សន្ដិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញបើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២

ដោយ ៖បន្ទាយ

ភ្នំពេញ៖ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានបើកយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើងកាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៤ ជាបន្តបន្ទាប់មក មានក្មេងទំនើងជាច្រើនរយនាក់ត្រូវបានបង្ក្រាប ក្រោមវិធានការអប់រំ ដាក់វិន័យរដ្ឋបាល និងបញ្ជូនទៅតុលាការរហូតទទួលបានការគាំទ្រនិងសាទរពីមហាជនប្រជាពលរដ្ឋ។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ថា : ក្រោយការស្ងប់ស្ងាត់មួយរយៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណ ២០០នាក់ បានបើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២ទៀតហើយ បន្ទាប់ពីបានឃាត់ខ្លួនក្មេងទំនើងវាយគ្នាទៅវិញទៅមកចំនួន ៥នាក់និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងឃាត់ក្មេងទំនើងបង្ហោះម៉ូតូ៥នាក់ផ្សេងទៀតនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឈានចូលថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៤ យកមកធ្វើការអប់រំ ដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ ០៣គ្រឿង រក្សាទុក៣ខែ តែក្នុងនេះមានម៉ូតូ០១គ្រឿងនឹងត្រូវរក្សាទុករហូតដល់០៦ខែ ព្រោះធ្លាប់ត្រូវបានអាវុធហត្ថភ្នំពេញឃាត់រក្សាទុក០៣ខែម្តងរួចមកហើយ ។

ក្រៅពីនេះអាវុធហត្ថរាជធានីភ្នំពេញក៏បានធ្វើការអប់រំនៅនឹងកន្លែងចំពោះក្មេងៗប្រមាណ៧០នាក់តាមគោលដៅផ្សេងៗ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែបនៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។

សូមរម្លឹកផងដែរថា កន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ។

ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