កីឡា

អ្នកចាំទីក្លិបManchester City គឺ Stefan Ortega បាននិយាយថា Liverpool គឺ “ប្រហែលជាមិនមែនជាកន្លែងល្អបំផុតនៅក្នុងចក្រភពអង់គ្លេសនោះទេ”

ប្រែសម្រួល៖ តារា
អ្នកចាំទី Manchester City Stefan Ortega បានពិពណ៌នាអំពីក្រុង Liverpool ថាជា “ប្រហែលជាមិនមែនជាកន្លែងល្អបំផុតនៅក្នុងចក្រភពអង់គ្លេស” បន្ទាប់ពីក្រុមរបស់គាត់បានចាញ់ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ។

អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគេភ្ញាក់ផ្អើលនៅពេលដែល Pep Guardiola ដាក់ឱ្យចូលលេងក្នុងក្រុមដំបូងសម្រាប់ការប្រកួតដ៏សំខាន់នេះ ដោយជំនួសកន្លែង Ederson នៅក្នុងគោលបំណងបញ្ចប់លទ្ធផលអាក្រក់របស់ក្រុម។

ប៉ុន្តែក្រុម City ត្រូវបានលេងលើដោយក្រុមរបស់ Arne Slot ក្នុងការប្រកួត Premier League នេះ ដោយ Ortega ត្រូវបានបង្ខំឱ្យរើសបាល់ចេញពីសំណាញ់ទីពីរដង ដំបូងបន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Cody Gakpo និងក្រោយមកទៀតពេលដែល Mohamed Salah បានស៊ុតបាល់ប៉េណាល់ទីចូល។

លទ្ធផលនេះមានន័យថាក្រុម Cityzens មិនទាន់ឈ្នះក្នុងការប្រកួតចំនួន៧ដងជាប់គ្នា ដែលជាកំណត់ត្រាអាក្រក់បំផុតក្នុងអាជីពគ្រូបង្វឹករបស់ Guardiola ហើយលោកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានអ្នកគាំទ្រម្ចាស់ផ្ទះចំអកឡកឡឺយដោយច្រៀងថា “អ្នកនឹងត្រូវបណ្តេញចេញនៅព្រឹកស្អែក” ដែលគាត់បានឆ្លើយតបដោយលើកម្រាមដៃចំនួន៦ សំដៅទៅលើចំនួនពានលីគកំពូលអង់គ្លេសដែលគាត់បានឈ្នះ។

ក្រោយការប្រកួត Ortega បានឆ្លើយតបទៅនឹងការច្រៀងបន្ទរ ដោយបង្ហាញការខឹងសម្បារបស់គាត់ចំពោះក្រុង Liverpool ក្នុងបទសម្ភាសន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

គាត់បាននិយាយថា៖ “មាននរណាម្នាក់បានប្រាប់ខ្ញុំមុនថាតំបន់នេះ [Liverpool] ប្រហែលជាមិនមែនជាផ្នែកល្អបំផុតនៅក្នុងចក្រភពអង់គ្លេសទេ។ ខ្ញុំគិតថាគ្រូបង្វឹកបានឆ្លើយតបយ៉ាងល្អ។”

ការប្រកួតប្រជែងរវាងក្រុមទាំងពីរនេះគឺជាមួយក្នុងចំណោមការប្រកួតប្រជែងដ៏សំខាន់បំផុតក្នុងបាល់ទាត់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្រុមទាំងពីរបែងចែកពានរង្វាន់ចំនួន៧ចុងក្រោយរវាងពួកគេ។

ជាក់ស្តែង ការប៉ះទង្គិចដ៏ក្តៅគគុករវាងគ្រូបង្វឹកក្រុម City គឺ Guardiola និងអតីតគ្រូបង្វឹក Liverpool គឺ Jurgen Klopp តែងតែធ្វើឱ្យមានចំណងជើងព័ត៌មានជាញឹកញាប់ នៅពេលដែលអ្នកទាំងពីរប្រជែងគ្នាដើម្បីពានរង្វាន់ Premier League។

