ប្រែសម្រួល៖ រតនា
ក្រុងសេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អាន់ដ្រេ បេឡូសុវ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដែលត្រូវបានដាច់ចេញពីពិភពលោក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងកាលពីថ្ងៃសៅរ៍ (ថ្ងៃទី៣០ ខែវិច្ឆិកា)។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរថា បានបញ្ជូនទាហានជាង១ម៉ឺននាក់ទៅជួយរុស្ស៊ីប្រយុទ្ធនៅអ៊ុយក្រែន ដោយអ្នកជំនាញបាននិយាយថា លោក គីម មានបំណងទទួលបានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ប្រយុទ្ធសម្រាប់កងទ័ពរបស់លោកជាថ្នូរ។
លោក គីម ដែលបានជួបជាមួយលោក បេឡូសុវ កាលពីថ្ងៃសុក្រ បានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តថ្មីៗរបស់មហាអំណាចលោកខាងលិចដែលអនុញ្ញាតឱ្យក្រុងគីវប្រើប្រាស់អាវុធរបស់ខ្លួនវាយប្រហារក្នុងទឹកដីរុស្ស៊ី ដោយនិយាយថា វាជា “ការអន្តរាគមន៍យោធាដោយផ្ទាល់នៅក្នុងជម្លោះ” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA។
“វាជាការអនុវត្តសិទ្ធិការពារខ្លួនសម្រាប់រុស្ស៊ីក្នុងការចាត់វិធានការដាច់ខាតដើម្បីធ្វើឱ្យកម្លាំងសត្រូវទទួលខុសត្រូវ” នេះជាការដកស្រង់សម្ដីរបស់លោក គីម។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងលោក គីម បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមិថុនា ដែលកាតព្វកិច្ចរបស់រដ្ឋទាំងពីរត្រូវផ្តល់ជំនួយយោធា “ដោយមិនមានការពន្យារពេល” ក្នុងករណីមានការវាយប្រហារទៅលើភាគីម្ខាងទៀត និងរួមគ្នាប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ដំណើរទស្សនកិច្ចរបស់លោក បេឡូសុវ “នឹងរួមចំណែកយ៉ាងធំក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសទាំងពីរ និង…ការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពទៅវិញទៅមក និងការអភិវឌ្ឍទំនាក់ទំនងរវាងកងទ័ពទាំងពីរ”។
លោក បេឡូសុវ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានសម្តែងការដឹងគុណចំពោះចំណងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងបានសរសើរដល់ “គោលនយោបាយការបរទេសឯករាជ្យដាច់ខាត” របស់កូរ៉េខាងជើង។
អ្នកវិភាគបានលើកឡើងថា ព្យុងយ៉ាងអាចកំពុងប្រើប្រាស់អ៊ុយក្រែនជាមធ្យោបាយដើម្បីរៀបចំគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញ។
តាមរយៈការបញ្ជូនទាហាន កូរ៉េខាងជើងកំពុងដាក់ខ្លួនឯងនៅក្នុងសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ីជាអ្នកផ្គត់ផ្គង់អាវុធ ការគាំទ្រយោធា និងកម្លាំងពលកម្ម ដែលអាចនឹងក្លាយជាការងាកពីសម្ព័ន្ធមិត្តប្រពៃណី ប្រទេសជិតខាង និងដៃគូពាណិជ្ជកម្មចម្បង គឺប្រទេសចិន នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។
រុស្ស៊ីក៏ផ្តល់លទ្ធភាពទទួលបានធនធានធម្មជាតិដ៏ធំធេង ដូចជាប្រេង និងឧស្ម័នផងដែរ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។
លោក ហុង មីន ជាអ្នកវិភាគជាន់ខ្ពស់នៃវិទ្យាស្ថានរួបរួមជាតិកូរ៉េ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក បេឡូសុវ មានលទ្ធភាពជួយរៀបចំកិច្ចព្រមព្រៀងបែបនេះ ដោយហៅលោកថាជា “អ្នកជំនាញផ្នែកសេដ្ឋកិច្ចដែលគ្មានប្រវត្តិយោធា”។
ក្នុងនាមជាមេដឹកនាំការពារជាតិរុស្ស៊ី លោកមានជំនាញក្នុង “យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការធានាអាវុធ និងការផ្គត់ផ្គង់យោធា ការគេចវេះពីទណ្ឌកម្ម និងការត្រួតពិនិត្យការកសាងឡើងវិញក្រោយសង្រ្គាម” នេះបើតាមការលើកឡើងរបស់លោក ហុង។
- ការគាំទ្រដែលមិនអាចប្រែប្រួល
រុស្ស៊ី និងកូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនចាប់តាំងពីការឈ្លានពានអ៊ុយក្រែនរបស់ទីក្រុងម៉ូស្គូកាលពីខែកុម្ភៈ ឆ្នាំ២០២២។
ប្រទេសទាំងពីរស្ថិតក្រោមទណ្ឌកម្មជាច្រើនរបស់អង្គការសហប្រជាជាតិ – កូរ៉េខាងជើងដោយសារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងរុស្ស៊ីដោយសារជម្លោះនៅអ៊ុយក្រែន។
ចាប់តាំងពីជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមខែនេះ រដ្ឋបាលលោក ចូ បៃដិន បានបង្កើនការគាំទ្ររបស់ខ្លួនដល់ក្រុងគីវ ដោយផ្ទេរអាវុធកាន់តែច្រើន និងផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលចម្ងាយឆ្ងាយទៅលើទឹកដីរុស្ស៊ី។
លោក គីម បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាល កងទ័ព និងប្រជាជនរបស់លោកនឹង “គាំទ្រដោយមិនប្រែប្រួលចំពោះគោលនយោបាយរបស់សហព័ន្ធរុស្ស៊ីក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន”។
កាលពីដើមខែនេះ ព្យុងយ៉ាងបាននិយាយថា ខ្លួនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់ជាមួយរុស្ស៊ី បន្ទាប់ពីសមាជិកសភានៅក្រុងម៉ូស្គូបានបោះឆ្នោតគាំទ្រទាំងស្រុងចំពោះកិច្ចព្រមព្រៀងនេះ ដែលក្រោយមកលោក ពូទីន បានចុះហត្ថលេខា។
រដ្ឋាភិបាលកូរ៉េខាងត្បូង និងអ៊ុយក្រែនបានថ្លែងនៅថ្ងៃពុធថា ពួកគេនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីឆ្លើយតបទៅនឹង “ការគំរាមកំហែង” ដែលបណ្តាលមកពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ប៉ុន្តែមិនមានការលើកឡើងអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធនោះទេ។
លោកប្រធានាធិបតី យុន សុកយុល បានថ្លែងនៅដើមខែនេះថា ក្រុងសេអ៊ូល “មិនបដិសេធលទ្ធភាពនៃការផ្តល់អាវុធ” ដល់អ៊ុយក្រែនឡើយ ដែលនេះអាចជាការផ្លាស់ប្តូរដ៏សំខាន់មួយពីគោលនយោបាយរយៈពេលវែងរបស់ខ្លួន ដែលហាមឃាត់ការលក់អាវុធទៅកាន់ប្រទេសដែលកំពុងស្ថិតក្នុងជម្លោះសកម្ម៕
ប្រភព៖ AFP/gs