ពានភ្ជាប់ទំនាក់ទំនង ផ្សព្វផ្សាយព៏ត៌មានអោយបានយល់គ្មា សម្របសម្រួល និងផ្សះផ្សារអោយប្រទេសនិងប្រជាជាតិកម្ពុជាបានយល់គ្នា មានសន្តិភាពនិងក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បន្ថែមលើសពីនេះ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA) ត្រូវបានសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រទទួលស្គាល់ព្រោះបានបំពេញការងារសន្តិភាពនិងការអភិវឌ្ឍន៍ ។
សូមបញ្ជាក់ដែរ នៅចុងបញ្ចប់នៃពិធី មានការប្រគល់សេចក្តីសម្រេចនិងគ្រឿងឥស្សរិយយសដល់សមាជិកសហព័ន្ធដែលមានស្នាដៃនិងជប់លៀងនៅមាត់សមុទ្រនាតំបន់សហគមន៍នេសាទព្រែកត្នោតផងដែរ ៕