ពេលខ្លះ គូប្រជែងបានប៉ះទង្គិចគ្នានៅក្រៅទីលានផងដែរ ដោយអ្នកគាំទ្រទាំងសងខាងត្រូវបានគេឃើញវាយតប់គ្នានៅលើផ្លូវ Wembley មុនការឈ្នះដ៏គួរឱ្យរំភើបរបស់ Liverpool ដោយលទ្ធផល ៣-២ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup នៅឆ្នាំ ២០២២។

នៅពេលនោះ ប៉ូលិសត្រូវបានបង្ខំឱ្យអន្តរាគមន៍ នៅពេលដែលឈុតឆាកអំពើហិង្សាបានបន្តកើតឡើងមុនពេលចាប់ផ្តើមការប្រកួត។

បីឆ្នាំមុន អ្នកគាំទ្របានប៉ះទង្គិចគ្នានៅក្នុងរថភ្លើងក្រោមដីក្រុងឡុងដ៍ មុនពេលក្រុមទាំងពីរប្រកួតគ្នាដណ្តើមពាន Community Shield។

ការវាយដៃគ្នាត្រូវបានកើតឡើង ហើយអ្នកគាំទ្រត្រូវបានថតវីដេអូធាត់គ្នា ដោយមានអ្នកខ្លះដួលទៅលើកម្រាល។

ជ័យជម្នះរបស់ Liverpool កាលពីថ្ងៃអាទិត្យ ទំនងជានឹងបង្កើនការប្រកួតប្រជែងនៅលើទីលាន ខណៈដែលការលេងដ៏ជឿជាក់របស់ក្រុម Reds បានទុកឱ្យក្រុមជើងឯកមានភ្នំដ៏ធំមួយត្រូវឡើងដើម្បីឈ្នះពានជាលើកទី៥ជាប់គ្នា។

ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងពេលវេលាដំបូងនៅ Anfield ប្រឆាំងនឹងក្រុម City ដែលនៅតែមើលទៅភ្ញាក់ផ្អើលបន្ទាប់ពីការបរាជ័យរបស់ពួកគេកាលពីពាក់កណ្តាលសប្តាហ៍ប្រឆាំងនឹង Feyenoord នៅក្នុងពាន Champions League។

ហើយភាពលើសលប់របស់ Liverpool បានទទួលផលក្នុងរយៈពេល១២នាទី នៅពេលដែល Gakpo បានបញ្ចូលទីយ៉ាងល្អពីការបញ្ជូនបាល់របស់ Salah ដែលធ្វើឱ្យអ្នកគាំទ្រ Reds រំជើបរំជួល។

ក្រុម City នៅតែបន្តមើលទៅដូចជាស្រមោលនៃអតីតកាលរបស់ពួកគេ ដោយពួកគេទើបតែព្យាយាមវាយសម្រុកដំបូងរបស់ពួកគេនៅនាទីទី៣៩ ប៉ុន្តែបានចេញមកលេងនៅវគ្គទីពីរជាមួយនឹងថាមពលកាន់តែខ្លាំង – ប្រហែលជាបន្ទាប់ពីការស្ដីបន្ទោសយ៉ាងខ្លាំងពីលោក Guardiola នៅពេលសម្រាកវគ្គទីមួយ។

ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែមិនអាចធ្វើការវាយសម្រុកត្រូវគោលដៅមួយដងផង ហើយនៅពេលដែល Ortega បានទាញទម្លាក់ Luis Diaz នៅក្នុងប្រអប់គ្រោះថ្នាក់ ការស៊ុតបាល់ពិន័យ១១ម៉ែត្រយ៉ាងស្ងប់ស្ងៀមពី Salah បានធ្វើឱ្យក្រុមជើងឯកកំពុងប្រឈមនឹងការចាញ់៤ប្រកួតជាប់គ្នាក្នុងក្របខណ្ឌ Premier League និងឱកាសឈ្នះពានកំពុងរអិលចេញពីដៃ៕