សន្ដិសុខសង្គម

សត្វផ្សោតវ័យចំណាស់មួយក្បាលស្លា.ប់ក្នុងទន្លេមេគង្គស្រុកស្ទឹងត្រង់កាលពីសប្តាហ៍មុន

ដោយ៖ គង់ហេង

កំពង់ចាម៖ សត្វផ្សោតទន្លេមេគង្គ ដែលត្រូវបានចាត់ទុកជារតនសម្បត្តិធម្មជាតិមានជីវិត បានងាប់ដោយសារវ័យចំណាស់អាយុ ២៨ ឆ្នាំ ដែលមានលេខកូដសម្គាល់ ០៤៣ នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ កាលពីសប្តាហ៍កន្លងទៅ។

នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងផេកហ្វេសបុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពី ៥ថ្ងៃមុននេះ។ ដោយកាលពីថ្ងៃទី ១៣ វិច្ឆិកាកន្លងទៅ ការពិនិត្យរបស់ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF បង្ហាញថា ផ្សោតនេះមានលេខកូដសម្គាល់ ០៤៣ មានប្រភពពីតំបន់អន្លង់កាំពី ខេត្តក្រចេះ អាយុប្រមាណ ២៨ ឆ្នាំ ភេទញី ប្រវែង២,៣៥ម៉ែត្រ ទម្ងន់ ១១៥ គីឡូក្រាម គ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ ក្រុមការងារបានវះពិនិត្យក្រពះ ឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ។ ផ្អែកលើទិន្នន័យខាងលើ ក្រុមការងារបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យចាស់ជរា។

គួរកត់សម្គាល់ថា ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកូនផ្សោត ៩ក្បាល បានកើតថ្មី និងផ្សោត ៤ក្បាលបានស្លាប់។ តាមរយៈការធ្វើជំរឿនចុងក្រោយបង្អស់នាឆ្នាំ២០២៤នេះ កម្ពុជាមានសត្វផ្សោតប្រមាណ ១០៤ក្បាល កំពុងរស់ក្នុងអន្លង់តាមដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ជារតនសម្បត្តិធម្មជាតិមានជីវិត។ ចំពោះមុខ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF បន្តពង្រឹងកិច្ចការពារឱ្យបានម៉ឺងម៉ាត់ ដោយដាក់ឆ្មាំទន្លេយាមល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ក្នុងតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន មេត្តាសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍មងក្នុងអន្លង់ផ្សោតនិងឧបករណ៍ឆក់ត្រី តាមរយៈលេខទូរសព្ទផ្តល់ព័ត៌មាន៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣៕