អន្តរជាតិ

តុលាការម៉ាឡេស៊ីលុបចោលការចោទប្រកាន់ពាក់ព័ន្ធនឹងរឿង១MDB លើអតីតនាយករដ្ឋមន្ត្រីណាជីប និងមន្ត្រីរតនាគារ

ប្រែសម្រួល៖ រតនា

ក្រុងកូឡាឡាំពួ៖ តុលាការម៉ាឡេស៊ីកាលពីថ្ងៃពុធ (ថ្ងៃទី២៧ វិច្ឆិកា) បានយល់ព្រមលុបចោលការចោទប្រកាន់អំពើពុករលួយពាក់ព័ន្ធនឹងរឿងអាស្រូវ១MDB ដែលបានដាក់ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីណាជីប រ៉ាសាក់ ដែលកំពុងជាប់ពន្ធនាគារ និងអតីតប្រធានរតនាគារ តាមការបញ្ជាក់របស់មេធាវីរបស់ពួកគេ។

លោកណាជីប និងអតីតអគ្គលេខាធិការរតនាគារ អ៊ីរវ៉ាន់ សេរីហ្គា អាប់ឌុលឡា ត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៨ ពីបទរំលោភការទុកចិត្តក្នុងការគ្រប់គ្រងមូលនិធិរដ្ឋចំនួន៦.៦ពាន់លានរីងហ្គីត (១.៤៨ពាន់លានដុល្លារអាមេរិក) ដែលមន្ត្រីបានអះអាងថាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះស្រាយរវាង១MDB និងមូលនិធិរដ្ឋអាប៊ូដាប៊ី International Petroleum Investment Company។

ជនជាប់ចោទទាំងពីរបានបដិសេធការចោទប្រកាន់ជាប់លាប់។

តុលាការកំពូលក្រុងកូឡាឡាំពួរបានយល់ព្រមតាមសំណើរបស់ពួកគេសុំលុបចោលការចោទប្រកាន់ដោយមិនរាប់បញ្ចូលការលើកលែងទោស ដោយសារការពន្យារពេលនីតិវិធី និងការខកខានរបស់អយ្យការក្នុងការបង្ហាញឯកសារសំខាន់ៗ តាមការបញ្ជាក់របស់មេធាវីរបស់ពួកគេ។

មេធាវីរបស់លោកណាជីប គឺលោកមូហាំម៉ាត់ ហ្វាហាន់ មូហាំម៉ាត់ សាហ្វី បានមានប្រសាសន៍ក្នុងសារជាអក្សរថា “តុលាការបានអនុវត្តយុត្តាធិការរបស់ខ្លួនបានត្រឹមត្រូវក្នុងការលុបចោលការចោទប្រកាន់លើកូនក្តីរបស់យើង ស្របតាមច្បាប់”។

ការលុបចោលការចោទប្រកាន់ដោយមិនរាប់បញ្ចូលការលើកលែងទោស មានន័យថាអយ្យការនឹងមិនចោទប្រកាន់ជនជាប់ចោទពីបទល្មើសនេះជាបណ្តោះអាសន្នទេ ប៉ុន្តេអាចធ្វើដូច្នេះនាពេលអនាគត។

ចៅក្រមបានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់តុលាការមិន “ប៉ះពាល់” ដល់ភាគីអយ្យការទេ ដោយសារពួកគេអាចចោទប្រកាន់លោកណាជីប និងលោកអ៊ីរវ៉ាន់ម្តងទៀត។

លោកបានសម្រេចថា “សំណុំរឿងនេះត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០១៨ ប៉ុន្តែការជំនុំជម្រះមិនអាចបន្តទៅមុខបាន ទោះបីជាកាលបរិច្ឆេទជំនុំជម្រះត្រូវបានកំណត់ជាច្រើនដងក៏ដោយ។ នេះគឺជាការពន្យារពេលដែលមិនសមហេតុផល”។

លោកណាជីបបានស្វែងរកការផ្អាកដំណើរការរឿងក្តីនេះជាអចិន្ត្រៃយ៍ តាមការរាយការណ៍របស់កាសែត The Star។

ទោះយ៉ាងណា ចៅក្រមបានច្រានចោលសំណើនេះ ដោយសារមិនមានការដាក់ពាក្យស្នើសុំជាផ្លូវការពីមេធាវីនាំមុខរបស់អតីតនាយករដ្ឋមន្ត្រី។

លោកណាជីប ដែលបានជួយបង្កើត១MDB នៅពេលលោកជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៩ ត្រូវបានរកឃើញថាមានទោសពីបទពុករលួយ និងការសម្អាតប្រាក់ក្នុងករណីពាក់ព័ន្ធនឹងរឿងអាស្រូវនេះ និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំក្នុងឆ្នាំ២០២២ ទោះបីជាទោសនេះត្រូវបានកាត់បន្ថយពាក់កណ្តាលដោយក្រុមប្រឹក្សាលើកលែងទោសដែលដឹកនាំដោយព្រះមហាក្សត្រម៉ាឡេស៊ីក៏ដោយ។

កាលពីខែមុន លោកបានសុំទោសចំពោះតួនាទីរបស់លោកក្នុងការគ្រប់គ្រងរឿងអាស្រូវ១MDB មិនបានល្អ ទោះបីជាលោកនៅតែអះអាងថាលោកមិនបានដឹងអំពីការផ្ទេរប្រាក់ខុសច្បាប់ណាមួយពីមូលនិធិរដ្ឋនោះទេ។

លោកណាជីបក៏កំពុងព្យាយាមអនុវត្តទោសដែលនៅសល់ក្នុងការឃុំខ្លួនក្នុងផ្ទះ និងបានដាក់ពាក្យបណ្តឹងដើម្បីបង្ខំរដ្ឋាភិបាលឲ្យបញ្ជាក់អំពីអត្ថិភាពនៃបទបញ្ជារាជវាំងដែលលោកអះអាងថានឹងអនុញ្ញាតឲ្យលោកធ្វើដូច្នេះបាន។

រដ្ឋាភិបាលរបស់លោកអាន់វ៉ារបានប្រកាសកាលពីខែមុនថា នឹងដាក់ច្បាប់អនុញ្ញាតឲ្យមានការឃុំខ្លួនក្នុងផ្ទះសម្រាប់បទល្មើសមួយចំនួននៅឆ្នាំក្រោយ ទោះបីជាបានបដិសេធថាវាមិនមែនគោលដៅចំពោះលោកណាជីប ឬអ្នកនយោបាយផ្សេងទៀតដែលត្រូវបានចោទប្រកាន់ពីអំពើពុករលួយឲ្យចេញពីពន្ធនាគារទេ៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន/rl