ពន្ធដារ

តើការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់ ត្រូវមានកាតព្វកិច្ចបង់ពន្ធអាករយ៉ាងដូចម្តេច?

កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ បានលើកយកប្រធានបទថ្មីមួយទៀតមកធ្វើបទបង្ហាញនិងពិភាក្សានោះគឺ “កាតព្វកិច្ចបង់ពន្ធអាករចំពោះ ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ដោយមានការចូលរួមពីវាគ្មិនចំនួនពីររូប រួមមាន លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ម៉ឹង សុខឡៅ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ។

ក្នុងរយៈកន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក បាននិងកំពុងពង្រីកទីផ្សារ ដោយប្រើយុទ្ធសាស្ត្រជំរុញការលក់ក្រោមរូបភាពជាការផ្គត់ផ្គង់ទំនិញ ដោយមានថែមទំនិញរបស់សហគ្រាសឬទំនិញដទៃ ឬផ្តល់ជារង្វាន់ តាមរយៈក្រវិលកំប៉ុង តម្របដប ឬវិធីផ្សេងទៀត ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួន។ ដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្ត កាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំលេខ ០២៥ សហវ.ស.ណ.ន ស្តីពី កាតព្វកិច្ចបង់ពន្ធអាករចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែបទំនិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញ ក្នុងស្រុក ក្នុងគោលបំណងណែនាំដល់សហគ្រាសអំពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់ផ្សេងៗ។ យោងតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ការផ្គត់ផ្គង់ត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗគឺ៖
១. ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញជាស្តុកសម្រាប់លក់ ត្រូវចាត់ទុកជាការផ្គត់ផ្គង់ជាប់អាករ ដូចខាងក្រោម៖
ក. សហគ្រាសផលិតទំនិញជាប់អាករពិសេស និង/ឬអាករសម្រាប់បំភ្លឺសាធារណៈ “ត្រូវជាប់អាករពិសេស និង/ឬអាករសម្រាប់បំភ្លឺសាធារណៈ (តម្លៃផ្គត់ផ្គង់លើទីផ្សារ)
– ត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ ក្នុងករណីថែមទំនិញ ឬផ្តល់រង្វាន់នូវទំនិញជាប់អាករសម្រាប់

បំភ្លឺសាធារណៈ ដែលសហគ្រាសបាននាំចូលដោយផ្ទាល់ (តម្លៃផ្គត់ផ្គង់លើទីផ្សារ)
– ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល (ថ្លៃដើមនៃទំនិញជាប់អាករ)
– ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។
ខ. សហគ្រាសនាំចូលទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ (តម្លៃផ្គត់ផ្គង់លើទីផ្សារ)
– ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល (ថ្លៃដើមនៃការនាំចូលទំនិញ)
– ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។
គ . សហគ្រាសផ្គត់ផ្គង់ទំនិញដែលមិនជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ
– ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល (ថ្លៃដើមនៃការនាំចូលទំនិញ)
– ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។
២. ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញមិនមែនជាស្តុកសម្រាប់លក់ឬរង្វាន់ផ្សេងៗក្រៅពីទំនិញសហគ្រាសត្រូវអនុវត្ត៖
– មិនត្រូវចាត់ទុកជាការផ្គត់ផ្គង់ដែលជាកម្មវត្ថុនៃអាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូលឡើយ
– អាករលើតម្លៃបន្ថែមដែលសហគ្រាសបានបង់លើការទិញទំនិញយកមកប្រើប្រាស់សម្រាប់ការលក់ដោយមានថែមទំនិញ ឬផ្តល់រង្វាន់ មិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលឡើយ ប៉ុន្តែត្រូវបានអនុញ្ញាតជាចំណាយកាត់កងបានសម្រាប់គោលដៅ ពន្ធលើប្រាក់ចំណូល៕
ប្រភព៖ ព្រឹត្តិបត្រព័ត៌មានពន្ធដារ