ដោយ៖ សហការី
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកបណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរហើយរថយន្តបានព្យាយាមបើករត់គេចខ្លួនបាត់។ នៅពេលនោះក៏ស្រាប់តែមានជនឆ្លៀតឱកាសលើកយកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលស្ថិតនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាប៊ីតពណ៌សលាយខៀវ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញជនរងគ្រោះត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់មក ក៏ស្រាប់តែឃើញបុរស៣នាក់ចេញពីដីឡូមកមើលជនរងគ្រោះ ហើយក្នុងនោះមានជនសង្ស័យម្នាក់បានលើកម៉ូតូជនរងគ្រោះហើយជិះគេចខ្លួនបាត់។ ដំបូងឡើយគេស្មានថាជនសង្ស័យខាងលើជួយលើកម៉ូតូជនរងគ្រោះដាក់អែបខាង តាមពិតគឺលួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ បន្ទាប់ពីជនឆ្លៀតឱកាសលួចយកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ដោយមានរថយន្តរងគ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងបានដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កម្ពុជាចិនព្រះកុសមៈ ។
ក្រោយពេលកើតហេតុ ដោយមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ ហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ និងដើម្បីឆែកកាមេរ៉ាសុវត្ថិភាពជិតកន្លែងកើតហេតុផងដែរ៕