ប្រែសម្រួល៖ រតនា
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានអនុម័តថវិកាការពារជាតិដ៏ច្រើនគួរឱ្យកត់សម្គាល់ ដោយបានបម្រុងទុកប្រមាណមួយភាគបីនៃការចំណាយសរុបរបស់រដ្ឋាភិបាល នៅពេលដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តជញ្ជក់ធនធានពីភាគីទាំងសងខាងជិតបីឆ្នាំមកហើយ។
ថវិកាសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបម្រុងទុកប្រមាណ១២៦ពាន់លានដុល្លារ (១៣,៥ទ្រីលានរូប្ល) សម្រាប់ការពារជាតិ — ស្មើនឹង៣២,៥ភាគរយនៃការចំណាយរបស់រដ្ឋាភិបាល។
ថវិកាការពារជាតិនេះមានចំនួនប្រមាណ២៨ពាន់លានដុល្លារ (បីទ្រីលានរូប្ល) ច្រើនជាងកំណត់ត្រាមុនដែលបានកំណត់ក្នុងឆ្នាំនេះ។
ថវិកាថ្មីរយៈពេលបីឆ្នាំនេះព្យាករថានឹងមានការកាត់បន្ថយបន្តិចនូវការចំណាយយោធាសម្រាប់ឆ្នាំ២០២៦ និង២០២៧។ សមាជិកសភាទាំងពីរសភានៃសភារុស្ស៊ីបានអនុម័តថវិកានេះ។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺជាជម្លោះធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ បច្ចុប្បន្ន ទីក្រុងម៉ូស្គូកំពុងទទួលបានជោគជ័យនៅតាមចំណុចសំខាន់ៗតាមបណ្តោយខ្សែសមរភូមិ និងកំពុងប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតបនៅតំបន់ឃឺស — ដែលជាកន្លែងតែមួយគត់ដែលទីក្រុងគីវទទួលបានជោគជ័យយោធាធំក្នុងឆ្នាំនេះ។
ប៉ុន្តែសង្គ្រាមដែលដំណើរការយឺតៗ និងជាប់គាំង — ដែលគេតែងហៅថាសង្គ្រាមរអាក់រអួល ដែលភាគីទាំងសងខាងព្យាយាមធ្វើឱ្យគ្នាទៅវិញទៅមកចុះខ្សោយ — បានជញ្ជក់ធនធានពីប្រទេសទាំងពីរ។
អ៊ុយក្រែនតែងតែស្ថិតក្នុងស្ថានភាពស្រួចស្រាល់ទាក់ទងនឹងសម្ភារ និងកម្លាំងមនុស្ស ទោះបីជាបានទទួលជំនួយរាប់ពាន់លានដុល្លារពីសម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ។ ថាតើជំនួយនឹងបន្តមកពីសហរដ្ឋអាមេរិកកម្រិតណា នៅពេលប្រធានាធិបតីជាប់ឆ្នោតដូណាល់ ត្រាំ ចូលកាន់តំណែងនោះ នៅមិនទាន់ច្បាស់នៅឡើយទេ។
ចំណែកឯរុស្ស៊ីវិញ មានអាវុធ គ្រាប់រំសេវ និងមនុស្សច្រើនជាង — ប៉ុន្តែសម្ពាធលើសេដ្ឋកិច្ច និងប្រជាជនរបស់ខ្លួនកំពុងកើនឡើង។
រុស្ស៊ីបានបង្កើនការចំណាយយោធារបស់ខ្លួនយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយសេដ្ឋកិច្ចរបស់ខ្លួនកំពុងបង្ហាញសញ្ញានៃការឡើងកម្តៅហួស៖ អតិផរណាកំពុងកើនឡើងខ្ពស់ ហើយក្រុមហ៊ុននានាកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម។ ក្នុងការព្យាយាមគ្រប់គ្រងស្ថានភាពនេះ ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់ដល់២១ភាគរយនៅខែតុលា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ហើយទោះបីជារុស្ស៊ីមានប្រជាជនច្រើនជាងអ៊ុយក្រែនក៏ដោយ ក៏ប្រទេសនេះកំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅសមរភូមិ ហើយការគ្រោងយកទាហានថ្មីក៏កំពុងក្លាយជាបញ្ហាផងដែរ — លើកចុងក្រោយដែលយោធារុស្ស៊ីធ្វើការកៀរកងទ័ពដោយផ្នែក បុរសរាប់សែននាក់បានរត់គេចចេញពីប្រទេស។
កូរ៉េខាងជើងទើបតែបានបញ្ជូនទាហានមួយចំនួនធំមកជួយរុស្ស៊ីប្រយុទ្ធនៅសមរភូមិ — ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បាននិយាយនៅខែវិច្ឆិកាថា មានទាហានកូរ៉េខាងជើងប្រមាណ១១,០០០នាក់នៅក្នុងតំបន់ឃឺស។
អាវុធមួយចំនួនរបស់រុស្ស៊ីក៏មកពីកូរ៉េខាងជើងដែរ ដោយគ្រាប់មីស៊ីលបាលីស្ទិកដែលបាញ់ទៅលើអ៊ុយក្រែនក្នុងឆ្នាំនេះស្ទើរតែមួយភាគបី គឺមកពីកូរ៉េខាងជើង បើយោងតាមមន្ត្រីការពារជាតិអ៊ុយក្រែន និងការរាប់របស់ CNN អំពីការវាយប្រហារ។
ទាហានកូរ៉េខាងជើងអាចជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីបានមួយរយៈ — ប៉ុន្តែការខាតបង់សម្ភារអាចនឹងពិបាកក្នុងការជំនួសវិញ៕