ដោយ៖កំចាយ
កំពត÷ អាជ្ញាធរ និងគ្រប់ផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាំងពីករណីតូចតាចឡើងទៅទើបការរៀបចំពិធីបុណ្យសមុទ្រនាពេលខាងមុខសម្រេចជោគជ័យជាដុំកំភួន។ នេះជាការក្រើនរម្លឹករបស់អភិបាលខេត្តកំពតកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុគណៈកម្មការខេត្តសម្រាប់រៀបចំពិធីបុណ្យសមុទ្រលើកទី១១។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា មកដល់ពេលនេះ ការងារត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១១ របស់អនុគណៈកម្មការនីមួយៗបានសម្រេចស្ទើររួចរាល់ហើយ។ ឈរលើស្មារតីរួមសាមគ្គីរវាងអាជ្ញាធរ មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងវិស័យឯកជន នឹងធ្វើឲ្យពិធីបុណ្យសមុទ្រនៅខេត្តកំពតពោរពេញដោយភាពសប្បាយរីករាយ និងទាក់ទាញបំផុត។ លោកអភិបាលខេត្តបានណែនាំថា ដើម្បីជាគំរូ ទាំងលើផ្នែកទិដ្ឋភាព សោភ័ណភាព ខ្លឹមសារ វប្បធម៌ អរិយធម៌ ប្រពៃណីដ៏ផូរផង់របស់ជនជាតិខ្មែរ អាជ្ញាធរ និងមន្ត្រីក្នុងដែនជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះការងារតូចតាចមួយចំនួនបន្ថែមទៀត។ និយាយរួមគ្រប់ផ្នែកពាក់ព័ន្ធត្រូវគិតគូរឲ្យគ្រប់ជ្រុងជ្រោយទាំងករណីកំប៉ិកកំប៉ុកទើបមិនជះឥទ្ធិពលអាក្រក់ដល់រដ្ឋបាលខេត្ត។ លោក ម៉ៅ ធនិន បានក្រើនរម្លឹកថា បញ្ហាដែលមិនត្រូវមើលរំលង ដូចជា៖ ការដំឡើងថ្លៃបន្ទប់ស្នាក់ និងថ្លៃម្ហូបអាហារ ការបន្លំផលិតផល ឬផលិតផលគ្មានគុណភាព ទំនិញមិនគ្រប់ទម្ងន់ ឬខ្វះចំនួន ការយកថ្លៃសេវាបន្ទប់ទឹក ឬថ្លៃផ្ញើរថយន្តម៉ូតូច្រើនហួសប្រមាណជាដើម។ នេះជាកត្តាដែលត្រូវទប់ស្កាត់ឲ្យខាងតែបានទាំងមុនពេល អំឡុងពេល និងក្រោយពេលបញ្ចប់ពិធីបុណ្យសមុទ្រ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣នៅខេត្តកំពតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ចំណែកកម្មពិធីបើកជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី១៣ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