អន្តរជាតិ

តើដីកាចាប់ខ្លួនរបស់តុលាការ ICC ទៅលើមេដឹកនាំយោធាមីយ៉ាន់ម៉ាមានន័យយ៉ាងដូចម្តេច?

ប្រែសម្រួល៖ រតនា
បាងកក៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ិង ឡាំង អាចនឹងត្រូវបានចេញដីកាចាប់ខ្លួនដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប៉ុន្មានឆ្នាំក្រោយពីលោកបានដឹកនាំយុទ្ធនាការប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
លោក មីន អ៊ិង ឡាំង គឺជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា នៅពេលដែលយោធាបានចាប់ផ្តើមការបង្ក្រាបនៅឆ្នាំ២០១៧ បន្ទាប់ពីមានការវាយប្រហារដោយក្រុមបះបោររ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ឃីន។

ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៧៥០.០០០នាក់ បានភៀសខ្លួនទៅប្រទេសបង់ក្លាដេស ដោយនាំមកជាមួយនូវរឿងរ៉ាវរន្ធត់អំពីការរំលោភ ការដុតបំផ្លាញ និងការសម្លាប់។

លោក ការីម ខាន ព្រះរាជអាជ្ញានៃតុលាការ ICC បាននិយាយកាលពីថ្ងៃពុធ (ថ្ងៃទី២៧ ខែវិច្ឆិកា) ថា មានមូលដ្ឋានសមហេតុផលដើម្បីជឿជាក់ថា លោក មីន អ៊ិង ឡាំង “មានទំនួលខុសត្រូវព្រហ្មទណ្ឌចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃការបង្ក្រាប។

បន្ទាប់ពីការស្នើសុំរបស់លោក ខាន ទៅចៅក្រមឲ្យចេញដីកាចាប់ខ្លួនមេដឹកនាំយោធា AFP សូមពិនិត្យមើលករណីរបស់ ICC និងអ្វីដែលវាអាចមានន័យសម្រាប់មីយ៉ាន់ម៉ា។

• តើលោក មីន អ៊ិង ឡាំង ជានរណា?

លោក មីន អ៊ិង ឡាំង គឺជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធក្នុងអំឡុងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ិង សាន ស៊ូជី ដែលត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដែលលោកបានដឹកនាំ។

ការកាន់កាប់អំណាចដោយយោធាបាននាំមីយ៉ាន់ម៉ាចូលទៅក្នុងវិបត្តិ ហើយសង្គ្រាមស៊ីវិលបានផ្ទុះឡើងចាប់តាំងពីពេលនោះមក។

ចាប់តាំងពីរដ្ឋប្រហារមក មេដឹកនាំយោធាមីយ៉ាន់ម៉ាបានផ្តល់បទសម្ភាសន៍តែប៉ុន្មានដងប៉ុណ្ណោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយចិន និងរុស្ស៊ី។

លោកបង្ហាញខ្លួនជាទៀងទាត់នៅលើទំព័រមុខនៃកាសែតរដ្ឋមីយ៉ាន់ម៉ា ដោយត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ដំបូន្មានដល់កសិករឱ្យដាំដំណាំបន្ថែម និងចែកសាច់ប្រាក់ និងអាហារដល់ទាហានរងរបួស។

• ហេតុអ្វីបានជាពេលនេះ?

លោក ខាន បាននិយាយថា ការស្នើសុំរបស់លោកធ្វើឡើងបន្ទាប់ពី “ការផ្តោតសារជាថ្មី” លើការស៊ើបអង្កេតរបស់តុលាការ ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៩។

អ្នកវិភាគមួយចំនួនកត់សម្គាល់ថា ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃក្រោយពី ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនញ៉ាមីន ណេតាន់យ៉ាហ៊ូ រដ្ឋមន្ត្រីការពារជាតិចាស់របស់លោក និងមេបញ្ជាការយោធាហាម៉ាស់។
លោក ដេវីដ ម៉ាធៀសុន អ្នកវិភាគឯករាជ្យអំពីមីយ៉ាន់ម៉ាបាននិយាយថា “មានក្លិននៃភាពងាយស្រួលខាងនយោបាយក្នុងការសម្រេចចិត្តរបស់ព្រះរាជអាជ្ញា ដោយប្រើប្រាស់ជនជាតិរ៉ូហ៊ីងយ៉ាដើម្បីបង្ហាញពីតុល្យភាព”។

ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែលជាសម្ព័ន្ធមិត្តរបស់យោធា ស្ថិតក្រោមដីកាចាប់ខ្លួនរបស់ ICC តាំងពីខែមីនា ឆ្នាំ២០២៣។

• តើលោក មីន អ៊ុង ឡាំង នឹងត្រូវចាប់ខ្លួនដែរឬទេ?

