អន្តរជាតិ

សហរដ្ឋអាមេរិកអនុម័តលើការលក់អាវុធតម្លៃ ៣៨៥ លានដុល្លារទៅកាន់តៃវ៉ាន់

ប្រែសម្រួល៖ ស្រីស្រស់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានអនុម័តលើសំណើលក់គ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង និងប្រព័ន្ធរ៉ាដា ព្រមទាំងឧបករណ៍ទំនាក់ទំនងទៅកាន់តៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣៨៥ លានដុល្លារអាមេរិក ដោយយោងតាមភ្នាក់ងារសហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃសុក្រ (ថ្ងៃទី២៩ ខែវិច្ឆិកា)។

ខណៈពេលដែលវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិទេ ប៉ុន្តៃនៅតែជាអ្នកគាំទ្រសំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេរបស់កោះនេះ។

សំណើលក់គ្រឿងបន្លាស់សម្រាប់យន្តហោះ F-16 និងប្រព័ន្ធរ៉ាដា រួមមានឧបករណ៍ដែលមានស្រាប់នៅក្នុងស្តុកយោធាអាមេរិក និងមានតម្លៃប្រមាណ ៣២០ លានដុល្លារ យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) ដោយការដឹកជញ្ជូនត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៥។

“សំណើលក់នេះបម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងបន្តរបស់អ្នកទទួលក្នុងការទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងរក្សាសមត្ថភាពការពារដែលអាចជឿជាក់បាន” នេះបើយោងតាម DSCA។

“សំណើលក់នេះនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អ្នកទទួលក្នុងការដោះស្រាយការគំរាមកំហែងបច្ចុប្បន្ន និងនាពេលអនាគត ដោយរក្សាការត្រៀមខ្លួនប្រតិបត្តិការនៃហ្វូងយន្តហោះ F-16 របស់អ្នកទទួល។”

ការលក់ដាច់ដោយឡែកមួយទៀតដែលពាក់ព័ន្ធនឹងការគាំទ្របន្ត និងឧបករណ៍សម្រាប់ប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រមានតម្លៃ ៦៥ លានដុល្លារ យោងតាម DSCA។

កិច្ចព្រមព្រៀងទាំងនេះត្រូវបានអនុម័តដោយក្រសួងការបរទេស ដោយ DSCA បានផ្តល់ការជូនដំណឹងដែលតម្រូវទៅសភាកាលពីថ្ងៃសុក្រ។

ចិនអះអាងថាតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានប្រឆាំងជាយូរមកហើយចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់កោះនេះ។

ការលក់នេះត្រូវបានប្រកាសនៅពេលដែលប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈិង-តេ ត្រូវចាកចេញនៅថ្ងៃសៅរ៍សម្រាប់ដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តកោះប៉ាស៊ីហ្វិកចំនួនបី ដោយឈប់សម្រាកនៅហាវៃ និងដែនដីអាមេរិកហ្គាម។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈិង-តេ

ក្រសួងការពារជាតិតៃវ៉ាន់បាន “សម្តែងការដឹងគុណ” សម្រាប់ការលក់អាវុធថ្មីៗនេះកាលពីថ្ងៃសៅរ៍។

ទំនិញទាំងនេះ “នឹងជួយរក្សាការត្រៀមខ្លួនប្រយុទ្ធនៃឧបករណ៍យន្តហោះ F-16 របស់កងទ័ពអាកាស និងពង្រឹងការការពារអាកាសរបស់យើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

“តៃវ៉ាន់ និងសហរដ្ឋអាមេរិកនឹងបន្តពង្រឹងភាពជាដៃគូសន្តិសុខរបស់យើង។”

ក្រសួងការបរទេសបានឱ្យដឹងថា នេះគឺជាលើកទី១៨ ដែលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានប្រកាសអំពីការលក់អាវុធទៅកាន់កោះនេះ។

តៃវ៉ាន់មានការប្តេជ្ញាចិត្តក្នុងការពង្រឹងការការពាររបស់ខ្លួនក្នុងការប្រឈមមុខនឹងសម្ពាធយោធារបស់ចិន និង “ការរំខានតំបន់ប្រផេះ” នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដោយយោងទៅលើយុទ្ធសាស្ត្រដែលមិនដល់កម្រិតនៃសកម្មភាពសង្រ្គាម។

ចិនបានបង្កើនសម្ពាធយោធាលើតៃវ៉ាន់នាពេលថ្មីៗនេះ ដោយមានការដាក់ព្រងយន្តហោះចម្បាំង និងនាវាចម្បាំងស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ។

កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្តហោះយោធាចិនចំនួន១៨ គ្រឿង និងនាវាចម្បាំងចំនួន៧គ្រឿង ព្រមទាំងបាឡុងចំនួន២ ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង៦ព្រឹក (ម៉ោង១០យប់ម៉ោងសកល ថ្ងៃសុក្រ)៕

ប្រភព៖ AFP/gs