អន្តរជាតិ

អ្នកនាំពាក្យក្រុមហេសបូឡា ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

ប្រែសម្រួល៖ រតនា

អ្នកនាំពាក្យនៃក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah លោក Mohammed Afif ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Beirut កាលពីថ្ងៃអាទិត្យ។

ប្រភពសន្តិសុខលីបង់បានប្រាប់ Reuters ថាគាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកណ្តាលនៃរដ្ឋធានីនៃប្រទេសលីបង់។ CNN មិនទាន់បានបញ្ជាក់ពីព័ត៌មាននេះទេ ទោះបីជាការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ Hezbollah បាននិងកំពុងទទួលយកការរំលែកទុក្ខនៅក្នុងសញ្ញាដែលទំនងជាថា Afif ត្រូវបានសម្លាប់ក៏ដោយ។

ការវាយប្រហារនេះគ្រាន់តែជាការវាយប្រហារលើកទីបួនរបស់អ៊ីស្រាអែលនៅក្នុងដែនកំណត់ទីក្រុង Beirut ចាប់តាំងពីឆ្នាំ 2006 នៅពេលដែលជម្លោះប្រដាប់អាវុធរយៈពេល 34 ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានកើតមានឡើង។

ការវាយប្រហារកាលពីថ្ងៃអាទិត្យបានវាយប្រហារតំបន់ដែលត្រូវបានគេស្គាល់ថា Ras al-Nebaa នៅពាក់កណ្តាលថ្ងៃ ដោយមិនមានការព្រមានអំពីការជម្លៀសចេញនោះទេ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនមានការអត្ថាធិប្បាយលើការវាយប្រហារនេះទេ។

អស់រយៈពេលជាច្រើនឆ្នាំ Afif បានដឹកនាំទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៅ Hezbollah ។ បន្ទាប់ពីការធ្វើឃាតមេដឹកនាំ Hezbollah លោក Hassan Nasrallah នៅចុងខែកញ្ញា លោក Afif គឺជាមុខមាត់សាធារណៈដ៏លេចធ្លោរបស់គណបក្ស ដោយថ្លែងសុន្ទរកថាពីសន្និសីទសារព័ត៌មាន ចំពេលមានគំនរបាក់បែកនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលត្រូវបានវាយលុកដោយការវាយប្រហារចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកថ្មីលើ ថ្ងៃទី 1 ខែតុលា។

គោលដៅជាក់ស្តែងរបស់អ៊ីស្រាអែលទៅលើ Afif កើតឡើងចំពេលមានការកើនឡើងនៃការវាយលុករបស់ខ្លួននៅក្នុងប្រទេសលីបង់ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំងដើម្បីសម្រេចបានបទឈប់បាញ់រវាងក្រុម Hezbollah និងអ៊ីស្រាអែល។

បច្ចុប្បន្នក្រុមហេសបូឡាហ៍កំពុងពិនិត្យមើលសំណើរអាមេរិក-អ៊ីស្រាអែល ដែលដាក់ជូនរដ្ឋាភិបាលលីបង់នៅថ្ងៃព្រហស្បតិ៍ នេះបើយោងតាមប្រភព CNN ដែលស្គាល់ពីការចរចា។ វាមិនច្បាស់ទេថាតើការសម្លាប់ដែលត្រូវបានរាយការណ៍របស់ Afif នឹងប៉ះពាល់ដល់ការចរចាដែរឬទេនោះ៕