ដោយ : បន្ទាយ
បន្ទាយមានជ័យ :នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)បញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយខេត្តកំពង់ឆ្នាំង ។
ពិធីធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ អាណាព្យាបាល របស់យោធិន។
លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក៏បានបញ្ជាក់ឱ្យដឹងថា ៖ បន្ទាប់ពីការពិនិត្យលក្ខណ:សម្បត្តិ និងការប្រឡងតេស្តសមត្ថភាព ដោយក្រុមការងាររបស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានប្រកាសលទ្ធផល បេក្ខជនដែលបានចូលរួមប្រឡង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ គឺ៖ ១-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ជាស្ថាពរ ) ចំនួន ៤២ នាក់, ២-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ត្រៀមបម្រុង) ចំនួន ០៣ នាក់។
នាឱកាសនោះ លោកអ៊ុ រាត្រី ក៏បានថ្លែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ។លោកក៏បានផ្តាំផ្ញើដល់យោធិនទើបជ្រើសរើសថ្មី ឱ្យខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ។
ក្នុងការជូនដំណើរយោធិន លោកឧត្តសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភក្នុងម្នាក់នូវថវិកាចំនួន៤០ម៉ឺនរៀល, មី០២កេស, ត្រីខ០២យួរ, ក្រមា០១។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណអភិបាលខេត្តក៏ឧបត្ថម្ភជាថវិកាចំនួន១០លានរៀលផងដែរ៕