អន្តរជាតិ

រុស្ស៊ីសន្យាថានឹងឆ្លើយតបក្រោយពីអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចម្ងាយឆ្ងាយចូលក្នុងទឹកដីរបស់ខ្លួន

ប្រែសម្រួល៖រតនា

ក្រុងគីវ៖ រុស្ស៊ីបានព្រមានកាលពីថ្ងៃអង្គារ (ថ្ងៃទី១៩ ខែវិច្ឆិកា) ថាខ្លួននឹងឆ្លើយតប បន្ទាប់ពីអ៊ុយក្រែនបានបាញ់មីស៊ីលអាមេរិកចម្ងាយឆ្ងាយទៅលើទឹកដីរបស់ខ្លួនជាលើកដំបូង ខណៈប្រធានាធិបតី Vladimir Putin បានចេញការគំរាមកំហែងនុយក្លេអ៊ែរ បន្ទាប់ពីសង្គ្រាមបានឈានចូលថ្ងៃទី១០០០។

មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់ AFP ថា ការវាយប្រហារទៅលើតំបន់ Bryansk របស់រុស្ស៊ីកាលពីព្រឹកថ្ងៃអង្គារ «ត្រូវបានអនុវត្តដោយមីស៊ីល ATACMS» ដែលសំដៅទៅលើប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ពដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។

និយាយក្រោយពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនបាន១០០០ថ្ងៃ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយថា ការវាយប្រហារនេះបង្ហាញថា ប្រទេសលោកខាងលិចចង់ “បង្កើនកម្រិត” នៃជម្លោះ។

Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រេស៊ីលថា «យើងនឹងចាត់ទុកនេះជាដំណាក់កាលថ្មីនៃសង្គ្រាមរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី។ ហើយយើងនឹងឆ្លើយតបទៅតាមនោះ។»

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃអង្គារ ដែលបន្ទាបកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាចលនាមួយដែលសេតវិមាន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានថ្កោលទោសថាជា «អំពើខុសត្រូវ»។

Putin បានប្រើប្រាស់សម្ដីគំរាមកំហែងនុយក្លេអ៊ែរពេញមួយជម្លោះ ប៉ុន្តែបានកាន់តែក្តៅគគុកឡើងចាប់តាំងពីឆ្នាំមុន ដោយដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងកាត់បន្ថយអាវុធសំខាន់ៗជាមួយសហរដ្ឋអាមេរិក។

មេដឹកនាំអ៊ុយក្រែន Volodymyr Zelenskyy បានចោទប្រកាន់មេដឹកនាំ G20 នៅក្នុងកិច្ចប្រជុំកំពូលនៅប្រេស៊ីលថា បានបរាជ័យក្នុងការចាត់វិធានការទាក់ទងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់ Putin ដោយនិយាយថា មេដឹកនាំរុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកសន្តិភាពឡើយ។

ការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់ Sumy ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃចន្ទ បានបំផ្លាញអគារលំនៅដ្ឋានសម័យសូវៀត និងបានសម្លាប់មនុស្សយ៉ាងតិច១២នាក់ រួមទាំងកុមារម្នាក់ផង បើតាមមន្ត្រីបាននិយាយ។

  • ការគំរាមកំហែងដោយប្រើនុយក្លេអ៊ែរ

វ៉ាស៊ីនតោនបាននិយាយនៅសប្តាហ៍នេះថា ខ្លួនបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ ATACMS ប្រឆាំងនឹងគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី – ដែលជាសំណើរបស់អ៊ុយក្រែនយូរមកហើយ។

រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីលប្រឆាំងនឹងកន្លែងមួយនៅក្នុងតំបន់ Bryansk នៅជិតព្រំដែនកាលពីយប់មិញ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា “នៅម៉ោង ៣:២៥នាទីព្រឹក សត្រូវបានវាយប្រហារទីតាំងមួយនៅក្នុងតំបន់ Bryansk ដោយមីស៊ីលបាលីស្ទិកចំនួន៦គ្រាប់។ យោងតាមទិន្នន័យដែលបានបញ្ជាក់ មីស៊ីលយុទ្ធសាស្ត្រ ATACMS ផលិតនៅសហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់។”

Lavrov បាននិយាយថា មីស៊ីលដែលមានចម្ងាយ៣០០គីឡូម៉ែត្រមិនអាចបាញ់បានដោយគ្មានជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិកទេ។

ទីក្រុងមូស្គូបាននិយាយថា ការប្រើប្រាស់អាវុធរបស់លោកខាងលិចប្រឆាំងនឹងដែនដីរបស់ខ្លួនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ។

