អន្តរជាតិ

លោកដូណាល់ ត្រាំ ពិចារណាជ្រើសរើសអតីតគូប្រជែងជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលជំនួសបេក្ខជនរដ្ឋមន្ត្រីការពារជាតិ ភីត ហេកសេត ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវ

ប្រែសម្រួល៖ ស-សម្បត្តិ

យោងតាមរបាយការណ៍ លោក ដូណាល់ ត្រាំ កំពុងពិចារណាធ្វើការផ្លាស់ប្តូរនាទីចុងក្រោយ ដោយដកបេក្ខជនរដ្ឋមន្ត្រីការពារជាតិដ៏ចម្រូងចម្រាស លោក ភីត ហេកសេត ហើយជំនួសដោយអតីតមិត្តក្លាយជាគូប្រជែង លោក រ៉ន ដឺសាន់ទីស។

ការជ្រើសរើសអតីតពិធីករទូរទស្សន៍ហ្វកស៍ញូស លោក ហេកសេត ឱ្យដឹកនាំក្រសួងការពារជាតិ កំពុងជួបការលំបាកក្នុងការទទួលបានការអនុម័ត បន្ទាប់ពីការចោទប្រកាន់ពីអតីតកាលអំពីការប្រព្រឹត្តខុសឆ្គងផ្លូវភេទ និងការផឹកស្រាហួសហេតុត្រូវបានលេចឡើងវិញ។

ឥឡូវនេះ កាសែត Wall Street Journal បានដកស្រង់សម្តីមនុស្សជាច្រើនដែលនៅជិតក្រុមលោកត្រាំថា លោក ដឺសាន់ទីស ដែលធ្លាប់ប្រកួតប្រជែងជាមួយលោកត្រាំក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនគណបក្សសាធារណរដ្ឋមុននឹងដកខ្លួនចេញ គឺជាជម្រើសជំនួសលោក ហេកសេត ក្នុងគណៈរដ្ឋមន្ត្រី។

យោងតាមអ្នកស្និទ្ធម្នាក់ សំណើនេះត្រូវបានផ្ញើទៅលោក ដឺសាន់ទីស នាប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក ដឺសាន់ទីស

លោក ដឺសាន់ទីស ជាអតីតយោធានាវាចរ ដែលមានគុណសម្បត្តិអភិរក្សនិយមដូចលោក ហេកសេត ដែរ ខណៈជាមន្ត្រីជាប់ឆ្នោតសាធារណរដ្ឋដ៏ពេញនិយមម្នាក់ និងស្ទើរតែគ្មានរឿងអាស្រូវក្នុងអំឡុងពេលពីរអាណត្តិនៃការដឹកនាំរដ្ឋហ្វ្លូរីដា។

អភិបាលរដ្ឋរូបនេះ ដែលស្ថិតក្នុងបញ្ជីដើមដែលលោក ហេកសេត ត្រូវបានជ្រើសរើស ក៏ទំនងជាមានគុណតម្លៃស្រដៀងគ្នានឹងលោក ហេកសេត ដែរ ដែលបានអំពាវនាវឱ្យលុបបំបាត់គោលនយោបាយដែលហៅថា ‘វ៉ូក’ (woke) ចេញពីយោធា។

អ្នកនៅក្នុងវង់ជិតស្និទ្ធរបស់លោកត្រាំជឿថា រឿងចម្រូងចម្រាសជាបន្តបន្ទាប់របស់លោក ហេកសេត – ដែលក៏កំពុងដោះស្រាយផលវិបាកបន្ទាប់ពីសម្តីកាលពីមុនថា ស្ត្រីមិនគួរកាន់តួនាទីប្រយុទ្ធក្នុងយោធា – កំពុងរារាំងការតែងតាំងនេះ ខណៈលោកព្យាយាមទទួលបានការគាំទ្រពីព្រឹទ្ធសភា។

