អន្តរជាតិ

តើការដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូងធ្វើឡើងដោយរបៀបណា ហើយតើគណបក្សប្រឆាំងមានសំឡេងគ្រប់គ្រាន់ដែរឬទេ?

ប្រែសម្រួល៖ រតនា

សេអ៊ូល៖ លោកប្រធានាធិបតី យូន ស៊ុក យ៉ុល កំពុងប្រឈមនឹងការគំរាមកំហែងនៃការដកតំណែង ដោយតំណាងរាស្ត្រគណបក្សប្រឆាំងបានចោទប្រកាន់លោកពីបទរំលោភរដ្ឋធម្មនុញ្ញ និងប្រព្រឹត្តបទល្មើសប្រហាក់ប្រហែលនឹងក្បត់ជាតិ នៅពេលលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារ (ថ្ងៃទី៣ ខែធ្នូ)។

សមាជិកសភាកូរ៉េខាងត្បូងនៃគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំ និងគណបក្សប្រឆាំងតូចតាចផ្សេងទៀតដាក់ច្បាប់ដើម្បីចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol នៅរដ្ឋសភាក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2024។ (រូបថត៖ Yonhap/Ryu Hyung-seok

លោកយូនបានដកច្បាប់អាជ្ញាសឹកវិញនៅមុនថ្ងៃរះថ្ងៃពុធ គឺប៉ុន្មានម៉ោងក្រោយពីសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងបានបដិសេធការប៉ុនប៉ងរបស់លោកក្នុងការហាមឃាត់សកម្មភាពនយោបាយ និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ។

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីដំណើរការដកតំណែងប្រធានាធិបតី៖

តើច្បាប់ចែងយ៉ាងដូចម្តេច?

រដ្ឋធម្មនុញ្ញផ្តល់សិទ្ធិឱ្យសភាដាក់ញត្តិដកតំណែងប្រធានាធិបតី ឬមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ប្រសិនបើពួកគេត្រូវបានគេជឿថា “បានរំលោភរដ្ឋធម្មនុញ្ញ ឬច្បាប់ណាមួយក្នុងការបំពេញភារកិច្ចផ្លូវការ”។

ញត្តិដកតំណែងប្រធានាធិបតីត្រូវការសំឡេងភាគច្រើនពីរភាគបីនៃសមាជិកសភា ដើម្បីអនុម័ត។ សំឡេងភាគច្រើនសាមញ្ញគឺគ្រប់គ្រាន់សម្រាប់ការដកតំណែងមន្ត្រីផ្សេងទៀត។

តុលាការរដ្ឋធម្មនុញ្ញធ្វើការជំនុំជម្រះដើម្បីបញ្ជាក់ ឬបដិសេធញត្តិដកតំណែង ដោយស្តាប់ភស្តុតាងពីសភាដើម្បីកំណត់ថាតើប្រធានាធិបតីបានរំលោភច្បាប់ឬអត់?

តើគណបក្សប្រឆាំងមានសំឡេងគ្រប់គ្រាន់ដែរឬទេ?

បច្ចុប្បន្ន សភាត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងសំខាន់ ដែលបានប្តេជ្ញាដកតំណែងលោកយូន។ គណបក្សនេះ និងគណបក្សតូចៗផ្សេងទៀតមានអាសនៈ១៩២ គឺខ្វះ២០០អាសនៈដែលត្រូវការដើម្បីដកតំណែងប្រធានាធិបតី។

សមាជិកមួយចំនួននៃគណបក្សប្រជាជនកាន់អំណាចរបស់លោកយូនបានជំទាស់យ៉ាងខ្លាំងទៅនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ប៉ុន្តែមិនទាន់ច្បាស់ថាតើពួកគេនឹងចូលរួមជាមួយគណបក្សប្រឆាំងឬអត់ និងចំនួនប៉ុន្មាននាក់ប្រសិនបើញត្តិត្រូវបានដាក់ឱ្យបោះឆ្នោត។

លោកយូនកំពុងប្រឈមនឹងការទាមទារឱ្យដកតំណែង និងការស៊ើបអង្កេតពិសេសទាក់ទងនឹងរឿងអាស្រូវពាក់ព័ន្ធនឹងភរិយារបស់លោក។

តើការបោះឆ្នោតរបស់សភាគឺជាតម្រូវការទាំងអស់មែនទេ?

