អន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្លាក់ពីអំណាចនិយាយក្នុងសវនាការរឿង១MDBថាការចោទប្រកាន់គាត់ពីបទសូកប៉ាន់និងរំលោភអំណាចគឺ “មានចេតនានយោបាយ”

ប្រែសម្រួល៖ ស-សម្បត្តិ

គូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាជីប រ៉ាហ្សាក់ ដែលកំពុងជាប់ពន្ធនាគារ បានចាប់ផ្តើមការការពារខ្លួនកាលពីថ្ងៃចន្ទ(ថ្ងៃទី២ ធ្នូ) ក្នុងករណីពុករលួយដែលពាក់ព័ន្ធនឹងសំណូកជាង៥០០លានដុល្លារអាមេរិក និងបទលាងលុយកខ្វក់ជាច្រើនករណី ដោយអះអាងថាការចោទប្រកាន់ទាំងនេះ “មានចេតនានយោបាយ”។

អតីតនាយករដ្ឋមន្ត្រីរូបនេះ ដែលកំពុងជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទពុករលួយទាក់ទងនឹងការលួចបន្លំមូលនិធិអធិបតេយ្យ១MDB កំពុងប្រឈមនឹងករណីផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាស្រូវហិរញ្ញវត្ថុ ដែលនាំឱ្យលោកចាញ់ឆ្នោតក្នុងឆ្នាំ២០១៨។

ក្នុងការផ្តល់សក្ខីកម្មនៅតុលាការ នាជីបបានថ្លែងថា “ការចោទប្រកាន់លើខ្ញុំមានចេតនានយោបាយ។”

ករណីនេះពាក់ព័ន្ធនឹងសំណូកជាទឹកប្រាក់២,២៧ពាន់លានរីងហ្គីត(៥១០លានដុល្លារ) និងបទចោទលាងលុយកខ្វក់ចំនួន២១ករណី។

ប្រសិនបើត្រូវបានរកឃើញថាមានទោស នាជីបនឹងត្រូវបង់ប្រាក់ពិន័យដ៏ច្រើន និងជាប់ពន្ធនាគាររហូតដល់២០ឆ្នាំសម្រាប់បទរំលោភអំណាចនីមួយៗ។

ស្លៀកពាក់សំពត់ពណ៌ខៀវចាស់ និងក្រវាត់ក ជនអាយុ៧១ឆ្នាំរូបនេះបានក្អកជាបន្តបន្ទាប់ពេញសេចក្តីថ្លែងការណ៍បើកសវនាការ។

ភរិយារបស់លោក រ៉ូស្ម៉ាហ៍ ម៉ាន់ស័រ បានអង្គុយក្នុងបន្ទប់សវនាការ។

ករណីនេះពាក់ព័ន្ធនឹងក្រុមហ៊ុន Tanore Finance Corp ដែលអាជ្ញាធរអាមេរិកបាននិយាយថាត្រូវបានប្រើប្រាស់ដើម្បីបង្ហូរប្រាក់ពី១MDB។ ក្រុមហ៊ុននេះត្រូវបានគេអះអាងថាបានប្រើប្រាស់ដើម្បីផ្ទេរប្រាក់ទៅគណនីធនាគារផ្ទាល់ខ្លួនរបស់នាជីប។

នាជីបបានសុំទោសកាលពីខែតុលាថាអាស្រូវ១MDB បានកើតឡើងក្នុងអំឡុងពេលដែលខ្លួនកាន់អំណាច ប៉ុន្តេបានអះអាងថាគាត់មិនបានដឹងអំពីការផ្ទេរប្រាក់ខុសច្បាប់ពីមូលនិធិរដ្ឋដែលលែងមានស្ថិរភាពនេះទេ។

មេធាវីការពារក្តីរបស់លោក មូហាំម៉ាដ សាហ្វី អាប់ឌុលឡា បាននិយាយថា ពួកគេ “មានការប្តេជ្ញាចិត្តខ្លាំង” ជាងពេលណាៗក្នុងការប្រយុទ្ធក្នុងករណីនេះ។

