អន្តរជាតិ

មហាសេដ្ឋីអចលនទ្រព្យវៀតណាម ទ្រឿង មី ឡានដែលត្រូវបានកាត់ទោសប្រហារជីវិត នឹងស្តាប់សាលដីកាបណ្តឹងឧទ្ធរណ៍

ប្រែសម្រួល៖ស្រីស្រស់
ហាណូយ៖ មហាសេដ្ឋីអចលនទ្រព្យវៀតណាមដែលត្រូវបានកាត់ទោសប្រហារជីវិតក្នុងករណីឆបោកទឹកប្រាក់រាប់ពាន់លានដុល្លារ នឹងដឹងនៅថ្ងៃអង្គារ (ថ្ងៃទី៣ ខែធ្នូ) ថាតើជីវិតរបស់គាត់នឹងត្រូវបានលើកលែងទោសឬយ៉ាងណា នៅពេលដែលតុលាការឧទ្ធរណ៍ចេញសាលដីកាលើសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ទ្រឿង មី ឡាន អាយុ ៦៨ឆ្នាំ ត្រូវបានកាត់ទោសកាលពីដើមឆ្នាំនេះពីបទក្លែងបន្លំយកប្រាក់ពីធនាគារពាណិជ្ជសាយហ្គន (SCB) ដែលព្រះរាជអាជ្ញាបានថាគាត់គ្រប់គ្រង និងត្រូវបានកាត់ទោសប្រហារជីវិតពីបទឆបោកទឹកប្រាក់សរុបចំនួន ២៧ ពាន់លានដុល្លារអាមេរិក។

នៅក្នុងបណ្តឹងឧទ្ធរណ៍ផ្លូវការសរសេរដោយដៃរបស់គាត់ចំនួនជាង៥ទំព័រ ដែល AFP បានឃើញ លោកស្រី ឡាន បាននិយាយថា ទោសប្រហារជីវិតគឺ “ធ្ងន់ធ្ងរនិងតឹងរ៉ឹងពេក” ដោយស្នើសុំឱ្យតុលាការពិចារណាលើ “វិធីសាស្ត្រដែលមានភាពអនុគ្រោះ និងមនុស្សធម៌ជាងនេះ”។

មនុស្សរាប់ម៉ឺននាក់ដែលបានវិនិយោគប្រាក់សន្សំរបស់ពួកគេនៅក្នុងធនាគារ SCB បានបាត់បង់ប្រាក់ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ និងបណ្តាលឱ្យមានការតវ៉ាកម្រពីជនរងគ្រោះ។

យោងតាមច្បាប់វៀតណាម លោកស្រី ឡាន អាចគេចផុតពីទោសប្រហារជីវិតបាន ប្រសិនបើគាត់ស្ម័គ្រចិត្តសងទ្រព្យសម្បត្តិដែលបានក្លែងបន្លំចំនួនបីភាគបួន និងត្រូវបានវិនិច្ឆ័យថាបានសហការគ្រប់គ្រាន់ជាមួយអាជ្ញាធរ។

ប៉ុន្តែព្រះរាជអាជ្ញាបានអះអាងថា គាត់មិនបានបំពេញតាមលក្ខខណ្ឌទេ ហើយបានសង្កត់ធ្ងន់ថាផលវិបាកនៃបទល្មើសរបស់គាត់គឺ “ធំធេងនិងគ្មានពីមុនមក”។

លោកស្រី ឡាន ដែលជាស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវ៉ាន់ ធិញ ផាត់ បានប្រាប់តុលាការនៅទីក្រុងហូជីមិញថា “វិធីលឿនបំផុត” ដើម្បីសងប្រាក់ដែលបានលួចគឺ “ការរំលាយធនាគារ SCB និងលក់ទ្រព្យសម្បត្តិរបស់យើងដើម្បីសងធនាគារកណ្តាល និងប្រជាជន”។

“ខ្ញុំមានការឈឺចាប់ដោយសារការខ្ជះខ្ជាយធនធានជាតិ” លោកស្រី ឡាន បាននិយាយកាលពីសប្តាហ៍មុន ដោយបន្ថែមថាគាត់មានអារម្មណ៍ “អាម៉ាស់ណាស់ដែលត្រូវបានចោទប្រកាន់ពីបទល្មើសនេះ”។

លោកស្រី ឡាន កាន់កាប់ត្រឹមតែ ៥ភាគរយនៃភាគហ៊ុននៅក្នុងធនាគារ SCB លើក្រដាស ប៉ុន្តែនៅក្នុងការជំនុំជម្រះក្តីរបស់គាត់ តុលាការបានសន្និដ្ឋានថា គាត់បានគ្រប់គ្រងជាង ៩០ភាគរយតាមរយៈគ្រួសារ មិត្តភក្តិ និងបុគ្គលិក។ ធនាគារកណ្តាលបាននិយាយកាលពីខែមេសាថា បានបូមប្រាក់ចូល SCB ដើម្បីស្ថិរភាព ដោយមិនបានបង្ហាញថាចំនួនប៉ុន្មាននោះទេ។

ក្នុងចំណោមទ្រព្យសម្បត្តិដែលលោកស្រី ឡាន និងក្រុមហ៊ុនវ៉ាន់ ធិញ ផាត់ កាន់កាប់ មានផ្សារទំនើប កំពង់ផែ និងអគារលំនៅដ្ឋានប្រណីតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ។

ក្នុងអំឡុងពេលជំនុំជម្រះក្តីលើកដំបូងរបស់គាត់កាលពីខែមេសា លោកស្រី ឡាន ត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទក្លែងបន្លំទឹកប្រាក់ចំនួន ១២,៥ ពាន់លានដុល្លារ ប៉ុន្តែព្រះរាជអាជ្ញាបាននិយាយថា ការខូចខាតសរុបដែលបណ្តាលមកពីការឆបោកនេះមានចំនួន ២៧ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៦ភាគរយនៃផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៣ របស់ប្រទេស។”

លោកស្រី ឡាន និងជនជាប់ចោទជាច្រើននាក់ទៀត រួមទាំងមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាល ត្រូវបានចាប់ខ្លួនក្នុងក្រខ័ណ្ឌនៃយុទ្ធនាការប្រឆាំងអំពើពុករលួយថ្នាក់ជាតិដែលត្រូវបានគេហៅថា “ឡដុតភ្លើងឆេះសន្ធោសន្ធៅ” ដែលបានចាប់មន្ត្រីជាច្រើននាក់ និងសមាជិកនៃក្រុមអ្នកមានអំណាចផ្នែកពាណិជ្ជកម្មវៀតណាម។ជនជាប់ចោទសរុបចំនួន៤៧នាក់ផ្សេងទៀត បានស្នើសុំបន្ថយទោសនៅក្នុងបណ្តឹងឧទ្ធរណ៍។

កាលពីខែមុន លោកស្រី ឡាន ត្រូវបានផ្តន្ទាទោសពីបទសម្អាតប្រាក់ និងជាប់ពន្ធនាគារមួយជីវិតក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត៕
ប្រភព៖ AFP/rc