ប្រែសម្រួល៖ តារា
យោងតាមរបាយការណ៍ Carlo Ancelotti នឹងត្រូវចូលរួមកិច្ចប្រជុំវិបត្តិជាមួយប្រធានក្លិបរៀល ម៉ាឌ្រីដ ហ្វ្លូរីនទីណូ ពេរេសបន្ទាប់ពីទម្រង់លេងដ៏លំបាករបស់ក្លិប។
Ancelotti ដែលកំពុងដឹកនាំក្លិបក្នុងវគ្គទីពីររបស់គាត់ជាមួយក្លិបយក្សអេស្ប៉ាញ បានឈ្នះពានរង្វាន់ចំនួន ១៤ ក្នុងការប្រកួត ៣១០ ប្រកួតជាមួយក្លិប រួមទាំងពាន Champions League ចំនួនបី។
រៀល ម៉ាឌ្រីដបានឈ្នះការប្រកួតនេះក្នុងរដូវកាល ២០២៣-២៤ ប៊ុន្តែការចាញ់ក្រុម Liverpool ២-០ កាលពីថ្ងៃពុធ បានធ្វើឲ្យក្តីសង្ឃឹមក្នុងការការពារពានរបស់ពួកគេជួបការគំរាមកំហែង។
Los Blancos ត្រូវបានគេលេងលើនៅ Anfield ហើយឥឡូវនេះស្ថិតនៅលេខ ២៤ ក្នុងវគ្គលីគ ដោយឈ្នះពីរដង និងចាញ់បីដងក្នុងប្រាំប្រកួត មានន័យថាក្លិបអាចនឹងបរាជ័យក្នុងការឆ្លងទៅវគ្គបន្ដ។
រៀល ម៉ាឌ្រីដ ក៏នៅពីក្រោយ ៤ ពិន្ទុក្នុង LaLiga ដែលពួកគេរកបានគ្រាប់បាល់តិចជាង Barcelona ១៤ គ្រាប់ ទោះបីជាមានកីឡាករវាយប្រហារដ៏ខ្លាំងដូចជា Jude Bellingham, Vinicius Jr និង Kylian Mbappe ក៏ដោយ។
ការនេះបានធ្វើឲ្យ លោក អាន់ឆេឡូទី ស្ថិតក្រោមសម្ពាធក្នុងតួនាទីរបស់គាត់ ដោយគ្រូបង្វឹកជនជាតិអ៊ីតាលីដ៏ល្បីល្បាញរូបនេះកំពុងប្រឈមនឹងការរិះគន់ចំពោះការលំបាករបស់រៀល ម៉ាឌ្រីដ នារដូវកាលនេះ។
របាយការណ៍បានអះអាងថា ទាំងពីរនាក់តែងតែជួបគ្នាដើម្បីពិភាក្សានៅពេលរៀល ម៉ាឌ្រីដ ជួបការលំបាក ប៉ុន្តែដោយសារតែការលេងដ៏គួរឲ្យព្រួយបារម្ភរបស់ក្លិបនាពេលថ្មីៗនេះ កិច្ចប្រជុំទាំងនេះកាន់តែមានសារៈសំខាន់។
លោកអាន់ឆេឡូទីអ្នកចាត់ការក្លិប និងពេរេស នឹងពិភាក្សាអំពីមូលហេតុដែលពួកគេជឿថាក្រុមកំពុងជួបការលំបាក ខណៈដែលកិច្ចប្រជុំនេះក៏នឹងបង្ហាញថាតើជនជាតិអ៊ីតាលីនៅតែមានការគាំទ្រពេញលេញពីក្លិបដែរឬទេ។
របាយការណ៍បន្តទៀតថា ថ្នាក់ដឹកនាំរៀល ម៉ាឌ្រីដ មានអារម្មណ៍ថាក្រុមរបស់លោកអាន់ឆេឡូទី កំពុងស្ថិតក្នុងពេលវេលាដ៏លំបាកបំផុតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ហើយការខកខានការទាត់បាល់ពិន័យ ១១ ម៉ែត្ររបស់ Mbappe ប្រឆាំង Liverpool បានសង្ខេបពីការលំបាករបស់ពួកគេ។
ទោះយ៉ាងណា មានការទទួលស្គាល់ថា លោកអាន់ឆេឡូទី កំពុងប្រឈមនឹងបញ្ហាជាមួយនឹងការរងរបួសច្រើន និងកង្វះខាតកីឡាករក្នុងតំណែងសំខាន់ៗ ខណៈដែលមានអារម្មណ៍ថាគួរតែធ្វើការច្រើនជាងនេះក្នុងរដូវក្តៅ។
