ដោយ : បន្ទាយ
បន្ទាយមានជ័យ : លោក ងិន វណ្ណាវឌ្ឍន៍ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ។
ពោលក្រោយពេលលោក ចៅ វ៉ិត ប្រធានមន្ទីរចាស់ចូលនិវត្តន៍ តាមអនុក្រិត្យរាជរដ្ឋាភិបាលកម្ពុជា លេខ ១០.២៨ អនក្រ តត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ពិធីប្រកាសធ្វើឡើងនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ។
ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក អង្គភាពទាំង៣ និងរដ្ឋបាល ឃុំ សង្កាត់ សហភាព សហព័ន្ធខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធ។
លោក វិន វណ្ណាវឌ្ឍន៍ បានឡើងប្តេជ្ញាចិត្តថានិងខិតខំបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។
ក្នុងនោះលោក អ៊ុ រាត្រី បានស្នើដល់ លោក ងិន វណ្ណាវឌ្ឍន៍ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ថ្លែងនៅក្នុងឱកាសនោះលោក ឯក វណ្ណឌី បានផ្តល់នូវអនុសាសន៍ថា៖ ដើម្បីឲ្យអង្គភាពស្ថាប័នមួយមានការរីកចម្រើន មានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាព គឺតម្រូវឲ្យមានសាមគ្គីផ្ទៃក្នុង ជាចម្បង សាមគ្គីគឺជាចលនាដ៏សំខាន់ នៃសហវិជ្ជមានពោលគឺសន្តិភាពរួមគ្នាទាំងអស់គ្នា៕