ដោយ៖ សហការី
ភ្នំពេញ៖ ប្ដីចេញទៅធ្វើការនៅឯខេត្ត,ប្រពន្ធណាត់ប្រុសថ្មីមកដេកដល់ក្នុងបន្ទប់ជួល ដោយមានការសង្ស័យប្តីត្រឡប់មកផ្ទះជួលវិញឃើញប្រពន្ធនៅជាមួយប្រុសថ្មី ក៏យកដែកព្យួរហាលខោអាវចងទ្វារពីខាងក្រៅរួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួន។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤ ស្ថិតនៅផ្ទះជួល ភូមិព្រៃល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ និងប្ដីរបស់ស្រ្តីនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុប្ដីបានចេញពីផ្ទះទៅធ្វើការងារនៅឯខេត្តទើបបាន៣ថ្ងៃ ដោយមានការសង្ស័យនៅវេលាម៉ោងខាងលើក៏ត្រឡប់ឡើងពីខេត្តមកផ្ទះជួលវិញ។
នៅពេលមកដល់ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងតែនៅជាមួយនឹងប្រុសថ្មី ។ ឃើញដូច្នេះក៏បានយកដែកព្យួរហាលខោអាវចងទ្វារពីខាងក្រៅរួចហើយបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍។
នៅពេលនោះផងដែរកម្លាំងសមត្ថកិច្ចបានចុះទៅដល់បន្ទប់ជួលរួចហើយក៏បានឃាត់ខ្លួនបុរសខាងលើនាំមកប៉ុស្តិ៍ភ្លាមៗតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ស្រ្ដីខាងលើទើបបានមានទំនាក់ទំនងគ្នាជាមួយនឹងប្រុសថ្មីបាន១ខែទេ ក៏ខាងប្រុសបានទិញបាយឆាយកមកឲ្យខាងស្រីហូបដល់បន្ទប់នៅវេលាម៉ោង១០យប់ថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤ រួចហើយអ្នកទាំងពីរបានដេកនៅជាមួយគ្នាស្រាប់តែប្ដីមកទាន់តែម្ដង។
ប្រភពពីភាគីខាងប្រពន្ធ បានបញ្ជាក់ថា ពួកគាត់ទាំងពីរនាក់បានស្រលាញ់គ្នាទាំងដែលប្ដីមិនទាន់លែងលះគ្នាជាមួយនឹងប្រពន្ធមុនរបស់គេដាច់ស្រេច ។ពួកគេបានត្រឹមតែសែនព្រេនចាស់ទុំដឹងឮតែមិនទាន់បានចុះអេតាស៊ីវិលនៅឡើយទេ រួចក៏នៅជាមួយគ្នាតែម្ដង។ រស់នៅជាមួយគ្នាមួយរយៈចុងក្រោយនេះដោយសារមានរឿងរកាំរកូសនឹងគ្នា ទើបខាងស្រីសម្រេចចិត្តចាកចេញពីប្ដីដើម្បីស្វែងរកអនាគតថ្មីពីព្រោះខ្លាចប្ដីធ្វើបាបបន្តទៀត។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានសួរនាំរួចអ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នាដើរចេញរៀងៗខ្លួន សមត្ថកិច្ចបានឲ្យសាមីខ្លួនទាំងពីរនាក់ទៅលែងលះគ្នានៅស្រុកកំណើតដើម្បីបញ្ចប់រឿង ចំណែកខាងប្រុសស្នេហ៍វិញបានដោះលែងឲ្យទៅផ្ទះវិញ៕