សេដ្ឋកិច្ច

នៅពាក់កណ្ដាលខែវិច្ឆិកានេះតម្លៃប្រេងសាំងឡើងថ្លៃ ៥០ រៀល/លីត្រ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ÷ នៅពាក់កណ្ដាលខែនេះ គិតចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រេងសាំងធម្មតាបានឡើងថ្លៃចំនួន ៥០ រៀល/លីត្រ ចំណែកឯប្រេងម៉ាស៊ូតឡើងថ្លៃចំនួន ១០០ រៀល/លីត្រ។

ដោយមានការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងត្រូវលក់ក្នុងតម្លៃ ៤.២១៤ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា gasoline  92 និង ៤.១១៤ រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត gasoline 50ppm។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងដែរថា អនុវត្តតាមគោលការណ៍ដែលបានដាក់ចុះ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នេះ បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ។

ដូចនេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺចុះមក ៣.៩៥០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា gasoline  92 និង ៣.៨៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត gasoline 50ppm៕