សន្ដិសុខសង្គម

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យត្រួតពិនិត្យយុវជនយុវនារី២៤នាក់ដែលដើរលេងយប់

ភ្នំពេញ៖ យុវជនយុវនារីដើរលេងយប់ចំនួន២៤នាក់ត្រូវបានសមត្ថកិច្ចសួរនាំនិងឲ្យពួកគាត់បែកផ្លូវត្រឡប់ទៅផ្ទះវិញភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា៖ នៅមុនពេលឃាត់សួរនាំនិងឆែកឆេរ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះល្បាតនៅក្នុងមូលដ្ឋាន ដោយឃើញយុវជននិងយុវនារីជាច្រើនក្រុមបានឈរនៅម្តុំរបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កម្លាំងសមត្ថកិច្ចមើលទៅគួរឲ្យសង្ស័យពេក សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានជួយអន្តរាគមន៍ ដើម្បីឆែកឆេរពួកគាត់ ខ្លាចមានលាក់អាវុធ ឬមានកាំបិតនិងដាវជាដើម ។

សមត្ថកិច្ចនគរបាលបានបន្តទៀតថា ការឃាត់សួរនាំនិងឆែកឆេរ ដោយមានគ្នា ២៤នាក់(ស្រីចំនួន១២នាក់) ហើយពួកគាត់ខាងលើនោះមានអ្នកខ្លះជិះម៉ូតូនិងអ្នកខ្លះជិះម៉ូតូកង់បី តែក្រោយការឆែកឆេរពួកគាត់ខាងលើមិនមានអ្វីនោះឡើយ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានណែនាំពួកគាត់ ហើយបានឲ្យបំបែកផ្លូវគ្នាចេញពីកន្លែងកើតហេតុភ្លាមៗ ដេម្បីការពារសុវត្ថិភាពខ្លាចប្រើអំពើហិង្សានៅតាមទីសាធារណៈ៕

ដោយ៖សហការី