ប្រសិនបើសភាបោះឆ្នោតដកតំណែង ប្រធានាធិបតីត្រូវបានព្យួរមិនឱ្យអនុវត្តអំណាចរបស់ខ្លួនរហូតដល់មានលទ្ធផលនៃការជំនុំជម្រះដកតំណែងដែលធ្វើឡើងដោយតុលាការរដ្ឋធម្មនុញ្ញ។

នាយករដ្ឋមន្ត្រីបម្រើការជាអ្នកដឹកនាំក្នុងសមត្ថភាពស្តីទី។

តុលាការរដ្ឋធម្មនុញ្ញស្តាប់ការដេញដោលផ្ទាល់មាត់ពីប្រធានគណៈកម្មាធិការយុត្តិធម៌សភា និងពីមន្ត្រីសាធារណៈ ឬមេធាវីរបស់ពួកគេ។

តុលាការមានពេលរហូតដល់ប្រាំមួយខែដើម្បីបញ្ជាក់ការដកតំណែងដោយការបោះឆ្នោតចំនួនប្រាំមួយក្នុងចំណោមចៅក្រមទាំងប្រាំបួនរូប ឬបដិសេធញត្តិនេះ។

តុលាការកំពូលបច្ចុប្បន្នមានចៅក្រមចំនួន៦រូប ដោយនៅមានតំណែងចំនួន៣ទៀតត្រូវបំពេញ។ តុលាការបានលើកលែងលក្ខខណ្ឌតម្រូវឱ្យមានចៅក្រម៧រូបដើម្បីពិភាក្សាសំណុំរឿង ប៉ុន្តែមិនទាន់ច្បាស់ថាតើតុលាការនឹងពិចារណាលើញត្តិទម្លាក់ដោយគ្មានចៅក្រមទាំង៩រូបឬយ៉ាងណា។

តើមានអ្វីកើតឡើងប្រសិនបើប្រធានាធិបតីត្រូវបានដកចេញពីតំណែង?

ការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវតែធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ។

ដូចគ្នានេះដែរ ប្រសិនបើលោក យូន លាលែងពីតំណែង នាយករដ្ឋមន្ត្រីនឹងឡើងកាន់តំណែងជាប្រធានស្តីទី ហើយការបោះឆ្នោតថ្មីត្រូវធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ។

នៅខែឧសភា ឆ្នាំ២០១៧ ការបោះឆ្នោតប្រធានាធិបតីត្រូវបានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបញ្ជាក់អំពីការទម្លាក់អតីតប្រធានាធិបតី ប៉ាក ហ្គឺន-ហៃ នៅថ្ងៃទី៩ ខែមីនា។

  • ប្រធានាធិបតីដែលត្រូវបានទម្លាក់

លោកស្រី ប៉ាក គឺជាមេដឹកនាំដែលត្រូវបានជ្រើសតាំងតាមប្រជាធិបតេយ្យដំបូងគេដែលត្រូវបានទម្លាក់ចេញពីតំណែង ដោយត្រូវបានចោទប្រកាន់ពីការសមគំនិតជាមួយអ្នកជិតស្និទ្ធក្នុងគ្រោងក្លែងបន្លំឥទ្ធិពល និងការរំលោភអំណាចប្រធានាធិបតី។

សភាបានបោះឆ្នោតទម្លាក់លោកស្រីនៅខែធ្នូ ឆ្នាំ២០១៦ ដោយមានសមាជិកមួយចំនួននៃគណបក្សអភិរក្សនិយមរបស់លោកស្រីក៏បានបោះឆ្នោតគាំទ្រដែរ។

លោកស្រី ប៉ាក គឺជាបុត្រីរបស់អតីតប្រធានាធិបតី ប៉ាក ជុង-ហ៊ី ដែលត្រូវបានឃាតកម្មនៅឆ្នាំ១៩៧៩។

លោកស្រីក្រោយមកត្រូវបានកាត់ទោសដាច់ដោយឡែកពីបទល្មើសព្រហ្មទណ្ឌ និងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ លោកស្រីបានអនុវត្តទោសជិត៥ឆ្នាំមុនពេលត្រូវបានដោះលែងដោយសារមូលហេតុសុខភាព ហើយក្រោយមកត្រូវបានលើកលែងទោសនៅឆ្នាំ២០២១។

នៅឆ្នាំ២០០៤ អតីតប្រធានាធិបតី រូ មូ-ហ៊ីន ត្រូវបានទម្លាក់ដោយត្រូវបានចោទប្រកាន់ពីការខកខានក្នុងការរក្សាអព្យាក្រឹតភាពនយោបាយដែលជាតម្រូវការសម្រាប់មន្ត្រីសាធារណៈជាន់ខ្ពស់។

ញត្តិនោះត្រូវបានបដិសេធដោយតុលាការកំពូល ហើយលោក រូ ត្រូវបានស្តារឡើងវិញដើម្បីបម្រើអាណត្តិពេញ៥ឆ្នាំ៕

ប្រភព៖ Reuters/mi