ព័ត៌មានជាតិ

នៅបន្ទាយមានជ័យមានមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតសមាគមរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ដោយ : បន្ទាយ
បន្ទាយមានជ័យ : នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្រពនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ធ្នូ ១៩៧៨ – ២ធ្នូ២០២៤) ។

ទិវាបានប្រព្រឹត្តក្រោមអធិបតីភាព លោកអ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងមានការចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ។

លោក អ៊ុ រាត្រី បានថ្លែងថា : ៤៦ឆ្នាំកន្លងមកនេះប្រជាជនបានស្ថិតស្ថេរ រួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយ យ៉ាងអង់អាចក្លាហានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំនិងជាអគ្គមគ្គុទ្ទេសក៍ ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ស្មារតី២ធ្នូ ស្មារតី ៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើង បានប្រែក្លាយទៅជាកម្លាំងដ៏ធំធេង ក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។

ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិនៅក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួន យើងទាំងអស់គ្នា ជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀតនូវ សោកនាដកម្មដូចគ្នានឹងអតីតកាលនោះឡេីយ។

ចុងបញ្ចប់គណៈធិបតី ក៏បានផ្តល់ជូននូវអំណោយជាថវិកា ដល់និវត្តជនដែលបានចូលរួមនាថ្ងៃនេះផងដែរ៕