ដោយ : បន្ទាយ
សៀមរាប: លោកឈឿង ឈឹង បានទទួលមរណភាពហើយនៅម៉ោង ២នារំលងអធ្រាត្រថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។
ជាអ្នកយកសារព័ត៌មានអង្គភាព កម្ពុជា អភិវឌ្ឍន៍ លោកឈឿង ឈឹង អាយុ ៦៣ឆ្នាំ ដែលត្រូវបានជនសង្ស័យលបលួចបាញ់នឹងអាវុធ(កាំភ្លើង)កែច្នៃចំនួន១គ្រាប់កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨យប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។គាត់បានរងរបួសធ្ងន់បន្ទាប់ពីជនសង្ស័យ(ឃាតក)ឈ្មោះ ស៊ី លឿយ ភេទ ប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិសាលាឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប ។
រដ្ឋបាលខេត្តសៀមរាបក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា : ករណីប៉ុនប៉ងមនុស្សឃាតលើអ្នកកាសែតម្នាក់នៅស្រុកជីក្រែង។
ករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។
សូមបញ្ជាក់ថា ជនសង្ស័យប៉ុនប៉ងមនុស្សឃាតដោយចេតនាឈ្មោះ ស៊ី លឿយ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួនពីបទប៉ុនប៉ង មនុស្សឃាតដោយចេតនាដោយប្រើប្រាស់អាវុធកែច្នៃបាញ់ ទៅលើជនរងគ្រោះជាអ្នកព័ត៌មាន ខណៈជនរងគ្រោះចុះទៅយកព័ត៌មានករណីឈូសឆាយដីព្រៃ បណ្តាលឲ្យរងគ្រោះរងរបួសជាទម្ងន់ ។
កម្លាំងនគរបាលខេត្តសៀមរាប ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោហួត សុធី ស្នងការនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អនុវត្តតាមនីតិវិធីបានចុះបញ្ជាការចាប់ខ្លួនជនសង្ស័យបាននាថ្ងៃ ទី៥ខែធ្នូ ឆ្នាំ២០២៤ ។នៅថ្ងៃទី៦ខែធ្នូបានកសាងសំណុំរឿងបញ្ជូន ហើយតុលាការចេញដីកាឃុំខ្លួន ។
សាធារណជន អាជ្ញាធរមានសមត្ថកិច្ចនិងអ្នកសារព័ត៌មានបានសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកឈឿង ឈឹង ដែលបានទទួលមរណភាព។
សពបានដឹកយកទៅគេហដ្ឋានទំនប់អញ្ចាញសង្កាត់ស្លក្រាម ស្រុកជីក្រងខេត្តសៀមរាប៕