ដោយ៖ គង់ហេង
កំពង់ចាម៖ ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ចំនួន ១១ ចំណុច។
នេះបើតាមប្រសាសន៍សំណេះសំណាលរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តនេះ មានអ្នកពាក់ព័ន្ធចូលប្រមាណជាង ៣០០ នាក់នៅព្រឹកថ្ងៃទី ៤ ធ្នូនេះ។
អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលទាំង ១១ ចំណុចរួមមានៈ ទី១- ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព២០២៤-២០២៨ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពី សិទ្ធិជនពិការ គោលនយោបាយជាតិ និងអន្តរជាតិនានា ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាព ដល់បងប្អូនមានពិការភាព គ្រប់ប្រភេទ និងគ្រប់កម្រិត។ ទី២-គ្រប់មន្ទីរ អង្គភាព ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយករាល់ លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យពិការភាព ទៅអនុវត្តប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ទី៣-មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សាលារៀន សំណង់សាធារណៈ ត្រូវគិតគូររៀបចំការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដោយសាងសង់ហេដ្ឋា រចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលគ្រប់ប្រភេទ ដូចជា ជម្រាល ការបំពាក់ឧបករណ៍ម្នាក់ ដៃ ទ្វារ បន្ទប់ទឹក និងការដាក់ស្លាកសញ្ញានានា។ ទី៤-មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវលើកទឹកចិត្តនិងផ្តល់ឱកាសឱ្យជន មានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យបានចូលបម្រើការងារដោយគ្មានការរើសអើង។ ទី៥- ត្រូវគិតគូរជំរុញការផ្តល់ឱកាសឱ្យជនមានពិការភាព ពិសេសស្ត្រី បានចូលបម្រើការងារក្នុងតួនាទីរដ្ឋបាលឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការរបស់ជនមានពិការភាព ទៅក្នុងកម្មភពសង្គម ឃុំ សង្កាត់ ទៅលើការងារពិការភាព។ ទី៦-ពង្រឹងក្រុមការងារការពារ និងលើកកម្ពស់សិទ្ធិជនពិការថ្នាក់ក្រុង ស្រុក ដោយរៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ ១ត្រីមាសម្តង។ទី៧- ជួយគាំទ្រដល់ក្រុមជួយខ្លួនឯងនៃជនមានពិការភាព ដែលបានបង្កើតនៅមូលដ្ឋាន។ ទី៨- បង្កើនការផ្សព្វផ្សាយពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនជនមានពិការភាពដោយឥតគិតថ្លៃរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្ត(TVET) និងជួយគាំទ្រតាមលទ្ធរបស់ខ្លួនភាពជាក់ស្តែង។ ទី៩- កៀរគរសប្បុរសជន អង្គការដៃគូនានា ដើម្បីបង្កើនការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនជនមានពិការភាពធ្ងន់ធ្ងរ ក្រីក្រ ឬគ្មានទីពឹង។ ទី១០- បន្តជំរុញការសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម និងចែកបណ្ណសម្គាល់ជនមានពិការភាព ឱ្យបានគ្រប់ៗគ្នា និងណែនាំឲ្យជនមានពិការភាពដែលមានបានបណ្ណសម្គាល់ស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ ទៅចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅតាមរដ្ឋបាលឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនិង ទី១១- ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែងក្នុងច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
សូមបញ្ជាក់ថា ខេត្តកំពង់ចាម ជនមានពិការភាពដែលបានកំណត់អត្តសញ្ញាណកម្មសរុបចំនួន ១៧.៣៦១នាក់ (ស្រី៨.៤៥៦នាក់)។ ក្នុងនោះ ជនមានពិការភាពទទួលបានបណ្ណ សម្គាល់ សរុបចំនួន ១២.៩០៧នាក់ និងជនមានពិការភាពស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ចំនួន ៤.៦៤៦នាក់។ ក្នុងនោះជនមានពិការភាពចំនួន ១.៧៩៥នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុង កញ្ចប់គ្រួសារទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