ដោយ : បន្ទាយ
បន្ទាយមានជ័យ : ក្នុងកិច្ចប្រជុំ ពិភាក្សាបានលើកឡើងពីវឌ្ឍនភាពការងារក្នុងត្រីមាសទី១និងទិសដៅបន្តត្រីមាសទី២ ឆ្នាំសិក្សា២០២៤-២៥ នៃសាលារៀនផី ឆឹងរបស់សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យគឺពង្រីកបរិមាណនិងពង្រឹងគុណភាព។បន្ថែមលើនោះ សមាគមក៏ពិភាក្សាលើការត្រៀមលក្ខណ:លើការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាននិងសមាសភាពគណ:កម្មាធិការនៃសមាគម ។
លោកស្រីស៊ីម យ៉ារី នាយិកាសាលារៀនផីឆឹង អោយដឹងកាលពីថ្មីៗនេះថា : លទ្ធផលសម្រេចបានរបស់សាលាក្នុងត្រីមាសទី១ ចំនួនសិស្សចំនួន៣១៣នាក់ ក្នុងនោះមានថ្នាក់ចំណេះដឹងទូទៅ៦ថ្នាក់ ថ្នាក់ភាសាចិន អង់គ្លេសពេញម៉ោង៦ថ្នាក់ ថ្នាក់ភាសាចិនក្រៅម៉ោង១៥ថ្នាក់ ។ ក្នុងនោះមានសិស្សអាហារូបករណ៍១០០%និង៥០% ។
បើតាមការវាយតម្លៃគឺចំនួនសិស្សនេះ បានកើនឡើង១៧% បើប្រៀបធៀបនឹងឆ្នាំសិក្សា២០២៣-២៤ ។
នាយិកា ស៊ីម យ៉ារី ចំពោះមុខនេះ សាលាបានពង្រឹងលើការងារគ្រប់គ្រងសិស្ស ការងារគ្រប់គ្រងបុគ្គលិកទាំងលើការងារវិន័យ លើបង្កើនការងារបច្ចេកទេសដើម្បីជម្រុញបរិមាណនិងគុណភាពនៃការសិក្សារបស់សិស្ស។
លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន័ថា: សាធារណរដ្ឋប្រជាមានិតចិន តាមរយ:ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានជួយឧបត្ថម្ភ ជ្រោមជ្រែងជាថវិកា ស្មារតីដល់សមាគមដើម្បីដំណើរការរបស់ខ្លួន ក៏ដូចជាជម្រុញការដឹកនាំ គ្រប់គ្រងលើការបង្រៀន រៀនសិស្ស។
បន្ថែមលើនោះ ស្ថានទូតក៏បានជួយសម្របសម្រួលនិងបញ្ជូនគ្រូស្ម័គ្រចិត្តជនជាតិចិនមកបង្រៀនភាសាចិននៅសាលារៀនផីឆឹង (ខ្មែរ ចិន) នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងតាមគ្រឹះស្ថានសិក្សាគ្រប់កម្រឹតនានផងដែរ។
សាលារៀននេះ ក៏បានទទួលបានការឧបត្ថម្ភពីភាគីចិន អោយគ្រូបង្រៀនជនជាតិខ្មែរទៅបំប៉ននៅប្រទេសចិន ។
លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមមានប្រសាសន៍ថា : លទ្ធផលសម្រេចបាននិងការរីកចម្រើនរបស់សាលារៀនផីឆឹងនិងសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យបានបង្ហាញអោយឃើញពីការខិតខំរបស់ប្រធាន អនុប្រធាន សមាជិកសមាគម ក៏ដូូចជានាយិកា នាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណ:ជន ពិសេសមាតាបីតា អាណាព្យាបាលសិស្សបញ្ជូនកូនចៅមកសិក្សារៀនសូត្រមកទីនេះ ។
ចំពោះ ការត្រៀមលក្ខណ:លើការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាននិងសមាសភាពគណ:កម្មាធិការនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យអាណត្តិទី៦ ឆ្នាំ២០២៥-៣០ ស្មារតីអង្គប្រជុំបានឯកភាពថានឹងចលនាអោយមានបេក្ខជន បេក្ខនារីឈរឈ្មោះអោយគេបោះឆ្នោតនិងជំរុញអោយសមាជិកពេញសិទ្ធិនៃសមាគមចូលរួមបោះឆ្នោតនាចុងឆ្នាំ២០២៤ នេះ អោយបានច្រើនកុះករដើម្បីធានានូវគោលបំណងធ្វើអោយមានស្ថិរភាពនិងប្រសើរឡើងនូវការដឹកនាំ គ្រប់គ្រងសមាគមអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវបន្ថែមទៀត ។
សូមរំលឹកថា សាលារៀនផីឆឹងជាចំណេះទូទៅឯកជនពេញម៉ោង(Full Time) និងក្រៅម៉ោង(Part Time)ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡាប្រទេសកម្ពុជានិងក្រសួងអប់រំចិន ។
សាលាមានគ្រូបង្រៀនជាជនជាតិខ្មែរ គ្រូជនជាតិចិន ដែលប្រទេសចិនតាមរយ:ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជូនមកជួយបង្រៀនផងដែរ ។
សូមបញ្ជាក់ថា សាលារៀននេះស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ មានអគារសិក្សា២ខ្នង ស្មើ២៤បន្ទប់ ហើយស្របតាមនិយាមគរុកោសល្យ មានសម្ភារ បរិធានឧបទ្ទេស មានកម្មវិធីសិក្សាច្បាស់លាស់ ហើយទាន់សម័យ ។
ចំពោះមុខ សាលាស្នើសុំកសាងបន្ទប់ទឹកថ្មី១ខ្នង ស្មើ៤បន្ទប់ សួនច្បារ លាបថ្នាំខ្លោងទ្វារនិងជួសជុលរបងបេតុងខាងមុខ១ចំហៀងឡើងវិញផងដែរ ៕