ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូចំនួនពីរគ្រឿង និងរថយន្តមួយគ្រឿងបណ្តាលឱ្យក្មេងប្រុសវ័យជំទង់ម្នាក់ស្លាប់នៅនឹងកន្លែង ហើយបុរសម្នាក់ទៀតបានរបួសជាទម្ងន់ នៅកំណាត់ផ្លូវជាតិលេខ ៧២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក កាលពីម៉ោងប្រមាណ ១០យប់ថ្ងៃទី ១៩ វិច្ឆិកានេះ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមិនទាន់ទៅដល់ ភាគីខាងម៉ូតូម៉ាកCBR ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CL-0862 មានសាច់ញាតិមកដឹកជម្លៀសចេញបាត់ពីកន្លែងកើតហេតុ ខណៈគ្រោះថ្នាក់បង្កឱ្យមានអ្នកស្លាប់និងរបួស ដោយសារតែការបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ពីសំណាក់ម៉ូតូមួយគ្រឿងនេះ។
ប្រភពព័ត៌មាននោះបានបន្ថែមថា៖ ជនរងគ្រោះជាក្មេងប្រុសអាយុ ១៧ ឆ្នាំដែលបានស្លាប់នៅនឹងកន្លែងកើតហេតុឈ្មោះ អុល ឈិន មានទីលំនៅភូមិបើន ឃុំស្អាង ស្រុកដងទង់ ខេត្តកំពត ជាអ្នកបើកបរម៉ូតូម៉ាកហុងដា ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខឧត្តរមានជ័យ 1B-2273និងបុរសរួមដំណើររងរបួសធ្ងន់ឈ្មោះ សុ គា អាយុ ២៧ ឆ្នាំ មានទីលំនៅស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានបន្តថា៖ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច (Starex) ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ព្រះសីហនុ 2B-9501 បើកបរដោយឈ្មោះ លី យ៉ុងថាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (គ្មានរបួស)៕