សេដ្ឋកិច្ច

ខេត្តកំពង់ចាមគ្រោងនឹងស្នើសុំប្រទេសចិនជួយបង្កើតទីផ្សារទិញកសិផលផ្ទាល់ពីប្រជាកសិករ

ដោយ៖ គង់ហេង

កំពង់ចាម៖ ខេត្តកំពង់ចាម ប្រទេសកម្ពុជា គ្រោងនឹងស្នើសុំសាធារណរដ្ឋចិន ជួយបង្កើតទីផ្សារ ប្រមូលទិញកសិផលដោយផ្ទាល់ពីប្រជាកសិករ ហើយដឹកជញ្ជួនតាមផ្លូវទឹកទន្លេមេគង្គ និងតាមព្រែកជីកហ្វូណនតេជោ ចូលដល់សមុទ្រប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិនតែម្តង ពោលគឺមិនបាច់ឆ្លងកាត់ប្រទេសទី២ទៀតទេ។

នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅវត្តមានចូលរួមពីឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងជំនួបពិភាក្សាពីលទ្ធភាពរបស់សភាពាណិជ្ជកម្មខេត្តកំពង់ចាមលើវិស័យស្រូវអង្ករ,ស្វាយចន្ទី និងកសិផលផ្សេងៗទៀត នៅសាលាខេត្តកំពង់ចាមកាលពីថ្ងៃទី ១៩ វិច្ឆិកាកន្លងទៅ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ អតីតកាល និងបច្ចុប្បន្នយើងធ្វើពាណិជ្ជកម្មនាំផលិតផលទៅក្រៅប្រទេសតាមរយៈប្រទេសជិតខាង ទើបទៅកាន់ប្រទេសចិន។ ប៉ុន្តែនៅពេលនេះយើងចាប់ផ្តើមរកទីផ្សារចាប់ដៃគូដោយផ្ទាល់ជាមួយប្រទេសចិនតែម្តង។ ដោយសារខេត្តកំពង់ចាមមានសក្តានុពល គឺមានកំពង់ផែទន្លេបិទបានដំណើរការហើយសព្វថ្ងៃ។ ដូច្នេះនៅពេលព្រែកជីកហ្វូណនតេជោស្ថាបនារួចរាល់ គឺការដឹកជញ្ជួនផ្លូវទឹកពីកំពង់ផែទន្លេបិទ នៃទន្លេមេគង្គទៅកាន់ព្រែកជីកហ្វូណនតេជោចូលដល់សមុទ្រប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិន គឺមិនឆ្លងកាត់ប្រទេសទី២ ទៀតទេ។

ឯកឧត្តមថ្លែងទៀតថា៖ កត្តានេះនឹងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើពាណិជ្ជកម្មដោយផ្ទាល់ជាមួយប្រទេសចិន គឺមិនប្រឈមខាតបង់ពាក់ព័ន្ធនឹងទីផ្សារ តម្លៃ ការផ្គត់ផ្គង់ជាដើម…។ មានន័យថាខាងដៃគូពាណិជ្ជកម្មរបស់ប្រទេសចិននឹងចុះមកប្រមូលទិញជាកសិផលដោយផ្ទាល់ពីកសិករ ជាទីផ្សារឃ្លាំងស្តុកទំនិញនៅខេត្តកំពង់ចាមតែម្តង។

ឯកឧត្តមបានបន្ថែមថា៖ ដើម្បីត្រៀមលក្ខណៈទីផ្សារដ៏ល្អមួយនេះ សូមឱ្យភាគីពាក់ព័ន្ធសិក្សាបន្ថែម និងច្បាស់លាស់លើបញ្ហា គុណភាព និងស្តង់ដារនៃការផលិតនូវកសិផល ដើម្បីធានាការផ្គត់ផ្គង់ ចៀសវាងមានបញ្ហាដឹកទៅហើយដឹកមកវិញ គឺជាការខាតបង់។ សិក្សាទៅលើការផលិតកសិផល ដោយដឹងឱ្យបានច្បាស់ នៅខេត្តកំពង់ចាម ពីបណ្តាស្រុកណាខ្លះផលិតបានកសិផលអ្វីខ្លះ? នៅក្នុងខែណា? ដើម្បីរៀបចំផែនការឱ្យបានជាក់លាក់ ក្នុងការកំណត់ទីផ្សារ ប្រយោជន៍ផ្គត់ផ្គង់តាមតម្រូវការអ្នកទទួលទិញ(ចិន) និងសិក្សាលើលទ្ធភាពយកកសិផល ពីខាងក្រៅក្នុងករណីរដ្ឋាភិបាលប្រទេសចិនឯកភាព ឱ្យចាំទទួលទិញនៅខេត្តយើង ក្នុងការដែលខេត្តផលិតគ្រប់តាមតម្រូវការភាគីអ្នកទិញ(ប្រទេសចិន) គឺត្រូវសិក្សារកដៃគូឱ្យហើយ ជាពិសេសបណ្តាខេត្តដទៃជាប់ជាមួយយើងខេត្តកំពង់ចាម។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់សភាពាណិជ្ជកម្មខេត្តកំពង់ចាម លទ្ធភាពដែលសភាពាណិជ្ជកម្មខេត្ត កំពុងធ្វើបច្ចុប្បន្នភាព លើវិស័យស្រូវអង្ករ និងស្វាយចន្ទី មានដូចជាៈ១-ស្រូវ អង្ករ សភាពាណិជ្ជកម្ម មានលទ្ធភាពប្រមូលទិញបានចំនួន ២០០.០០០តោន/ឆ្នាំ។ផលិតអង្ករបានចំនួន ១០.០០០ តោន/ខែ និង ១២០.០០០តោន/ឆ្នាំ និងស្វាយចន្ទី សភាពាណិជ្ជកម្ម មានលទ្ធភាពប្រមូលទិញបាន ចំនួន ១៥០.០០០ តោន/ឆ្នាំ។ ផលិត (លីងឆ្អិន បកសំបក) បានចំនួន ៤០ (សែសិប) តោន/ខែ ស្មើនឹង ៤៨០ តោន/ឆ្នាំ រួមនឹងទិន្នផលផ្សេងៗមួយចំនួនទៀត៕