ភ្នំពេញ៖ទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី៣បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨និងទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ្វាប្រ៊ីស អេជែន ទីប្រឹក្សាទី១នៃស្ថានទូតបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍នេះ។
ទិវានេះត្រូវបានរៀបចំឡើងដោយស្ថានទូតបារាំង ដោយរួមសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវបារាំងនានាដែលមានវត្តមាននៅកម្ពុជា រួមទាំងស្ថាប័នស្រាវជ្រាវកម្ពុជាផងដែរ ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍការស្រាវជ្រាវ និងមុខអាជីពផ្នែកវិទ្យាសាស្រ្តនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ទិវាស្រាវជ្រាវបានជួយជំរុញនិស្សិត និងគ្រូបង្រៀនកម្ពុជាឱ្យចាប់អារម្មណ៍លើការងារស្រាវជ្រាវ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ជំនួបពិភាក្សា និងការចងក្រង បណ្តាញក្នុងចំណោមតួអង្គមកពីពិភពផ្សេងៗ(រួមមាននិស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន និងក្រុមហ៊ុន)។ ទិវានេះក៏ជួយផ្សព្វផ្សាយផងដែរឱ្យសាធារណជនយល់ដឹងអំពីការស្រាវជ្រាវ ដែលធ្វើឡើងដោយស្ថាប័នបារាំងនៅកម្ពុជា ជាមួយដៃគូកម្ពុជា និងអន្តរជាតិ។ជាក់ស្តែង គម្រោងចំនួន៨ត្រូវបានផ្តួចផ្តើមឡើងចាប់តាំងពីឆ្នាំ២០២១ក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូ Hubert Curien ដែលមានគោលដៅពង្រឹងការផ្លាស់ប្តូរផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារវាងមន្ទីរពិសោធន៍ស្រាវជ្រាវនៃប្រទេសទំាងពីរ។
ម៉្យាងទៀត ព្រឹត្តិការណ៍នេះក៏ជាឱកាសនៃការសន្ទនា និងការផ្លាស់ប្តូរយោបល់គ្នាអំពីប្រធានបទនានា និងបញ្ហាប្រឈមក្នុងការស្រាវជ្រាវ ក៏ដូចជាការរួមចំណែករបស់ការស្រាវជ្រាវក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ប្រធានបទនៃការស្រាវ ជ្រាវ ពិតជាមានសារសំខាន់ជាក់ស្តែងសម្រាប់កម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គម ការស្រាវជ្រាវ មានគោលដៅតួយ៉ាងដូចជាសិក្សាអំពីទំនាក់ទំនងរវាងសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន (វិធីសាស្រ្ត«សុខភាពតែមួយ») សុខភាពប្រព័ន្ធអេកូឡូហ្ស៊ី និងកសិអេកូឡូហ្ស៊ី។
ប្រទេសបារំាងផ្តោតសំខាន់ទៅលើការអភិវឌ្ឍការស្រាវជ្រាវនៅកម្ពុជា ជាពិសេសតាមរយៈការគាំទ្រដល់គោលនយោបាយកម្ពុជា ក្នុងការដាក់ឱ្យដំណើរការការសិក្សាថ្នាក់បណ្ឌិតនៅតាមបណ្តាសាកលវិទ្យាល័យ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពត្រូវបានធ្វើឡើងជាមួយស្ថាប័នមួយចំនួន ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ បច្ចុប្បន្ន អ្នកស្រាវជ្រាវមកពីស្ថាប័នបារំាងជាច្រើនដែលមានភាពល្បីល្បាញលើឆាកអន្តរជាតិ កំពុងដឹកនាំគម្រោងស្រាវជ្រាវនានាជាមួយដៃគូកម្ពុជា។ សម្រាប់ឆ្នាំ២០២៤-២០២៥ និស្សិតអាហារូបករណ៍៥៥នាក់បានចេញទៅបន្តការសិក្សានៅប្រទេសបារាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ ក្រៅពីនេះ ក៏មាននិស្សិតអាហារូបករណ៍ Excellence Eiffel ចំនួន២០នាក់ និងជ័យលាភីអាហារូបករណ៍ ANRS-MIE ៣នាក់ទៀតក្នុងវិស័យសុខាភិបាលផងដែរ។
ទិវាស្រាវជ្រាវខាងលើនេះក៏ជាឱកាសដើម្បីអបអរខួប៤០ឆ្នាំ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវក្សេត្រសាស្រ្ត សម្រាប់ការអភិ វឌ្ឍ(CIRAD) និងខួប៨០ឆ្នាំនៃវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ(IRD) ដែលជាស្ថាប័នបារាំងដ៏សកម្មនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តាមរយៈកិច្ចពិភាក្សា និងពិព័រណ៍រូបថតនៅវិទ្យាស្ថានបារាំងនៅកម្ពុជា មជ្ឈមណ្ឌល CIRAD មានបំណងផ្សព្វផ្សាយដល់មហាជនឱ្យបានយល់ដឹងពីការងារ រ បស់ខ្លួន ក៏ដូចជាការងារបស់ដៃគូ ដោយផ្តោតជាពិសេសលើប្រធានបទ «កសិអេកូឡូហ្ស៊ី និងសុខភាពតែមួយ ដើម្បីការពារ និងផ្គត់ផ្គង់អាហារដល់ពិភពលោកថ្ងៃស្អែក»។
ចំណែកវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD) បានរៀបចំកិច្ចពិភាក្សា ការស្វែងយល់ និងការបង្ហាញអំពីការស្រាវជ្រាវលើប្រធានបទធំៗនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្តអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព។ តាមរយៈការស្រាវជ្រាវដោយមានកិច្ចសហការ និងគម្រោងសន្ទនារវាងវិទ្យាសាស្រ្ត និងសង្គម គំនិតផ្តួចផ្តើមទាំងអស់នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពសម្បូរបែបនៃភាពជាដៃគូអន្តរជាតិ ដែលវិទ្យាស្ថាន IRD បានបង្កើតឡើង និងពង្រឹងជាបន្តបន្ទាប់៕