ប្រែសម្រួលៈ តារា
លីសេស្ទ័រ ស៊ីធី បានប្រកាសកាលពីថ្ងៃសុក្រថា បានតែងតាំង រូដ វ៉ាន នីស្តេលរូយ ជាគ្រូបង្វឹកជំនួស ស្ទីវ គូពឺរ ដែលត្រូវបានបណ្តេញចេញ ដោយកុងត្រាមានរយៈពេលរហូតដល់ខែមិថុនា ឆ្នាំ២០២៧។
គូពឺរ បានចាកចេញខណៈក្លិបកំពុងស្ថិតនៅពីរពិន្ទុលើតំបន់កាត់ចោល ហើយក្លិបបានសម្រេចតែងតាំង វ៉ាន នីស្តេលរូយ យ៉ាងឆាប់រហ័ស ដែលធ្លាប់ជាជំនួយការគ្រូបង្វឹកនៅម៉ានចេស្ទ័រ យូណៃធីដ និងធ្លាប់ដឹកនាំក្រុមបណ្តោះអាសន្នក្រោយពេល អេរិក ធិន ហាក ត្រូវបានបណ្តេញចេញកាលពីខែមុន។
“ខ្ញុំមានមោទនភាព និងរំភើប។ មនុស្សគ្រប់គ្នាដែលខ្ញុំនិយាយជាមួយអំពីក្លិបលីសេស្ទ័រ ស៊ីធី សុទ្ធតែមានភាពរំភើប” លោក វ៉ាន នីស្តេលរូយ ជនជាតិហូឡង់បានថ្លែងក្នុងសេចក្តីប្រកាស។
“ពួកគេមានរឿងរ៉ាវល្អៗជាច្រើនអំពីគុណភាពនៃមនុស្សដែលធ្វើការនៅក្លិប អ្នកគាំទ្រ ហើយជាពិសេស ប្រវត្តិសាស្ត្រថ្មីៗរបស់ក្លិបគឺគួរឱ្យចាប់អារម្មណ៍។”
លីសេស្ទ័រ បានទទួលជោគជ័យយ៉ាងអស្ចារ្យក្នុងការឈ្នះពានក្របខណ្ឌបឋមនៅរដូវកាល ២០១៥-២០១៦ ប៉ុន្តែត្រូវធ្លាក់ទៅលីកទី២នៅឆ្នាំ២០២៣ មុនឡើងមកវិញក្រោមការដឹកនាំរបស់ អិនហ្សូ ម៉ារេសកា ដែលក្រោយមកបានចាកចេញទៅចូលរួមជាមួយចេលស៊ី។ អតីតគ្រូបង្វឹកណតធីងហាម ហ្វរេស្ទ គូពឺរ ត្រូវបានតែងតាំងក្នុងខែមិថុនា។
លីសេស្ទ័រ បានបណ្តេញ គូពឺរ យ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានដឹកនាំក្រុមបាន ១៥៧ ថ្ងៃ ក្រោយពីចាញ់នៅផ្ទះក្រុមចេលស៊ី ២-១ ដែលធ្វើឱ្យពួកគេស្ថិតនៅលេខ១៦ ដោយមាន១០ពិន្ទុ គ្រាន់តែលើតំបន់កាត់ចោលបន្តិច។
ការប្រកាសនៅថ្ងៃសុក្រនេះ កើតឡើងពីរសប្តាហ៍ក្រោយពី វ៉ាន នីស្តេលរូយ ចាកចេញពីតួនាទីជាគ្រូបង្វឹកបណ្តោះអាសន្ននៅម៉ានចេស្ទ័រ យូណៃធីដ ដែលគាត់បានដឹកនាំក្រុមឈ្នះបីប្រកួត និងស្មើមួយប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។
អតីតខ្សែប្រយុទ្ធម៉ានចេស្ទ័រ យូណៃធីដ រូបនេះ ក៏ធ្លាប់លេងឱ្យក្លឹប PSV អៃន្ដហូវិន និងរេអាល់ ម៉ាឌ្រីដ ដោយស៊ុត៣៤៩គ្រាប់នៅកម្រិតក្លិប និង៣៥គ្រាប់ក្នុង៧០ប្រកួតជាមួយក្រុមជម្រើសជាតិហូឡង់។
ក្នុងនាមជាគ្រូបង្វឹក វ៉ាន នីស្តេលរូយ ធ្លាប់ដឹកនាំក្រុម PSV នៅរដូវកាល២០២២-២៣ ដែលគាត់បានឈ្នះពានរង្វាន់ Dutch Cup មុនចូលរួមជាមួយក្រុមការងាររបស់ ធិន ហាក ជាជំនួយការគ្រូបង្វឹកក្នុងខែកក្កដា។
លីសេស្ទ័រ នឹងត្រូវធ្វើដំណើរទៅជួបក្រុម ប្រិនហ្វត នៅថ្ងៃសៅរ៍ ដោយមានគ្រូបង្វឹកបណ្តោះអាសន្ន បិន ដសុន ដឹកនាំក្រុម មុនពេល វ៉ាន នីស្តេលរូយ ចាប់ផ្តើមការងាររបស់គាត់នៅពេលទទួលក្រុម វេស្ទហាំ យូណៃធីដ នៅថ្ងៃអង្គារ៕
ប្រភព៖ Reuters