ព័ត៌មានជាតិ

រដ្ឋបាលក្រុង-ស្រុកទូទាំងខេត្តកំពតមានតម្រូវការគ្រូជាប់កិច្ចសន្យាជាង៣៦០នាក់

ដោយ៖ កំចាយ

កំពត÷ រដ្ឋបាលក្រុង-ស្រុកសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាដែលជាសេនាធិការរបស់ខ្លួន ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកដំណើរការប្រឡងជ្រើសរើសគ្រូជាប់កិច្ចសន្យាសម្រាប់ឆ្នាំសិក្សា២០២៤-២៥។

លោក ទូច សម្បត្តិ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតបានមានប្រសាសន៍ថា ឆ្នាំនេះ ក្រសួងអប់រំបានចេញគោលការណ៍ឱ្យគ្រប់រដ្ឋបាលក្រុង-ស្រុកជ្រើសរើសគ្រូជាប់កិច្ចសន្យាដើម្បីបំពេញតម្រូវការតាមសាលាបឋមសិក្សាក្នុងដែនដីរបស់ខ្លួន។ បេក្ខជនដែលអាចដាក់ពាក្យប្រឡងបានគឺមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអតីតគ្រូបង្រៀនដែលបានចូលនិវត្តន៍។ លោកអនុប្រធានមន្ទីរបានបន្តថា ក្នុងខេត្តកំពត ក្រសួងអប់រំតម្រូវឱ្យជ្រើសរើសគ្រូជាប់កិច្ចសន្យាសម្រាប់ឆ្នាំសិក្សា២០២៤-២៥ ចំនួន៣៦១នាក់ ខណ:ដែលបេក្ខជនមានរហូតដល់១.៩៣៤នាក់។ ដំណើរកាប្រឡងពេញមួយព្រឹកនេះគឺល្អប្រសើរដោយពុំមានបាតុភាពអវិជ្ជមានណាមួយកើតឡើងទេ។

លោក សៅ មឿន អភិបាលស្រុកឈូកបានបញ្ជាក់ថា ក្រសួងអប់រំបានតម្រូវឱ្យរដ្ឋបាលស្រុកជ្រើសរើសគ្រូជាប់កិច្ចសន្យា១០០នាក់ដើម្បីបញ្ជូនទៅសាលាបឋមសិក្សាចំនួន១២កន្លែង។ ជាមួយការប្រកាសជូនដំណឹងនេះ បេក្ខជនដែលបានដាក់ពាក្យ និងមកប្រឡងមាន៥២០នាក់។ លោកអភិបាលស្រុកបានបន្តថា អនុវត្តតាមលិខិតណែនាំលេខ១១៦៨ របស់ក្រសួង រដ្ឋបាលស្រុក សហការជាមួយការិយាល័យអប់រំបានបំពេញកិច្ចការយ៉ាងហ្មត់ចត់តាំងពីកិច្ចការពារមណ្ឌលប្រឡង ការត្រៀមក្រុមគ្រូពេទ្យរង់ចាំអន្តរាគមន៍ក្នុងករណីមានបញ្ហាសុខភាពចំពោះបេក្ខជន ឬមេប្រយោគ និងអនុរក្សជាដើម។ ដោយឡែក សម្រាប់វិញ្ញាសា ក្រុមការងារមានការប្រយ័ត្នប្រយែងបំផុតដោយបោះពុម្ពចេញភ្លាមៗនៅមុនម៉ោងចាប់ផ្តើមប្រឡងតែម្តង។ ធ្វើបែបនេះទើបរក្សាបាននូវគោលការណ៍”អ្នកចេះគឺជាប់”៕