ការបញ្ជាក់អំពីការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយដែលអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋមិនមែននុយក្លេអ៊ែរដូចជាអ៊ុយក្រែន ប្រសិនបើពួកគេត្រូវបានគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ។

គោលការណ៍នុយក្លេអ៊ែរថ្មីក៏អនុញ្ញាតឱ្យទីក្រុងមូស្គូអាចបញ្ចេញការវាយប្រហារដោយនុយក្លេអ៊ែរក្នុងករណីមានការវាយប្រហារតាមផ្លូវអាកាសយ៉ាង “ធំធេង” ទោះបីជាវាជាការវាយប្រហារដោយអាវុធប្រពៃណីក៏ដោយ។

អ្នកនាំពាក្យក្រឹមឡាំង Dmitry Peskov បាននិយាយថា នេះគឺជា “ភាពចាំបាច់ក្នុងការធ្វើឱ្យគោលការណ៍របស់យើងស្របទៅនឹងស្ថានភាពបច្ចុប្បន្ន”។

  • “ការគំរាមកំហែងដោយផ្ទាល់” ដល់លោកខាងលិច

ថ្ងៃទី១០០០ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន – ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ – មកដល់ពេលគ្រោះថ្នាក់សម្រាប់កងកម្លាំងអ៊ុយក្រែននៅតាមបណ្តោយសមរភូមិ ជាពិសេសនៅជិតទីក្រុង Kupiansk និង Pokrovsk ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម។

រុស្ស៊ីក៏បានបង្កើនការវាយប្រហារលើទីក្រុងអ៊ុយក្រែនក្នុងពេលថ្មីៗនេះ ដោយវាយប្រហារលើមជ្ឈមណ្ឌលទីក្រុង និងអគារលំនៅដ្ឋាន ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់។

កងកម្លាំងអ៊ុយក្រែនបានបាត់បង់ដីជាបន្តបន្ទាប់នៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលពួកគេបានកាន់កាប់កាលពីខែសីហា ហើយបានព្រមានថា រុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ ៥០.០០០ នាក់ រួមទាំងកងកម្លាំងកូរ៉េខាងជើង ដើម្បីយកតំបន់នេះមកវិញ។

អធិការបតីអាល្លឺម៉ង់ Olaf Scholz បានប្រាប់ប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអង្គារថា ការចោទប្រកាន់ថាមានការដាក់ពង្រាយទាហានកូរ៉េខាងជើងដោយរុស្ស៊ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន អាចធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ។

ភាគីទាំងសងខាងបានដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនដើម្បីជួយកិច្ចខិតខំប្រឹងប្រែងសង្រ្គាម។

សមាជិកសភាអ៊ុយក្រែនបានបោះឆ្នោតអនុម័តថវិកាឆ្នាំ២០២៥ ដែលមានជាង៥០ពាន់លានដុល្លារអាមេរិក – ឬ៦០ភាគរយនៃការចំណាយសរុប – ត្រូវបានបម្រុងទុកសម្រាប់ការពារជាតិនិងសន្តិសុខ។

សភារុស្ស៊ីបានអនុម័តថវិកាកាលពីខែមុន ដែលនឹងឃើញការកើនឡើងនៃការចំណាយលើការការពារជិត៣០ភាគរយនៅឆ្នាំក្រោយ។

ប្រធាន NATO លោក Mark Rutte បានព្រមានកាលពីថ្ងៃអង្គារថា Putin មិនត្រូវបានអនុញ្ញាតឱ្យឈ្នះឡើយ។

“ហេតុអ្វីបានជាវាសំខាន់ណាស់ដែល Putin មិនអាចធ្វើតាមចិត្តបាន? ពីព្រោះអ្នកនឹងមានរុស្ស៊ីដែលក្លាហានលើព្រំដែនរបស់យើង… ហើយខ្ញុំជឿជាក់យ៉ាងពេញទំហឹងថា វានឹងមិនឈប់នៅត្រឹមនេះទេ” Rutte បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប្រុចសែល។

“វាគឺជាការគំរាមកំហែងដោយផ្ទាល់ដល់យើងទាំងអស់គ្នានៅលោកខាងលិច” គាត់បាននិយាយ។

អ្នកការទូតជាន់ខ្ពស់ចាកចេញរបស់សហភាពអឺរ៉ុប Josep Borrell ក៏បានជំរុញរដ្ឋសមាជិកឱ្យស្របទៅនឹងវ៉ាស៊ីនតោន ក្នុងការអនុញ្ញាតឱ្យក្រុងគីវ វាយប្រហារក្នុងប្រទេសរុស្ស៊ី ដោយប្រើមីស៊ីលចម្ងាយឆ្ងាយដែលបានផ្តល់ជូន។

“វាស្របទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ” គាត់បាននិយាយ៕

ប្រភព៖ AFP/ec/fs