ក្នុងដំណើរការសវនាការកាលពីថ្ងៃចន្ទ ចៅក្រម កូលីន ឡរិន សេកេរ៉ាហ៍ បានយល់ព្រមតាមសំណើរបស់នាជីបក្នុងការអានសេចក្តីថ្លែងការណ៍សាក្សីទាំងមូលរបស់លោក ដែលមានចំនួន៥២៥ទំព័រ។

  • ការស៊ើបអង្កេតអំពើពុករលួយនៅទូទាំងពិភពលោក

ការចោទប្រកាន់ថាប្រាក់រាប់ពាន់លានដុល្លារត្រូវបានលួចពីមូលនិធិវិនិយោគ១MDB និងត្រូវបានប្រើប្រាស់ដើម្បីទិញអ្វីៗគ្រប់យ៉ាង ចាប់ពីទូកយ៉តរហូតដល់សិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យអ្នកបោះឆ្នោតទម្លាក់នាជីប និងគណបក្សអ៊ុមណូដែលកាន់អំណាចយូរមកហើយ ក្នុងការបោះឆ្នោតឆ្នាំ២០១៨។

អាស្រូវ១MDB បានបង្កឱ្យមានការស៊ើបអង្កេតនៅសហរដ្ឋអាមេរិក ស្វីស និងសិង្ហបុរី ដែលជាកន្លែងដែលគេអះអាងថាប្រាក់ត្រូវបានលាងសម្អាត។

ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា ប្រាក់ជាង៤,៥ពាន់លានដុល្លារត្រូវបានគេលួចពី១MDB រវាងឆ្នាំ២០០៩ និង២០១៥ ដោយមន្ត្រីជាន់ខ្ពស់នៃមូលនិធិនេះ និងសហការីរបស់ពួកគេ។

នាជីបបានចាប់ផ្តើមជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ កាលពីខែសីហា ឆ្នាំ២០២២ ពីបទល្មើសដែលទាក់ទងនឹងការប្រើប្រាស់ខុសឆ្គងនូវប្រាក់សាធារណៈពីអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធ១MDB គឺក្រុមហ៊ុន SRC International។ ទោសនេះត្រូវបានកាត់បន្ថយពាក់កណ្តាលដោយក្រុមប្រឹក្សាលើកលែងទោសម៉ាឡេស៊ី។

ចាប់តាំងពីពេលនោះមក នាជីបបានទទួលជោគជ័យខ្លះផ្នែកច្បាប់។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា តុលាការម៉ាឡេស៊ីបានអនុញ្ញាតឱ្យដោះលែងការចោទប្រកាន់ពីបទពុករលួយមួយក្នុងចំណោមសំណុំរឿងទាំង៥ ដែលពាក់ព័ន្ធនឹងរឿង១MDB ប្រឆាំងនឹងរូបលោក។

ការចោទប្រកាន់ទាំងនោះពាក់ព័ន្ធនឹងការទូទាត់ប្រាក់ច្រើនជាង១ពាន់លានដុល្លារអាមេរិក ដែលត្រូវបានចោទថាបានផ្ដល់ទៅឱ្យក្រុមហ៊ុន International Petroleum Investment Company របស់អាប៊ូដាប៊ី។

ការចោទប្រកាន់មួយទៀតពាក់ព័ន្ធនឹងការក្លែងបន្លំសវនកម្មត្រូវបានរំលត់ចោលក្នុងឆ្នាំ២០២៣។

ដោយឡែក តុលាការឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃព្រហស្បតិ៍ លើបណ្ដឹងឧទ្ធរណ៍របស់លោកណាជីប ប្រឆាំងនឹងការបដិសេធរបស់តុលាការថ្នាក់ក្រោមក្នុងការស្ដាប់សំណើសុំឃុំខ្លួននៅផ្ទះរបស់លោក៕

ប្រភព៖ AFP/gs