អន្តរជាតិ

ប្រធានាធិបតីតៃវ៉ាន់នៅហាវ៉ៃបន្ទាប់ពីការប្រកាសថាតៃវ៉ាន់ជាកម្លាំងសម្រាប់សន្តិភាពសកល

ប្រែសម្រួល៖ ស-សម្បត្តិ

លោកប្រធានាធិបតីតៃវ៉ាន់ ឡាយ ជីង-តេ បានចាប់ផ្តើមការស្នាក់នៅរយៈពេលពីរថ្ងៃនៅសហរដ្ឋអាមេរិកនៅហាវ៉ៃកាលពីថ្ងៃសៅរ៍ (ថ្ងៃទី៣០ ខែវិច្ឆិកា) ជាផ្នែកមួយនៃដំណើរទស្សនកិច្ចប៉ាស៊ីហ្វិក បន្ទាប់ពីការប្រកាសថាកោះប្រជាធិបតេយ្យរបស់លោកជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពសកល។

ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន និងប្រឆាំងនឹងការទំនាក់ទំនងឬការទស្សនាបរទេសណាមួយដោយថ្នាក់ដឹកនាំកោះនេះ កំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធសឹកពីរលើកក្នុងឆ្នាំនេះ។

ចិនមើលឃើញថាលោកឡាយជាអ្នកបំបែកប្រទេសដ៏គ្រោះថ្នាក់ម្នាក់ ហើយកាលពីថ្ងៃសុក្រ បានជំរុញឱ្យវ៉ាស៊ីនតោនប្រើប្រាស់ “ការប្រុងប្រយ័ត្នខ្ពស់បំផុត” នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយតៃវ៉ាន់។

ប្រភពសន្តិសុខបានប្រាប់ Reuters ថា ប្រទេសចិនអាចនឹងធ្វើការហ្វឹកហាត់យោធាបន្ថែមទៀត ដើម្បីឱ្យត្រូវនឹងពេលវេលានៃដំណើរទស្សនកិច្ចប៉ាស៊ីហ្វិករបស់លោកឡាយ ដែលនឹងរួមបញ្ចូលទាំងការស្នាក់នៅក្នុងហ្គាម ដែលជាដែនដីរបស់សហរដ្ឋអាមេរិក។ នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភា។

លោកនឹងស្នាក់នៅហាវ៉ៃសម្រាប់ពីរយប់ដំបូង មុនពេលចេញដំណើរទៅកាន់កោះម៉ាស្សល ទូវ៉ាលូ និងប៉ាឡូ ដែលជាប់ក្នុងចំណោមប្រទេសទាំង១២ ដែលនៅរក្សាទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃប៉ិ និងជាផ្នែកមួយនៃពិភពលោកដែលចិនកំពុងអនុវត្តឥទ្ធិពលកាន់តែខ្លាំងឡើង។

ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលចាកចេញដំណើរ លោកឡាយបាននិយាយថា៖ “សូមអរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានគាំទ្រគោលការណ៍សុវត្ថិភាព សេចក្តីថ្លៃថ្នូរ ផាសុកភាព និងភាពងាយស្រួល ក្នុងការជួយដល់ដំណើរការដោយរលូននៃដំណើរទស្សនកិច្ចនេះ។”

អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីលោក អភិបាលក្រុងហូណូលូលូ និងមេបញ្ជាការនគរបាលក្រុងបានស្វាគមន៍លោកឡាយនៅលើផ្លូវរត់យន្តហោះនៃព្រលានយន្តហោះហូណូលូលូថា ជំនួបនេះគឺជា “ឱកាសប្រវត្តិសាស្ត្រមួយ” ដោយបង្ហាញពីគុណតម្លៃរួមនៃភាពធន់ និងកិច្ចសហប្រតិបត្តិការរវាងហាវ៉ៃជាមួយតៃវ៉ាន់៕

ប្រភព: Reuters/gr