ប្រែសម្រួល៖ ស្រីស្រស់
ក្រុងឡុងដ៍៖ លោក John Tinniswood ជាជនជាតិអង់គ្លេសដែលកើតនៅឆ្នាំដែលនាវា Titanic លិច និងបានរស់រានមានជីវិតក្នុងសង្គ្រាមពិភពលោកពីរលើក និងជំងឺរាតត្បាតសកលពីរលើក បានទទួលមរណភាពក្នុងវ័យ ១១២ឆ្នាំ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Guinness World Records កាលពីថ្ងៃអង្គារ (ថ្ងៃទី២៦ ខែវិច្ឆិកា) ប៉ុន្មានខែក្រោយពីទទួលស្គាល់គាត់ជាបុរសចាស់ជាងគេបំផុតនៅលើពិភពលោក។
លោក Tinniswood បានទទួលមរណភាពកាលពីថ្ងៃចន្ទនៅមណ្ឌលថែទាំមួយក្នុងក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស ដោយមានតន្ត្រី និងក្តីស្រឡាញ់នៅជុំវិញខ្លួន នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសាររបស់គាត់ប្រាប់ទៅ Guinness World Records។
ក្រុមគ្រួសាររបស់គាត់បានមានប្រសាសន៍ថា “លោក John មានគុណសម្បត្តិល្អជាច្រើន។ គាត់ជាមនុស្សឆ្លាតវៃ ម៉ឹងម៉ាត់ ក្លាហាន ស្ងប់ស្ងាត់ក្នុងគ្រប់វិបត្តិ មានទេពកោសល្យផ្នែកគណិតវិទ្យា និងជាអ្នកសន្ទនាដ៏ពូកែ”។
កើតនៅខែសីហា ឆ្នាំ១៩១២ នៅក្រុងលីវើភូល គាត់បានជួបភរិយារបស់គាត់ឈ្មោះ Blodwen នៅក្នុងពេលមួយ មុនពេលរៀបការជាមួយគ្នានៅឆ្នាំ១៩៤២ នៅក្នុងអំឡុងពេលកំពូលនៃសង្គ្រាមលោកលើកទី២ ដែលពេលនោះគាត់បម្រើការនៅក្នុងកងកម្លាំងបង់ប្រាក់រាជវាំង ដែលទទួលខុសត្រូវលើហិរញ្ញវត្ថុ និងការផ្គត់ផ្គង់អាហារ។
លោក Tinniswood ដែលនៅសល់កូនស្រីម្នាក់ ចៅបួននាក់ និងចៅទួតបីនាក់ ក្រោយមកបានធ្វើការជាគណនេយ្យករនៅក្នុងឧស្សាហកម្មប្រេង មុនពេលចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំ។ ភរិយារបស់គាត់បានទទួលមរណភាពនៅឆ្នាំ១៩៨៦។
ចាប់ពីអាយុ១០០ដល់១១០ឆ្នាំ គាត់បានទទួលកាតជូនពរថ្ងៃកំណើតរៀងរាល់ឆ្នាំពីព្រះមហាក្សត្រីយានី Elizabeth ដែលមានព្រះជន្មក្មេងជាងគាត់១៤ឆ្នាំ។ ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ២០២២។
ក្រៅពីការទទួលទានអាហារចំណូលចិត្តរបស់គាត់ (ត្រីនិងដំឡូងបំពងទឹកកក) រាល់ថ្ងៃសុក្រ លោក Tinniswood មិនបានអនុវត្តរបបអាហារពិសេសណាមួយឡើយ។
Guinness World Records បានឲ្យដឹងថា គាត់នៅតែរក្សាសកម្មភាពខួរក្បាល ដោយតាមដានព័ត៌មាន និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលអាចជាកត្តារួមចំណែកដល់អាយុវែងរបស់គាត់។
នៅពេល Guinness World Records ផ្តល់ងារជាបុរសចាស់ជាងគេបំផុតនៅលើពិភពលោកដល់គាត់នៅខែមេសាឆ្នាំនេះ លោក Tinniswood បាននិយាយថា មិនមានអាថ៌កំបាំងធំណាមួយចំពោះអាយុវែងរបស់គាត់ទេ ដោយគ្រាន់តែអះអាងថាវាគឺជា “សំណាងប៉ុណ្ណោះ”។
គាត់បាននិយាយថា “អ្នកអាចរស់នៅយូរ ឬរស់នៅខ្លី ហើយអ្នកមិនអាចធ្វើអ្វីបានច្រើនអំពីរឿងនេះទេ”៕
ប្រភព៖ Reuters/fs