ព័ត៌មានជាតិ

ខេត្តកំពង់ចាមនឹងស្នើសុំដីសម្បទានសង្គមកិច្ចផ្តល់ជូនគ្រួសារពលរដ្ឋរងគ្រោះពីការបាក់ស្រុតច្រាំងទន្លេឬព្រែក

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងស្នើសុំដីសម្បទានសង្គមកិច្ចនៅភូមិភាគឦសាន ទៅកាន់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលជួបបញ្ហាគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ ឬព្រែក។ប៉ុន្តែការផ្តល់ជូននេះមានលក្ខខណ្ឌ ចំពោះដីសម្បទានសង្គមកិច្ច គឺរស់នៅលើដីនោះជាប្រចាំឱ្យបានគ្រប់រយៈពេល ៥ ឆ្នាំទើបផ្តល់ជាកម្មសិទ្ធិ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តនេះបានពោលឱ្យដឹងបែបនេះ ការដែលឯកឧត្តមបានដឹកនាំមន្រ្តីអញ្ជើញនាំយកជំនួយឧបត្ថម្ភពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុកច្រាំងព្រែក នៅឃុំព្រែកកុយ ស្រុកកងមាស នៅព្រឹកថ្ងៃទី ១ ធ្នូនេះ។

ឯកឧត្តម អ៊ុន ចាន់ដា ៖ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ចេញនូវគោលការណ៍ គឺការផ្តលនូវដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ ជាពិសេស គឺការបាក់ច្រាំងទន្លេនេះតែម្តង។ដោយរៀបចំរកដីផ្តល់ជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តមានដីទូទាយឱ្យបងប្អូនទៅរស់នៅតាំងលំនៅទីនោះប្រសើរជាងរស់តាមចំណីថ្នល់ ឬសំយាបផ្ទះអ្នកដទៃ។

ឯកឧត្តមបានបន្ថែមថា៖ កន្លងមកឯកឧត្តមធ្លាប់បានធ្វើរបាយការណ៍មួយករណីដែលរងការបាក់ច្រាំងទន្លេ នៅខាងស្រុកស្ទឹងត្រង់ចំនួន ៨០ គ្រួសារ។ ប៉ុន្តែដល់សួរនាំមែនទែនមានតែជាង ៣០ ប៉ុណ្ណោះ ក្រៅពីនោះថាមិនទៅទេ។ ឥឡូវយើងសម្រេចរៀបចំបញ្ជីសាឡើងវិញ ដាក់ជូនឯកឧត្តម ហ៊ុន ម៉ានិត ជាអនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តកំពង់ចាម។

ឯកឧត្តមបានបន្តថា៖ សម្រាប់រូបភាពក្នុងការដោះស្រាយ ក្នុងនាមអាជ្ញាធរ ក្នុងនាមឯកឧត្តម នេត សាវឿន ជាប្រធានក្រុមការងារគណបក្សប្រជាជន គឺឯកឧត្តមនឹងធ្វើរបាយការណ៍ទៅកាន់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឱ្យបងប្អូនទៅរស់នៅទីនោះ (ភូមិភាគឥសាន)។ដោយមានលក្ខខណ្ឌចំពោះដីសម្បទានសង្គមកិច្ចនេះ គឺរស់នៅជាប្រចាំឱ្យបានគ្រប់ រយៈពេល ៥ ឆ្នាំ ទើបផ្តល់ជាកម្មសិទ្ធិ។ ចៀសវាងរៀបដីឱ្យនៅហើយ បែរជាបានប្លង់ហើយលក់បាត់ វិលមករស់នៅតាមសំយាបផ្ទះ អ្នកដទៃដដែល។ កត្តានេះធ្វើឱ្យ ការផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីដោះស្រាយទុក្ខលំបាករបស់បងប្អូន គឺមិនបានផលពិតប្រាកដដល់អ្នករងគ្រោះ ដែលចង់ពង្រឹងជីវភាពឱ្យបានប្រសើរឡើង ដែលជាការស្តារឡើងវិញនូវជីវភាពគ្រួសារ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ ទាំង ២៤គ្រួសារ មានៈ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ,ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ឃីត ( មុង ភួយ សារុង ក្រមា ) ១សម្រាប់ និង ថវិកាចំនួន ១០០.០០០ រៀល ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ប្រតិភូអមដំណើរ បានអញ្ជើញ ប្រគេនព្រះចៅអធិការវត្តស្តីអណ្តែតនូវ អង្ករ ១០០គីឡូក្រាម,មី ៤កេស , ត្រីខ ៤០កំប៉ុង,ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ២០០.០០០រៀល ។

បន្ទាប់មក ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព សាលាឆាន់ ១ខ្នង ក្នុង វត្តដំបងដែក ហៅ វត្តគងជ័យ( ឃុំព្រែកកុយ )ដែលត្រូវអគ្គីភ័យបំផ្លាញទាំងស្រុង កាលពីយប់រំលងអធ្រាត ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានវេរទេយ្យទាន ប្រគេន ព្រះចៅអធិការវត្ត រួមមាន អង្ករ ១០០គីឡូក្រាម, មី ៤កេស,ត្រីខ ៤យួ,ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ៥លានរៀល ផងដែរ៕