ប្រសិនបើដីកាចាប់ខ្លួនត្រូវបានចេញ សមាជិក ICC ទាំង១២៤ប្រទេស មានកាតព្វកិច្ចចាប់ខ្លួនមេដឹកនាំយោធា ប្រសិនបើលោកធ្វើដំណើរទៅប្រទេសរបស់ពួកគេ។

យោធាបាននិយាយថា “សេចក្តីថ្លែងការណ៍របស់ ICC មិនដែលត្រូវបានទទួលស្គាល់” ដោយប្រទេសមីយ៉ាន់ម៉ាដែលមិនមែនជាសមាជិកឡើយ។

លោកនាយឧត្តមសេនីយ៍បានទៅទស្សនាប្រទេសឥណ្ឌូនេស៊ីសម្រាប់កិច្ចប្រជុំកំពូលតំបន់មួយភ្លាមៗក្រោយរដ្ឋប្រហារ ប៉ុន្តែលោកកម្រធ្វើដំណើរទៅបរទេសណាស់នាពេលបច្ចុប្បន្ន។

ចាប់តាំងពីពេលនោះមក ការធ្វើដំណើរទៅបរទេសដែលត្រូវបានរាយការណ៍តែមួយគត់របស់លោកគឺទៅកាន់ប្រទេសចិន និងរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាអ្នកផ្គត់ផ្គង់អាវុធ – ដែលទាំងពីរមិនមែនជាសមាជិកតុលាការ ICC ។

ដីកាចាប់ខ្លួនរបស់តុលាការ ICC នៅរុស្ស៊ីអាចត្រូវបានគេមើលឃើញថាជាកិត្តិយសមួយ នេះបើយោងតាមលោក Richard Horsey នៃក្រុមវិបត្តិអន្តរជាតិ។”ជាមួយលោកពូទីនជាពិសេស វាអាចពង្រឹងមិត្តភាពរបស់ពួកគេ។”

• តើវានឹងមានន័យយ៉ាងណាសម្រាប់ប្រទេសមីយ៉ាន់ម៉ា?

អ្នកស្រី Senoara Khatun គ្រូបង្រៀននៅសាលាសហគមន៍ក្នុងជំរំជនភៀសខ្លួននៅបង់ក្លាដេសបាននិយាយថា “ជនជាតិរ៉ូហ៊ីងយ៉ាបានរង់ចាំរឿងនេះ។”

“ខ្ញុំសង្ឃឹមថាឧក្រិដ្ឋជនគ្រប់រូបនឹងត្រូវបាននាំមកកាត់ទោសដោយតុលាការ ICC ក្រោមច្បាប់។”
ខណៈដែលរដ្ឋាភិបាលយោធាកំពុងប្រឹងប្រែងបង្ក្រាបការប្រឆាំង ក្រុមសិទ្ធិមនុស្សបាននិយាយថា ពួកគេបានបំផ្លាញភូមិនានា អនុវត្តការសម្លាប់ក្រៅច្បាប់ និងបានប្រើប្រាស់យន្តហោះវាយប្រហារ និងកាំភ្លើងធំទម្លាក់គ្រាប់បែកទៅលើសហគមន៍ដែលសង្ស័យថាជាក្រុមប្រឆាំង។

លោក Horsey បាននិយាយថា ដីកាចាប់ខ្លួនណាមួយ “ស្ទើរតែប្រាកដថានឹងមិនផ្លាស់ប្តូរឥរិយាបថនៃកងកម្លាំងរបស់ពួកគេនៅលើដី។”

យោងតាមលោក Mathieson ការសម្រេចចិត្តបែបនេះអាចនឹងមានឥទ្ធិពលក្នុងការ “បង្កើនកិត្តិយសរបស់គាត់ក្នុងចំណោមអ្នកស្អប់ជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិនិយមសុទ្ធសាធ។”

លោកបានមានប្រសាសន៍ថា “វាក៏ជាការលួងលោមចិត្តត្រជាក់សម្រាប់តំបន់ផ្សេងទៀតនៃប្រទេសមីយ៉ាន់ម៉ា ដែលឧក្រិដ្ឋកម្មសាហាវព្រៃផ្សកំពុងត្រូវបានប្រព្រឹត្តជារៀងរាល់ថ្ងៃ ហើយនិទណ្ឌភាពនៅតែមាន៕”
ប្រភព៖ AFP/dy