អន្តរជាតិ

លោក Donald Trumpបានបង្កើតក្រុមការងារដែលមានជំហរតឹងរ៉ឹងចំពោះចិន, តើប៉េកាំងវិញនឹងឆ្លើយតបយ៉ាងដូចម្តេច?

ប្រែសម្រួល៖ រតនា

ពិភពលោកកំពុងពិនិត្យមើលអំពីទិសដៅជាសក្តានុពលនៃទំនាក់ទំនងរវាងអាមេរិក-ចិន ក្រោមរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដោយផ្តោតលើសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក និងការឆ្លើយតបដែលអាចកើតមានពីប៉េកាំង។

អតីតប្រធានាធិបតីអាមេរិក Donald Trump ជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅក្រៅកិច្ចប្រជុំកំពូលអន្តរជាតិនៅទីក្រុង Osaka ប្រទេសជប៉ុន ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2019។ Susan Walsh/AP

ក្រុមការងាររបស់លោក Trump រួមមានមន្ត្រីជាច្រើនដែលគេស្គាល់ថាមាន “ជំហរតឹងរ៉ឹងចំពោះចិន” ដែលគាំទ្រឱ្យមានជំហរប្រឈមមុខគ្នាលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងការទូត ជាមួយចិន។ មន្ត្រីសំខាន់ៗរួមមានទីប្រឹក្សាសន្តិសុខជាតិ Mike Waltz រដ្ឋមន្ត្រីការបរទេស Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ Pete Hegseth ដែលម្នាក់ៗត្រូវបានគេកត់សម្គាល់ថាមានទស្សនៈរិះគន់ចំពោះចិន។

លោក Trump បានជ្រើសរើសព្រឹទ្ធសមាជិក Marco Rubio ដែលជាអ្នករិះគន់ឈានមុខគេរបស់ប្រទេសចិននៅក្នុងសភាជារដ្ឋមន្ត្រីការបរទេសរបស់គាត់។ Aaron Schwartz / SIPPL Sipa សហរដ្ឋអាមេរិក / AP

មានរបាយការណ៍ថា ប៉េកាំងមានការត្រៀមខ្លួនកាន់តែប្រសើរក្នុងការដោះស្រាយជាមួយរចនាបថដឹកនាំបែបអាជីវកម្មរបស់លោក Trump និងក្រុមមន្ត្រីដែលមានមនោគមវិជ្ជាតឹងរ៉ឹងនៅពេលនេះ បើប្រៀបធៀបទៅនឹងអាណត្តិដំបូងរបស់លោក។

ចិនអាចនឹងព្យាយាមប្រើប្រាស់បណ្តាញទំនាក់ទំនងក្រៅផ្លូវការតាមរយៈបុគ្គលដែលមានចំណងមិត្តភាពជាមួយចិនក្នុងក្រុមរបស់លោក Trump ដូចជាលោក Elon Musk។ ខណៈដែលលោក Trump ផ្តោតលើការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយចិន មន្ត្រីដែលត្រូវបានតែងតាំងរបស់លោកផ្តោតខ្លាំងលើកង្វល់ផ្នែកយោធា និងសន្តិសុខ។

លោក Trump បានតែងតាំងតំណាងរាស្រ្ត Mike Waltz ជាទីប្រឹក្សាសន្តិសុខជាតិរបស់គាត់។ រូបថតរបស់ Leon Neal/Getty Images

ទោះជាយ៉ាងណា អ្នកវិភាគលើកឡើងថា វិធីសាស្ត្រទូទៅរបស់លោក Trump អាចនឹងធ្វើឱ្យគោលនយោបាយតឹងរ៉ឹងរបស់ពួកគេមានភាពទន់ភ្លន់ជាងមុន។

បញ្ហាប្រឈមសំខាន់ៗសម្រាប់ប៉េកាំងរួមមានពន្ធគយរបស់សហរដ្ឋអាមេរិក សក្តានុពលនៃការផ្តាច់ចេញពីគ្នា និងបញ្ហារសើបនានាដូចជាតៃវ៉ាន់។

លោក Rubio ដែលជាអ្នកគាំទ្រយ៉ាងមុតមាំដល់តៃវ៉ាន់ ធ្វើឱ្យទំនាក់ទំនងការទូតកាន់តែស្មុគស្មាញ ជាពិសេសដោយសារតែលោកត្រូវបានប៉េកាំងដាក់ទណ្ឌកម្ម។ ទោះបីជាមានទស្សនវិស័យដ៏លំបាកនេះក្តី អ្នកជំនាញជឿជាក់ថា លោក Trump នៅតែមានឆន្ទៈក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយចិន ឱ្យតែវាស្របទៅនឹងគោលដៅសេដ្ឋកិច្ច និងយុទ្ធសាស្ត្រទូលំទូលាយរបស់លោក៕

កម្មករ​ម្នាក់​សាងសង់​គ្រឿង​បរិក្ខារ​គីមី​នៅ​រោងចក្រ​ធុន​ធ្ងន់ Lanshi ក្នុង​ទីក្រុង Qingdao ប្រទេស​ចិន កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៤។ Costfoto/NurPhoto/Getty Images/File