ព័ត៌មានជាតិ

ប្រជុំ​តាមដាន​ ត្រួតពិនិត្យ​និង​វាយតម្លៃ​កិច្ច​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​

ដោយ :  បន្ទាយ

បន្ទាយមានជ័យ ៖ យានយន្តគ្រប់ប្រភេទ​ ពិសេសខ្នាតធំបានដឹកលើសទម្ងន់​ វានឹងបំផ្លាញផ្លូវថ្នល់ដាច់ខ្ទេចគ្មានសល់​ នេះតម្រូវឲ្យមន្ត្រីជំនាញពាក់ព័ន្ធសហការទប់ស្កាត់ឱ្យខាងតែបាន។

នេះគឺជាប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យនិងវាយតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ កាលពីព្រឹកថ្ងៃទី២១​ វិច្ឆិកា នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ​  ក្រោមអធិបតីភាពលោក សេង ឈួន​ រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន​ និងជាប្រធានក្រុមត្រួតពិនិត្យ​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ ,លោក​ឈឿន​ ក្រៃយ៉ុង​ អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចអង្គភាពពាក់ព័ន្ធដូចជា  ទីចាត់ការអន្តរវិស័យសាលាខេត្ត,នគរបាលនគរបាលខេត្តជាដើម ។

លោក សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានអោយដឹងថា​ :  ១១ខែ​ឆ្នាំ២០២៤ កន្លងមក ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្ត​បានចុះអនុវត្តការងារនៅគោលដៅត្រួតពិនិត្យលក្ខណៈផ្លូវជាតិ២ខ្សែក្នុងចំណោម៤ខ្សែគឺលេខ៥​ លេខប៦​ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យសរុបចំនួន​៥.៩៣៨គ្រឿង​ ។ក្នុងនោះ ថយន្តលក្ខណៈត្រឹមត្រូវ ៥.៣៥៤គ្រឿង​ , ហួសសុពលភាពឆៀក​ ចំនួន​៦៤គ្រឿង​ ,គ្មានពាក់ស្លាកលេខចំនួន​២៣០គ្រឿង​, យានយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន​២គ្រឿង​ និងប័ណ្ណបើកបរខុសប្រភេទយានយន្តចំនួន​២៨០គ្រឿង។

នៅក្នុងកិច្ចប្រជុំនេះផងដែរអស់លោកលោកស្រី​ ដែលជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការលើកឡើងថា​:  ជារៀងរាល់ថ្ងៃ ក៏បានធ្វើការឃាត់រថយន្តមួយចំនួន​ ដែលមានការកែច្នៃខុសលក្ខណៈបច្ចេកទេស​ ដឹកលើសទម្ងន់ដូចជារថយន្តដឹកខ្សាច់​ រថយន្ត​កែច្នៃតទ្រុង​ ដឹកអង្កាមជាដើម។

ចំពោះបញ្ហាប្រឈមមួយចំនួនដែលមានការពិបាកនោះគឺយានយន្តធុនធំ​ រថយន្តតទ្រុងខុសបច្ចេកទេស​ ចរាចរណ៍ដឹកនៅពេលយប់​ ដើម្បីជាការលាក់បាំងដល់មន្ត្រីមានសមត្ថកិច្ចឬមន្ត្រីជំនាញ។

ដូចនេះមន្ត្រីស្នើសុំគោលការណ៍ដើម្បីធ្វើការទប់ស្កាត់និងមានវិធានការបង្ក្រាបជាបន្ទាន់ចំពោះយានយន្ត​ ដឹកលើសទម្ងន់និងរថយន្តទ្រុងខុសលក្ខណៈបច្ចេកទេស  ព្រោះថា​ស្ថានភាពទូទៅនៃចរាចរណ៍នៅកម្ពុជាបាននិងកំពុង ប្រែក្លាយជាបញ្ហាដ៏ធំ​ ចំពោះសុខសុវត្ថិភាពសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ លោក សេង ឈួន​ រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន​និងជាប្រធានក្រុមត្រួតពិនិត្យ​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ ដែលបានថ្លែងថា :  មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺមាន៣យ៉ាងគឺ​ កត្តាមនុស្ស​ កត្តាយានយន្ត​ និងកត្តាផ្លូវថ្នល់។តែអ្វីដែលសំខាន់ជាងនេះ នាបច្ចុប្បន្នគឺយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។

ហេតុនេះ សូមមន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ និងចូលរួមថែរក្សាផ្លូវថ្នល់ឲ្យបានប្រើប្រាស់បានយូរអង្វែង​ តម្រូវឲ្យមន្ត្រីទាំងឡាយដែលជាអ្នកពាក់ព័ន្ធ​ សូមចូលរួមទប់ស្កាត់បង្ក្រាបជាបន្ទាន់ចំពោះយានយន្តដឹកទំនិញលើសទម្ងន់​ ខុសលក្ខណៈបច្ចេកទេស មន្ត្រីអាចឃាត់​ ទប់ស្កាត់បានគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃ៕