អន្តរជាតិ

ប្រទេសចិនព្រមានថានឹងចាត់វិធានការតបតវិញក្រោយលីទុយអានីបណ្តេញបុគ្គលិកស្ថានទូត

ប្រែសម្រួល៖រតនា
ក្រុងប៉េកាំង៖ នៅថ្ងៃចន្ទ (ថ្ងៃទី២ ខែធ្នូ) ប៉េកាំងបានព្រមានថា ខ្លួនអាចនឹងចាត់វិធានការតបតវិញប្រឆាំងនឹងប្រទេសលីទុយអានី ក្រោយការបណ្តេញបុគ្គលិកស្ថានទូតចិនចំនួន៣រូប ខណៈទំនាក់ទំនងកំពុងមានភាពតានតឹងដោយសារទំនាក់ទំនងរវាងលីទុយអានីជាមួយតៃវ៉ាន់ និងការសង្ស័យថាមានការពាក់ព័ន្ធរបស់នាវាចិនមួយក្នុងការបំផ្លាញខ្សែកាបខាងក្រោមសមុទ្រ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា “ចិនថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពដ៏អំនួត និងប្រកបដោយការញុះញង់នេះ”។

ពួកគេបានបន្ថែមថា “ចិនអំពាវនាវឱ្យលីទុយអានីបញ្ឈប់ភ្លាមៗនូវការប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន និងបញ្ឈប់ការបង្កការលំបាកដល់ទំនាក់ទំនងទ្វេភាគី”។

ខ្សែកាបទូរគមនាគមន៍ក្នុងសមុទ្របាល់ទិកចំនួនពីរត្រូវបានកាត់ផ្តាច់កាលពីខែមុន នៅក្នុងទឹកដែនសមុទ្រស៊ុយអែត រួមទាំងខ្សែកាបមួយដែលភ្ជាប់ពីកោះហ្គតឡង់របស់ស៊ុយអែតទៅកាន់លីទុយអានី។

ការសង្ស័យត្រូវបានផ្តោតទៅលើនាវាចិនមួយឈ្មោះ Yi Peng 3 ដែលគេហទំព័រតាមដាននាវាបានឱ្យដឹងថា បានបើកកាត់លើខ្សែកាបទាំងនោះនៅពេលដែលវាត្រូវបានកាត់ផ្តាច់។

កាលពីថ្ងៃសុក្រ ក្រសួងការបរទេសលីទុយអានីបានឱ្យដឹងថា បុគ្គលិកចិនបីរូប “ត្រូវបានប្រកាសថាមិនអាចស្នាក់នៅក្នុងប្រទេសបាន”។

ក្រសួងមិនបានផ្តល់មូលហេតុច្បាស់លាស់នៃការបណ្តេញចេញនេះទេ ដោយគ្រាន់តែលើកឡើងអំពី “សកម្មភាពដែលរំលោភលើអនុសញ្ញាទីក្រុងវីយែន និងច្បាប់របស់សាធារណរដ្ឋលីទុយអានី”។

កាលពីថ្ងៃពុធ លីទុយអានីបានឱ្យដឹងថា ខ្លួនកំពុងបង្កើតក្រុមការងាររួមមួយជាមួយស៊ុយអែត និងហ្វាំងឡង់ដើម្បីស៊ើបអង្កេតករណីខូចខាតខ្សែកាប ដោយមានការគាំទ្រពី Eurojust ដែលជាទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ។

ចិនបានបដិសេធការទទួលខុសត្រូវទាំងស្រុងក្នុងបញ្ហានេះ និងបានថ្លែងកាលពីថ្ងៃសុក្រថា ខ្លួន “មានឆន្ទៈសហការ” ក្នុងការស៊ើបអង្កេត។

ទំនាក់ទំនងរវាងទីក្រុងវីលនីញស និងប៉េកាំងមានភាពតានតឹងរួចទៅហើយ បន្ទាប់ពីលីទុយអានីបានអនុញ្ញាតឱ្យតៃវ៉ាន់បើកស្ថានទូតជាក់ស្តែងមួយដោយប្រើឈ្មោះកោះនេះក្នុងឆ្នាំ២០២១។

ប៉េកាំង ដែលអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានចោទប្រកាន់ទីក្រុងវីលនីញសកាលពីថ្ងៃចន្ទថា “បានប្រព្រឹត្តការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ចិនតែមួយ”។

អ្នកនាំពាក្យរូបនោះបានថ្លែងថា “នេះបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគី”៕
ប្រភព៖ AFP/dy