សន្ដិសុខសង្គម

ជិះម៉ូតូឌុប​គ្នា​ទាក់ដៃចង្កូត​ដួលខ្ទាត​​ចូលក្រោមកង់រថយន្តកុងតឺន័រកិនស្លាប់ទាំងពីរនាក់

ដោយ៖សហការី

ភ្នំពេញ៖ក្មេងជំទង់២នាក់បានស្លាប់នៅ​នឹង​កន្លែងបន្ទាប់ពីជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់ទាំងអស់គ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ខែវិច្ចិកា ឆ្នាំ២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវវេងស្រេង ទល់​មុខ​​ផ្សារ​ត្រពាំង​ថ្លឹង​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

អ្នកស្លាប់​ទី​១ឈ្មោះ​ បាត់​ សំបូរ​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​ ធ្វើ​ការ​ងារ​រោងចក្រ​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ទ្រាបួន​ សង្កាត់​ស្ទឹងមានជ័យ​ មាន​ស្រុក​កំណើតនៅ​ស្រុង​បាភ្នំ​ខេត្ត​ព្រៃវែង​។

អ្នកស្លាប់ទី​២ឈ្មោះ​ ហ៊ឹម​ រតនា​ ភេទ​ប្រុស ​អាយុ​១៧ឆ្នាំ​  មាន​ស្រុក​កំណើត​នៅស្រុក​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ​។ ​

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ  ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខផ្សារត្រពាំងថ្លឹងស្រាប់តែបើកវ៉ាជែងទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្តាលឲ្យរេចង្កូតជ្រុលទៅខាងឆ្វេងដៃបុកកាងរថយន្តកុងតឺន័រពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ  ខេមរភូមិន្ទ 02 3-0674 បើកបរដោយបុរសម្នាក់ធ្វើដំណើរនៅផ្លូវម្ខាងទៀតក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនទាំងម៉ូតូកិនទាំងមនុស្សបណ្ដាលឲ្យ​ស្លាប់ទាំង២នាក់​នៅកន្លែងយ៉ាងអាណោចអាធ័មបំផុត។

បន្ទាប់ពីកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅថ្ងៃក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រពៃណី​នៅ​ឯស្រុក​កំណើត​រៀងៗ​ខ្លួន​៕