ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋនឹងសាងសង់ផ្សារបឹងឈូកដែលខូចខាតដោយអគិ្គភ័យ នៅក្រុង/ខេត្តបាត់ដំបងឡើងវិញ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា រដ្ឋនឹងសាងសង់ផ្សារបឹងឈូកនៅក្រុង/ខេត្តបាត់ដំបងឡើងវិញ បន្ទាប់ពីខូចខាតដោយអគ្គិភ័យ ហើយម្ចាស់ផ្សារថា គ្មានលទ្ធភាពនិងឯកភាពអោយភាគីរដ្ឋអាចដោះស្រាយដូច្នេះ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផល នានានៅតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ។

បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ផ្សារបឹងឈូក គឺត្រូវបានវិនិយោគឡើងដោយឯកជនតាំងពីឆ្នាំ១៩៩២ មកឬអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជនដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ ។
ដូច្នេះហើយសម្តេចសម្រេចយកផ្សារនេះជាផ្សាររដ្ឋវិញ និងប្រកាសសាងសង់ឡើងវិញ ឆ្លើយតបនឹងសំណូមពររបស់ក្រុមអាជីវករដែលរងផលប៉ះពាល់ពីការឆេះផ្សារបឹងឈូកនេះ ដើម្បីឱ្យអាជីវករមានទីតាំងក្នុងការប្រកបរបរលក់ដូរវិញ។

ជាមួយនឹងការប្រកាសសាងសង់ផ្សារបឹងឈូកនេះឡើងវិញនេះផងដែរ សម្តេចបវរធិបតីហ៊ុន ម៉ាណែត បានប្រកាសផងដែរថា សម្រាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើមទាំង ជាន់ផ្ទាល់ដី ជាន់ទី១ និងផ្សារតូចស្ថិតនៅពីក្រោយ រដ្ឋនឹងផ្តល់សិទ្ធិកាន់កាប់អាស្រ័យផល លើតូបថ្មីនេះអស់មួយជីវីត តកូនតចៅ។

សម្រាប់អ្នកជួលបន្តចំនួន២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយ។
ដោយឡែកអ្នកជួលបន្តនៅជាន់ខាង ក្រោមដែលមិនរងការឆេះ និងអ្នកជួលបន្តនៅផ្សារខាងក្រោយរដ្ឋបាលខេត្តបាត់ដំបងនឹងពិភាក្សាគ្នា ដើម្បីជួយពួកគាត់តាមលទ្ធភាព និងលើកយោបល់ជូនសម្តេចនៅពេលក្រោយ។

ទន្ទឹមគ្នានេះសម្តេចបវរធិបតី បានផ្តល់អនុសាសន៍ឱ្យសាងសង់ផ្សារបឹងឈូកនេះ គឺត្រូវរក្សាស្ថានភាពក្នុងទម្រង់ដើម ទាំងចំនួនតូប និងទំហំតូប បន្ទាប់ពីអ្នកជំនាញពីក្រសួងដែនដីទៅសិក្សា។

ការសាងសង់ឬជួសជុលផ្សារនេះឡើងវិញអាចចំណាយរយៈពេល៤ខែ ដូច្នេះហើយអាជីវករដែលតូបឆេះអស់ អាចទៅរកទីតាំងលក់បណ្តោះអាសន្នសិន ។ចំណែកអាជីវករដែលមិនរងការឆាបឆេះនៅជាន់ផ្ទាល់ដី និងនៅខាងក្រោយ អាចលក់បន្តបានជាធម្មតា។


ការប្រកាសរបស់សម្តេចបវរធិបតី បានធ្វើឱ្យក្រុមអាជីវករ ក្នុងនោះមានអាជីវករខ្លះបានទៅចូលរួមពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យផងដែរ ។ ពួកគេបានឡើងសម្តែងមតិ សំណូមពរដ៏ភ្ញាក់ផ្អើលផងនោះ បានបញ្ចេញអារម្មណ៍រំភើបសោមន្សសប្បាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់សម្តេចធិបតីដែលបានសាងសង់ផ្សារនេះឡើងវិញ ដើម្បីផ្តល់ទីតាំងឱ្យពួកគាត់បានប្រកបរបររកស៊ីបន្ត និងមិនធ្វើឱ្យប្រជាពលរដ្ឋនៅតែលតោលដូចទូកនៅកណ្តាលទន្លេ។

ក្នុងឱកាសនោះ សម្តេចធិបតីក៏ផ្តល់មតិផ្តាំផ្ញើថា សូមបងប្អូនកុំខឹងសម្បានឹងអាជ្ញាធរមានសមត្ថកិច្ចនៅខេត្តបាត់ដំបង ដែលដោះស្រាយករណីមិនបានកន្លងមក ព្រោះថា ករណីនេះទាំងលោកឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងនិងលោកសុខ លូ អភិបាលខេត្តបាត់ដំបងបានរាយការណ៍និងសុំអនុសាសន៍សម្តេចជាប្រចាំហើយ។ ហេតុនេះ ទើបសម្តេចបានប្រមូលព័ត៌មាន ហើយសម្រេចដូច្នេះ ។

សូមរំលឹកថា អគ្គិភ័យបានឆាបឆេះផ្សារបឹងឈូកបានកើតឡើងនាវេលាម៉ោងប្រមាណជិត១១ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក។ ភ្លើងបានឆាបឆេះខ្លាំងនៅជាន់ទី១នៃផ្សារបឹងឈូក គឺនៅចំពីមុខជណ្តើរឡើងទៅលើ ទាំងខាងកើតផ្សារ និងខាងលិចផ្សារដែលធ្វើឱ្យមានការលំបាកខ្លាំងសម្រាប់កម្លាំងចូលបាញ់ទឹក ដើម្បីពន្លត់ ។ប៉ះពាល់ខូចខាតអស់ទាំងស្រុងតូបសរុបចំនួន១៥៣តូប នៅជាន់ទី២ ដែលអាជីវករខ្លះមានតូបចាប់ពី១ដល់៥តូប ។
ភាគច្រើនជាតូបលក់ក្រណាត់ ខោអាវនិងទំនិញផ្សេងៗ។

មានមន្ត្រីអាជ្ញាធរ កងកម្លាំង អ្នកពាក់ព័ន្ធជាច្រើននិងរថយន្តពន្លត់អគ្គិភ័យនៅឈរជើងជុំវិញផ្សារដើម្បីបាញ់ទឹកនិងជូយពន្លត់យ៉ាងសកម្ម ប៉ុន្តែកម្រឹតភ្លើងឆាបឆេះសន្ធោសន្ធៅខ្លាំង មិនអាចសង្គ្រោះបាន ៕