ដោយ៖ កំចាយ
កំពត÷ ក្នុងបំណងបង្កើនការទាក់ទាញភ្ញៀវឲ្យកាន់តែចាប់អារម្មណ៍ អាជ្ញាធរខេត្តកំពតនឹងបង្កើតសមិទ្ធផលថ្មីមួយទៀតក្នុងព្រែកកំពង់បាយសម្រាប់កម្សាន្តសប្បាយនាពេលរាត្រី។ នេះបញ្ជាក់ឲ្យឃើញថាដងព្រែកកំពង់បាយស្ថិតនៅកណ្តាលក្រុងកំពតពិតជាពោរពេញដោយសក្តានុពលដែលថ្នាក់ដឹកនាំមានឱកាសកែច្នៃសម្រាប់ប្រយោជន៍ពលរដ្ឋតាមរយ:ការប៉ិនប្រសប់ និងភាពវៃឆ្លាត។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អភិបាលខេត្តកំពតបានជួបសំណេះសំណាលនិងផ្តល់គ្រឿងឧបភោគបរិភោគដល់ក្រុមកីឡាករទូក-ងជិត៣០ក្រុមដែលត្រៀមចូលរួមប្រកួតនាពេលដ៏ខ្លីខាងមុខ។
ថ្លែងក្នុងពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោយមានការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ជាបន្តបន្ទាប់ ពិសេសការបង្កើតឆ្នេរខ្សាច់កម្សាន្ត សួនសាធារណ: ការតុបតែងលម្អដោយភ្លើងពណ៌ ការបង្កើតរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាខ្នាតធំរួចមកបានធ្វើឲ្យបរិមាណភ្ញៀវកើនឡើងរៀងរាល់សប្តាហ៍។ សមិទ្ធផលទាំងនេះបានធ្វើឲ្យអ្នកផ្តល់សេវាពាក់ព័ន្ធវិស័យទេសចរណ៍ទទួលប្រាក់ចំណូលបន្ថែម និងមានជីវភាពកាន់តែល្អប្រសើរ។ លោកអភិបាលខេត្តបានបន្តថា តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តគឺក្នុងមួយសប្តាហ៍ៗមានទេសចរមកលេងពី៣ម៉ឺននាក់ទៅ៣ម៉ឺន៥ពាន់នាក់។ ដោយឡែកក្នុងសប្តាហ៍ខ្លះដែលត្រូវនឹងពិធីបុណ្យទានច្រើន ភ្ញៀវអាចកើនឡើងរហូតដល់ជាង៤ម៉ឺននាក់។ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ខេត្តកំពតនឹងមានឆ្នេរសមុទ្រកម្សាន្តមួយថ្មីនាពេលខាងមុខ។ ភ្ញៀវដែលនឹងទៅកម្សាន្តនៅឆ្នេរនោះអាចមើលឃើញខេត្តកែប កោះត្រល់ និងភ្នំបូកគោដែលជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏ទាក់ទាញបំផុត។ បន្ថែមលើនេះ រដ្ឋបាលខេត្តនឹងបង្កើតសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតក្នុងដងព្រែកកំពង់បាយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកទស្សនា និងលម្ហែកម្សាន្តនាពេលរាត្រី។
សូមបញ្ជាក់ថា ជាការបន្ថែមសម្រាប់ភាពសប្បាយរីករាយសម្រាប់ពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣ រដ្ឋបាលខេត្តនឹងរៀបចំការប្រណាំងទូក-ងខ្នាតប្រពៃណីនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទូកចូលរួមចំនួន១៤គូ៕