ពិធីករទូរទស្សន៍ហ្វកស៍ញូស លោក ហេកសេត

លោកត្រាំអាចនឹងងាកទៅរកជម្រើសផ្សេងទៀតដើម្បីជំនួសលោក ហេកសេត ប្រសិនបើការតែងតាំងនេះបរាជ័យ ដោយអ្នកជិតស្និទ្ធជាមួយប្រធានាធិបតីជាប់ឆ្នោតនិយាយថា ៤៨ម៉ោងបន្ទាប់នេះ ‘សំខាន់ណាស់សម្រាប់វាសនារបស់គាត់’។

អតីតសម្ព័ន្ធមិត្តដែលក្លាយជាសត្រូវទាំងពីរនាក់ត្រូវបានគេឃើញកាលពីថ្ងៃអង្គារនៅក្នុងពិធីបុណ្យសពមន្ត្រីនគរបាលម្នាក់នៅខោនធី Palm Beach។

ពិធីករទូរទស្សន៍ហ្វកស៍ញូស លោក ហេកសេត កាលនៅជាទាហាន

លោក ដឺសាន់ទីស ដែលមិនអាចបន្តកាន់តំណែងអភិបាលរដ្ឋហ្វ្លូរីដាក្រោយការបោះឆ្នោតឆ្នាំ២០២៦ ដោយសារកំណត់អាណត្តិ នៅមិនទាន់បានផ្តល់មតិអំពីព័ត៌មានចចាមអារ៉ាមនេះនៅឡើយទេ។

DailyMail.com បានទាក់ទងក្រុមអន្តរកាលត្រាំ-វ៉ាន់ដើម្បីសុំការអធិប្បាយ។

លោក ហេកសេត ត្រូវបានក្រុមអ្នកសារព័ត៌មានចោមរោមសួរសំណួរជាច្រើន ខណៈលោកដើរកាត់វិមានសភានៅសប្តាហ៍នេះដើម្បីជួបប្រជុំជាមួយសមាជិកសភា។

បេក្ខជនរដ្ឋមន្ត្រីការពារជាតិរបស់លោកត្រាំកំពុងធ្វើការតស៊ូមតិជាមួយសមាជិកព្រឹទ្ធសភាដើម្បីទទួលបានការអនុម័ត នៅពេលការតែងតាំងរបស់លោកឈានដល់ការបោះឆ្នោតនៅឆ្នាំក្រោយ។

ក្រុមអន្តរកាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឱ្យបេក្ខជនទទួលបានការអនុម័ត – ដោយលោកត្រាំទាមទារការតែងតាំងក្នុងពេលសភាសម្រាក និងទូរសព្ទទៅកាន់មនុស្សសំខាន់ៗនៅលើទួលcapitol ខណៈអនុប្រធានាធិបតីជាប់ឆ្នោត ជេ.ឌី វ៉ាន់ បានព្យាយាមបញ្ចុះបញ្ចូលសហការីព្រឹទ្ធសភារបស់លោកដោយផ្ទាល់។

បន្ទាប់ពីអតីតតំណាងរាស្ត្រ ម៉ាត ហ្គេតស៍ បានដកឈ្មោះរបស់លោកចេញពីការប្រកួតប្រជែងសម្រាប់តំណែងអគ្គមេធាវីរបស់លោកត្រាំកាលពីខែមុន គ្រប់គ្នាបានងាកទៅផ្តោតលើបេក្ខជនដ៏ចម្រូងចម្រាសបន្ទាប់ — លោក ហេកសេត។

ទោះយ៉ាងណា កាលពីថ្ងៃអង្គារ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលបេក្ខជនរបស់លោកត្រាំសម្រាប់ដឹកនាំរដ្ឋបាលប្រឆាំងគ្រឿងញៀន លោក ឆាដ ក្រូនីស្ទ័រ បានដកឈ្មោះរបស់លោកចេញពីការពិចារណា បន្ទាប់ពីមានការខឹងសម្បារពីក្រុម MAGA៕