កីឡាករដូចជា Vinicius Jr, Rodrygo, David Alaba, Eder Militao, Dani Carvajal និង Aurelien Tchouameni កំពុងរងរបួសទាំងអស់ ខណៈដែលកីឡាករផ្សេងទៀតដូចជា Bellingham និង Mbappe បានប្រឈមនឹងបញ្ហាទម្រង់លេង។
ជាសាធារណៈ ក្លិបបានចង្អុលបង្ហាញពីកាលវិភាគប្រកួតច្រើន និងការសម្រាកមិនគ្រប់គ្រាន់ថាជាមូលហេតុនៃការរងរបួសច្រើន ប៉ុន្តែជាឯកជន ពួកគេកំពុងស៊ើបអង្កេតថាហេតុអ្វីបានជាក្រុមកំពុងជួបការលំបាកផ្នែករាងកាយ ដោយគ្រូបង្វឹកហាត់ប្រាណ Antonio Pintus កំពុងទទួលរងការរិះគន់។
ទោះយ៉ាងណា អាន់ឆេឡូទី នៅតែបន្តគាំទ្រកីឡាកររបស់គាត់ ហើយរបាយការណ៍បានអះអាងថា គ្រូបង្វឹកវ័យ ៦៥ ឆ្នាំរូបនេះត្រៀមខ្លួនរួចរាល់សម្រាប់បញ្ហាប្រឈម និងមានបំណងប្តូរស្ថានការណ៍នេះ។
គាត់មិនត្រូវបានជួយដោយការចាប់ផ្តើមដ៏គួរឲ្យខកចិត្តរបស់ Mbappe នៅក្លិបនោះទេ ដែលជាប្រធានបទពិភាក្សាដ៏សំខាន់មួយ។
ខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះបានរកបាន ៩ គ្រាប់ក្នុង ១៨ ប្រកួត ប៉ុន្តែមានតែមួយគ្រាប់ប៉ុណ្ណោះដែលបានមកពី Champions League ហើយខ្សែប្រយុទ្ធដែលកំពុងជួបការលំបាករូបនេះមិនទាន់សម្រេចបានកម្រិតដែលមនុស្សជាច្រើនរំពឹងទុកនៅអេស្ប៉ាញនៅឡើយទេ។
ទោះយ៉ាងណា លោកអាន់ឆេឡូទី បានគាំទ្រ Mbappe បន្ទាប់ពីការចាញ់ក្រុម Liverpool ហើយបានអះអាងថាគាត់ដឹងច្បាស់ពីអ្វីដែលត្រូវការដើម្បីឲ្យរូបគេត្រឡប់មកមានទម្រង់លេងល្អវិញ។
“វាបានកើតឡើងជាច្រើនដងហើយដែលខ្សែប្រយុទ្ធពិបាករកគ្រាប់បាល់” គាត់បាននិយាយ។ “មានថ្នាំមួយដែលត្រូវអត់ធ្មត់។ វាជាពេលវេលាដ៏លំបាកសម្រាប់គាត់ ជាពិសេសបន្ទាប់ពីខកខានទាត់បាល់ពិន័យ ១១ ម៉ែត្រ។ មនុស្សគ្រប់គ្នាត្រូវតែគាំទ្រគាត់។”
គាត់បានបន្ថែមថា៖ “គាត់អាចនឹងខ្វះទំនុកចិត្តបន្តិច។ នៅពេលដែលអ្វីៗមិនដំណើរការតាមបំណងរបស់អ្នក គំនិតដែលអ្នកត្រូវមានគឺលេងធម្មតា។”
“វាដូចជាពេលវេលានេះដែរ ប៉ុន្តែអ្នកមិនអាចវិនិច្ឆ័យគាត់ចំពោះការខកខានទាត់បាល់ពិន័យ ១១ ម៉ែត្រនោះទេ។ កីឡាករទាំងអស់ខកខានទាត់បាល់ពិន័យ ១១ ម៉ែត្រ។ គាត់ត្រូវតែបន្តធ្វើការងារឲ្យបានល្អ។ យើងត្រូវតែអត់ធ្មត់ព្រោះគាត់ជាកីឡាករវិសេសវិសាលម្នាក់។”
បន្ទាប់ពីការប្រកួតថ្ងៃអាទិត្យជាមួយ Getafe រៀល ម៉ាឌ្រីដ នឹងប្រឈមនឹងការប្រកួតនៅក្រៅទឹកដីដ៏លំបាកជាមួយ Athletic Bilbao និង Girona នៅសប្តាហ៍ក្រោយ ខណៈពួកគេព្យាយាមត្រឡប់ទៅរកទម្រង់លេងល្អឡើងវិញនោះ៕