ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកាឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែធ្នូ បន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។នេះបើតាមមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលបន្ទុកផែនការងារសេនាធិការ បានលើកឡើងនូវរបាយការណ៍បូកសរុបសភាពការណ៍ លទ្ធផលប្រតិបត្តិការ ដែលសម្រេចបានក្នុងខែកន្លងមក និងផ្សព្វផ្សាយលិខិតបទដ្ឋានគិតិយុត្តនានាដល់កងកម្លាំង។
ចំណែកលោកឧត្តមសេនីយត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់បានថ្លែងជំរុញដល់ការិយាល័យជំនាញនិងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុកត្រូវពង្រឹងការងារសណ្តាប់ធ្នាប់ និងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន សិស្សតាមគ្រឹះស្ថានសិក្សានិងអ្នកដំណើរឲ្យបានទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ឲ្យនៅកម្រិតទាបបំផុត។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងកោតសសើរដល់លោក លោកស្រី ថ្នាក់ដឹកនាំ និងកងកម្លាំង គ្រប់អង្គភាពចំណុះស្នងការដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ច រហូតទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជំរុញដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្តពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ, បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។បន្តស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ, ពង្រឹងការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធគ្រប់ប្រភេទ រួមទាំងឱសថក្លែងក្លាយ ៕