ប្រែសម្រួល៖ សហការី
ហុងកុង៖ មនុស្សរាប់រយនាក់បានតម្រង់ជួរនៅថ្ងៃអង្គារ (ថ្ងៃទី១៩ ខែវិច្ឆិកា) នៅខាងក្រៅតុលាការហុងកុងមួយ មុនពេលការកាត់ទោសសកម្មជនចំនួន ៤៥នាក់ ក្នុងសវនាការសន្តិសុខជាតិដ៏សំខាន់មួយ ដែលបានធ្វើឱ្យខូចខាតដល់ចលនាប្រជាធិបតេយ្យដ៏រស់រវើករបស់ទីក្រុងនេះ និងទទួលបានការរិះគន់ជាអន្តរជាតិ។
សកម្មជនប្រជាធិបតេយ្យសរុបចំនួន ៤៧នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្នុងឆ្នាំ ២០២១ ពីបទរួមគំនិតក្បត់ក្រោមច្បាប់សន្តិសុខជាតិដែលដាក់ចេញដោយប៉េកាំង។ ការចោទប្រកាន់នេះទាក់ទងនឹងការរៀបចំ ការបោះឆ្នោតបឋម ក្រៅផ្លូវការក្នុងឆ្នាំ ២០២០ ដើម្បីជ្រើសរើសបេក្ខជនល្អបំផុតសម្រាប់ការបោះឆ្នោតអង្គនីតិបញ្ញត្តិនាពេលខាងមុខ។
សកម្មជនទាំងនោះត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ថាបានរៀបចំផែនការធ្វើឱ្យរដ្ឋាភិបាលស្ទះដំណើរការ ដោយចូលរួមក្នុងសកម្មភាពដែលអាចបង្កការរំខានប្រសិនបើពួកគេត្រូវបានជ្រើសរើស។
ប៉ូលិសបានបង្កើតរបងសន្តិសុខតឹងរ៉ឹងជាច្រើនប្លុកជុំវិញតុលាការ West Kowloon ខណៈដែលអ្នកគាំទ្ររាប់រយនាក់បានតម្រង់ជួរ ខណៈកាន់ឆត្រក្នុងភ្លៀងស្រាលៗ ដើម្បីព្យាយាមទទួលបានកន្លែងអង្គុយក្នុងបន្ទប់សវនាការចម្បង និងបន្ទប់សវនាការបន្ថែមជាច្រើនទៀត។
ខ្ញុំមានអារម្មណ៍ថាភាពអយុត្តិធម៌បែបនេះត្រូវការសាក្សី នេះជាសម្ដីរបស់លោកស្រី Margaret អាយុ ៥៩ឆ្នាំ ស្លៀកពាក់អាវភ្លៀងពណ៌ស និងម៉ាស់មុខពណ៌ខ្មៅ ដែលបានតម្រង់ជួរតាំងពីរសៀលថ្ងៃអាទិត្យម្ល៉េះ។ ខ្ញុំបានតាមដានករណីរបស់ពួកគេយូរមកហើយ។ ពួកគេ (សកម្មជន) ត្រូវដឹងថាពួកគេនៅតែមានការគាំទ្រពីសាធារណជន។
បន្ទាប់ពីការជំនុំជម្រះក្តីអស់រយៈពេល ១១៨ថ្ងៃ សកម្មជនចំនួន ១៤នាក់ត្រូវបានរកឃើញថាមានទោសកាលពីខែឧសភា រួមទាំងពលរដ្ឋអូស្ត្រាលី Gordon Ng និងសកម្មជន Owen Chow ខណៈដែលពីរនាក់ទៀតត្រូវបានដោះលែង។
អ្នកផ្សេងទៀតចំនួន ៣១នាក់បានសារភាព រួមទាំងសកម្មជននិស្សិត Joshua Wong និងមេគំនិត សាស្ត្រាចារ្យច្បាប់ Benny Tai។ ពួកគេអាចនឹងទទួលទោសជាប់ពន្ធនាគារពីប៉ុន្មានឆ្នាំរហូតដល់អស់មួយជីវិត ដោយចៅក្រមសន្តិសុខជាតិបីរូបដែលត្រូវបានជ្រើសរើស នៅពេលសវនាការចាប់ផ្តើមនៅ ព្រឹកព្រលឹម។
សហរដ្ឋអាមេរិកបានរិះគន់ការជំនុំជម្រះនេះថាជា ការជំរុញដោយនយោបាយ និងបាននិយាយថាសកម្មជនគួរតែត្រូវបានដោះលែង ដោយសារពួកគេបាន ចូលរួមក្នុងសកម្មភាពនយោបាយដោយសន្តិវិធី ដែលស្របច្បាប់។
រដ្ឋាភិបាលចិន និងហុងកុងនិយាយថា ច្បាប់សន្តិសុខជាតិមានភាពចាំបាច់ក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីការតវ៉ាយ៉ាងច្រើនក្នុងឆ្នាំ ២០១៩ ហើយសកម្មជនត្រូវបានគេចាត់ការស្របតាមច្បាប់ក្នុងស្រុក។អ្នកគាំទ្រមួយចំនួនរួមទាំង Raphael Wong ជាសមាជិកនៃសម្ព័ន្ធប្រជាធិបតេយ្យសង្គម – ដែលជាក្រុមប្រជាធិបតេយ្យមួយ – ត្រូវបានប៉ូលិសសាកសួរ និងឆែកឆេរកាបូបរបស់ពួកគេ។ យើងគ្មានផែនការតវ៉ាថ្ងៃនេះទេ ព្រោះយើងចង់ចូលទៅក្នុងសម្រាប់ការកាត់ទោស គាត់បានប្រាប់ Reuters៕
ប្រភព៖ Reutersfh